ល្បី​ត​ៗ​គ្នា​! ​ដើម​ពោធិ៍​ដែល​ធ្លាប់​ល្បី​ថា ​«មាន​ព្រាយ​ក្បាល​ប្រាំ​បី» ​ត្រូវ​បាន​រក្សា​ទុក​នៅ​ចំ​កណ្ដាល​ផ្លូវ​

ចន្ទ, ១៥ មិថុនា ២០២០

65

ខេត្តបាត់ដំបង ៖ ដើមពោធិ៍ ១ ដើម ដែលល្បីតគ្នាថា មានបារមី និងមានខ្មោច ព្រាយ បិសាច រស់នៅផងនោះ ត្រូវបានអាជ្ញាធរ​រក្សា​ទុក​ជា​រៀង​រហូត ​ដោយ​មិន​មាន​នរណាម្នាក់ទៅកាប់បំផ្លាញឡើយ សូម្បី​តែ​ខាង​អាជ្ញា​ធរ ​ឬក៏ខាងអង្គភាពជំនាញ ​ចុះ​សិក្សា​ដើម្បី​ចាក់​បេតុង​កសាង​ជា​ផ្លូវ​ក៏​ដោយ ​ក៏គេនៅតែរក្សាទុកដដែល ដោយមិនហ៊ានប៉ះពាល់ទាល់តែសោះ ​មាន​តែ​ការ​រៀប​ចំ​ជា​អាសនៈ ​និង​មាន​ដាក់​ព្រះ​ភូមិ ​ដើម្បីឱ្យ​ពលរដ្ឋ ប្រតិបត្តិ​ដោយ​ការ​​ដុត​ធូប ​ទាន ​និង​រៀប​ចំ​សែន​នូវ​ដង្វាយ​ផ្សេងៗ ​ទៅ​តាម​ជំនឿរៀងៗខ្លួន។ ដើមពោធិ៍នេះមាន​ទីតាំង​ស្ថិតនៅភូមិអូរតាគាំមួយ ​សង្កាត់ទួល​តាឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

លោក អ៊ុំ ប៉ន វឿត អាយុ ៨៥ ឆ្នាំ ដែលកាលពីសម័យដើម ធ្លាប់រស់នៅក្បែទីតាំងនេះបាននិយាយថា ​ទី​នេះ​គឺ​ស្ថិត​នៅ​ខាង​លិច​ក្រុង​បាត់​ដំបង​តែ​បន្តិច​ប៉ុណ្ណោះ ​ហើយ​កាលពីដើមគឺជាតំបន់ ដែល​ពោរ​ពេញ​ដោយ​ព្រៃ​រហោ​ស្ថាន ​​និង​មាន​តែ​ផ្លូវ​រទេះ​មួយ​ប៉ុណ្ណោះ ​ដោយ​​ពី​មុន​មាន​ដើម​ពោធិ៍​មួយ​ដើម​ផ្សេង​ទៀត ​ប៉ុន្តែក្រោយពេលដើមពោធិ៍នោះងាប់ ក៏ស្រាប់តែមានកូនពោធិ៍មួយបានដុះមកស្នង ​និង​ធំ​លូត​លាស់​រហូត​ដល់​សព្វ​ថ្ងៃ​។

លោកអ៊ុំបានបន្តថា កាលណោះគឺសំបូរខ្មោច ព្រាយ បិសាច ណាស់ ដោយលងខ្លាំងមែនទែន គឺពួកគេរស់នៅលើដើមពោធិផង ​និង​មាន​ទួល​មួយ​ក្បែរនោះ​ដែរ ​ក៏​​មាន​ដើម​ពង្រមួយ​ដើម​ជា​ទី​រស់​នៅ​របស់ពពួកខ្មោច ព្រាយ ​បិសាច ​ទាំង​នេះ​ដែរ។

ដោយសារតែលោកអ៊ុំ មិនចេះខ្លាច គឺមានថ្ងៃមួយ ពេលមេឃងងឹត ព្រមទាំងមានភ្លៀងធ្លាក់ស្រិចៗផងនោះ លោកអ៊ុំបានចេញទៅវ៉ៃកង្កែប ដូចសព្វមួយដង ជាចៃដន្យក៏បានប្រទះឃើញ កង្កែប ១ ក្បាល ប៉ុន្តែ​ពេល​ដែល​លោកអ៊ុំសំពងក្បាលវា ​សត្វ​កង្កែប​នោះ​កាន់​តែ​មាន​មាឌ​ធំ​ឡើង​ៗ ​ដែល​តម្រូវ​ឱ្យ​លោក​អ៊ុំ​ដើរ​គេច​ចេញ​ពី​សត្វ​កង្កែ​បនោះ ​ព្រោះដឹងថា ​ខ្មោច​កំពុ​ងតែ​លង​គាត់​ហើយ មិ​ន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​​ថែម​ទាំង​បាន​​ធ្វើ​រូប​​ជា​​ស្រី​ស្រាត​ចំ​តិតក្តិតដាក់គាត់ទៀត ដោយទំលាក់សក់វែងអន្លាយ ប៉ុន្តែលោកអ៊ុំបានទាញចំពាមកៅស៊ូ ​បាញ់​សំដៅ​ទើប​រូប​ភាព​នោះ​រលាយបាត់អស់ទៅវិញ ។

ដោយឡែកសម្រាប់ដើមពោធិ៍នេះ បើទោះបីជាចូលមកសម័យសម្តេចតេជោ នេះទៅហើយក្តី ក៏បារមីនៅតែមាន ​ហើយ​នៅ​ពេល​យប់​ស្ងាត់​កាល​ណា គាត់តែងតែឃើញភ្លើងព្រាយបណ្តើរកូន ហោះ​ចេញ​ទាំង​ហ្វូងៗ​ពី​ដើម​ពោធិ៍ ​ទៅទិសខាងជើង ​ដូច្នេះ​ហើយ​បាន​ជា​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​នេះ ​មិនហ៊ានកាប់បំផ្លាញដើមនេះឡើយ ព្រោះពពួកព្រាយក្បាលប្រាំបី ​ដែល​តែង​តែ​នាំ​កូន​ហោះ​ហើរ ​ក្នុង​ពេល​យប់​ស្ងាត់​នេះ ​បើ​យើង​មិន​ធ្វើអ្វីទៅលើគេទេ នោះគេក៏មិនធ្វើអ្វីមកប្រជាពលរដ្ឋវិញដែរ ​ដូច្នេះ​ហើយ​បាន​ជា​ពលរដ្ឋ​នាំ​គ្នា​ហ៊ុំ​ព័ទ្ធ​ដោយ​ស្បង់​ជីវរ ​និង​រៀប​ចំ​អាសនៈ​សម្រាប់ដុតធូបសុំសេចក្តីសុខគ្រប់ៗគ្នា ​រហូត​មាន​​ការ​​ស្ថាបនា​​ផ្លូវ​​ក៏​​គេ​​សុខ​ចិត្ត​​ទុក​​ដើម​​ពោធិ៍​​នេះ ​​ឱ្យ​នៅចំកណ្តាលដោយធ្វើផ្លូវព័ទ្ធជុំវិញ៕

ប្រភពអត្ថបទ៖ kampucheathmey​

ដោយ៖ សោ និយមរ័ត្ន

ព័ត៌មាន​ទាក់ទង​

Loading...