តើ​មូល​ហេតុ​អ្វី ​បាន​ជា​រន្ទះ​បាញ់​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​បាន​?​

សុក្រ, ១៩ មិថុនា ២០២០

94

ពេល​ភ្លៀង​តែ​មាន​ខ្យល់​កន្ត្រាក់ ផ្គរ ផ្លេកបន្ទោរ និង​រន្ទះ ហើយ​យើង​ឮ​តែ​ករណី​រន្ទះបាញ់​មនុស្ស​ស្លាប់។ តើ​មូល​ហេតុ​អី​បាន​ជា​រន្ទះបាញ់​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់? យើង​ត្រូវ​ការពារ​រន្ទះ​បាញ់​ដោយ​របៀប​ណា?

រូបភាពតំណាង

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មូលហេតុដែល​បណ្តាល​ឲ្យ​ស្លាប់​ពេល​ត្រូវ​រន្ទះបាញ់ គឺ​មក​ពី​គាំង​បេះដូង។ នៅ​ពេល​រន្ទះបាញ់​ចំ​មនុស្ស ចរន្ត​ទាំង​អស់​បាន​ឆ្លង​ទៅ​ដី ធ្វើ​ឲ្យ​សាច់ដុំ​បេះដូង​បញ្ឈប់​ចលនា ជន​រងគ្រោះ​ពុំ​អាច​ដក​ដង្ហើម​កើត ដោយសារ​សាច់ដុំ​លែង​មាន​ចលនា។ កាលណា​គ្មាន​ចលនា​ដង្ហើម គ្មាន​ខ្យល់​ចូល​សួត គ្មាន​អុកស៊ីសែន​ក្នុង​ឈាម សរីរាង្គ​ក្នុង​ខ្លួន​លែង​ដំណើរ​ការ ជាពិសេស​បេះដូង។ ក្រៅ​ពី​ធ្វើ​ឲ្យ​បេះដូង​លែង​ដំណើការ រន្ទះបាញ់​ក៏​អាច​បណ្តាល​ឲ្យ​ហើម ឬ​ដាច់​សរសៃ​ឈាម​ចូល​ក្បាល​ដែរ។

រូបភាពតំណាង

យើង​អាច​សង្គ្រោះ​ជន​រងគ្រោះ​បាន លុះ​ណា​តែ​កន្លែង​កើត​ហេតុ​មាន​សុវត្ថិភាព ហើយ​បើ​ស្ថានភាព​ជនរងគ្រោះ​ពុំ​មាន​ចលនា​ដង្ហើម គ្មាន​ជីពចរ គ្មាន​របួស​លើ​ឆ្អឹង​កង ការ​ធ្វើ​ចលនា​បេះដូង ដង្ហើម​ត្រូវ​ចាប់​ផ្តើម​ភ្លាមៗ រហូត​មាន​ក្រុម​សង្គ្រោះ​មក​ជួយ។

ចំពោះ​វិធី​ការពារ​រន្ទះ​បាញ់​វិញ រួមមាន៖
– ពេល​កំពុង​បើកបរ ត្រូវ​នៅ​ក្នុង​ឡាន និង​មិន​ត្រូវ​ប៉ះ​វត្ថុ​ចម្លង
– បើ​នៅ​ទីវាល​គ្មាន​ដើម​ឈើ​ត្រូវ​អង្គុយចុះ ឃ្លាត​ពី​គ្នា​ចម្ងាយ ៣០ម៉ែត្រ
– មិន​ត្រូវ​ជ្រក​ក្រោម​ដើម​ឈើ
– ត្រូវ​ស្ថិត​នៅ​ក្នុង​ផ្ទះ និង​ត្រូវបិទ ទូរស័ព្ទ ទូរទស្សន៍ និង​វិទ្យុ​ជាដើម៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...