មិនជឿកុំប្រមាថ! ឡើងភ្នំខ្នងផ្សារទាំងយប់ បុរសម្នាក់ស្រាប់តែជួបរឿងចំឡែក គួរឱ្យព្រឺសម្បុរ

អង្គារ, ០៧ កក្កដា ២០២០

1.8K

តំបន់ «ខ្នងផ្សា» ជាទិសដៅទេសចរណ៍ធម្មជាតិមួយ ដែលមានសម្រស់ស្រស់ស្អាតខ្លាំង ប្រៀបបានទៅនឹង​ឋានសួគ៌​នៅ​លើ​ភព​ផែនដី កំពុងតែទាក់ចិត្តភ្ញៀវទេសចរ ទៅលេងយ៉ាងច្រើនកុះករ។ តំបន់នេះមានទីតាំងស្ថិតនៅជួរភ្នំឱរ៉ាល់ នៅត្រង់​ចំណុចប្រសព្វ​នៃ​ខេត្ត​ទាំង៣ គឺកំពង់ស្ពឺ ពោធិ៍សាត់ និងកោះកុង។

រូបភាព៖ សម្បត្តិ ឧថៃ អ្នកជួបរឿងចំឡែកនៅលើភ្នំខ្នងផ្សារ

និយាយដល់ការធ្វើដំណើរទៅកាន់​ខ្នងផ្សារ គឺមានការលំបាកខ្លាំង ហើយត្រូវចំណាយពេលយូរ។ បើសិនជាដំណើរចេញទៅ​ពី​ភ្នំពេញ​មិនបានស្រូតរូតរះទេ អ្នកទេសចរអាចប្រឈមនឹងការធ្វើដំណើរឡើងភ្នំទាំងយប់ក៏មានដែរ។ យ៉ាងណាមិញ មានអ្នក​ទេសចរ​ម្នាក់បានយឺតយ៉ាវក្នុងការទៅដល់ជើងភ្នំ ជាហេតុធ្វើឱ្យគេត្រូវដើរឡើងភ្នំទាំងយប់ងងឹត ហើយថែមទាំង​ជួបរឿងព្រឺព្រួច​ទៀត​ផង។ យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សម្បត្តិ ឧថៃ បានតំណាលរឿងរ៉ាវដែលលោក​បានជួបនៅ​វេលានោះដូចខាងក្រោម៖

រឿងចម្លែកដែលខ្ញុំបានជួបប្រទះនៅផ្លូវទៅភ្នំខ្នងផ្សារ

ខ្នងផ្សារ គឺយើងត្រូវជិះគោយន្នពីតំបន់ការពារព្រៃឈើជួរភ្នំក្រវ៉ាញរយះពេល១ម៉ោង បន្ទាប់មកយើងត្រូវដើរឡើងភ្នំរយៈពេល​៤ទៅ​៥​ម៉ោង។ ប៉ុន្តែទៅដល់ជើងភ្នំម៉ោង៣បាត់ទៅហើយ។ ពេលនៅតាមផ្លូវដោយសារតែសមាជិករួមក្រុមមានគ្នាច្រើនក៏មានខ្លះទៅមុន ហើយខ្លះទៀតដែលខ្សោយកម្លាំងក៏ដើរតាមក្រោយ។ ដើរបានជិតពាក់កណ្ដាលផ្លូវសមាជិកម្នាក់(ជាមនុស្សស្រី) គាត់ក៏បានក្អួត ហើយក៏អោយគាត់សម្រាកបន្តិច។ ប្រហែល១០នាទីក្រោយគាត់ក៏ថាមិនអីទេ រួចក៏បន្តដំណើរទៅមុខទៀត ចៃដន្យដើរបាន​ប្រហែល​២០០ម៉ែត្រគាត់ក៏ដើរលេងរួចហើយក្អួតម្ដងទៀត មុខប្រែជាស្លេកស្លាំងខុសធម្មតារួចក៏សន្លប់ ឯមេឃក៏ចាប់ផ្តើម​ងងឹត​ដោយ​​មានភ្លៀងតិចៗ។ ខ្ញុំក៏បានចៀនសាច់ដែលដាក់មកតាមកាតាប ពេលឆ្អិនក៏យក១បំណែកដាក់​ជាសំណែន​សុំនាក់​នៅ​តំបន់​នោះ សល់ប៉ុន្មានក៏ចែកគ្នាញ៉ាំ មិនយូរប៉ុន្មានប្រហែលជា២០នាទីក្រោយមកគាត់ក៏ដឹងខ្លួនវិញ សមាជិក៦នាក់ទៀតក៏ធូរចិត្ត។ ប៉ុន្តែអ្វីដែលនឹងស្មានមិនដល់គឺគាត់ដើរឡើងទៅដល់គោលដៅមុនគ្នា៦នាក់ដែលមើលថែគាត់ទៅទៀតដែលផ្លូវមានលក្ខណះរអិលនឹងចោទខ្លាំង ដោយគាត់និយាយថាគាត់ដើរបានធម្មតាអត់ហត់ហើយមានកម្លាំងទៀត។

សំនួរសួរថា:
- តើអ្នកគិតមនុស្សស្រីម្នាក់ដើរឡើងបានយ៉ាងងាយតាមរបៀបណា ដែលមុននឹងគាត់សន្លប់គ្មានស្មារតី?
- តើអ្មកគិតថាការដាក់សំណែនសុំនាក់នៅតំបន់នោះជួយគាត់អោយឡើងរួចរឺយ៉ាងណា?
- រឺដោយសារហេតុផលផ្សេងសូមគិតខ្លួនឯងចុះ...

ពេលដែលដើរឡើងមកដល់ខាងលើ (មិនទាន់ដល់កន្លែងតង់នៅឡើយ) ក៏បានឃើញមនុស្សស្រីម្នាក់ទៀត​ដែលមិនមែនជា​សមាជិក​ក្នុងក្រុម សន្លប់ស្ដូកស្ដឹងក្នុងគុម្ពស្មៅតែម្នាក់ឯង។ បន្ទាប់មកក៏បាននាំគ្នាព្យាយាមដាស់គាត់។ ប្រហែលជិត​កន្លះ​ម៉ោង​ទើប​គាត់មានស្មារតីឡើងវិញ (ម៉ោងជិត១០ទៅហើយ) ហើយក៏បានសួរគាត់ថាម៉េចបានបងឯងនៅហ្នឹងម្នាក់ឯង? គាត់បានឆ្លើយ​ថាគាត់បាន​ដើរជាមួយគ្នាគាត់ ដើរៗក៏បាត់គ្នាអស់រួចក៏ចេះតែដើរម្នាក់ឯង។ បន្ទាប់មកក៏បានជួបក្រុមពួកខ្ញុំតែម្ដង (ជាក្រុមដែល​ឡើង​មក​ដល់យប់ជាងគេ)។

ពេលរៀបចំតង់រួចរាល់ក៏នាំគ្នារៀបចំដាំបាយ (បងៗនាក់ភូមិដាំអោយ) ពេលដាំឆ្អឹន ក៏នាំគ្នាដួសបាយដាក់ចានយក​មកញ៉ាំបាយ​ក៏ចេះ​លោត​ចេញពីចានដោយខ្លួនឯង តំបូងខ្ញុំគិតថាខ្ញុំស្រវ៉ាងភ្នែក ប៉ុន្តែមានម្នាក់ទៀតឃើញដូចខ្ញុំដែរ ក៏បានសួរគ្នាថា​បានដាក់​បាយ​ម្ហូបសគេនៅ? មើលមុខគ្នា១ភ្លេត... ចម្លើយគឺនៅ។ ព្រោះឃ្លានពេក

សំនួរសួរថា:
- តើគ្នាគាត់ដើរចោលគាត់រឺគាត់ជានាក់វង្វេង?
- បើអ្នកធ្លាប់ទៅខ្នងផ្សារនាក់នឹងដឹងថាមានផ្លូវតែ១តែប៉ុណ្ណោះ
- តើបាយអាចលោតពីចានបានអោយរបៀបណាបើចានដាក់លើដី?
- រឺដោយសារហេតុផលផ្សេងទៀត... សូមគិតខ្លួនឯងចុះ

នៅចុងបញ្ចប់នៃការតំណាលនេះ បុរសដែលបានជួបរឿង​ចម្លែកបានបញ្ជាក់ថា នេះជារឿងពិ​តដែលលោក​បានជួបផ្ទាល់នៅ​លើ​ភ្នំ​ខ្នងផ្សារ ហើយលោកថែមទាំងបានផ្ដាំ​ផ្ញើឱ្យបងប្អូនដែល​ទៅលេងភ្នំខ្នងផ្សារ ត្រូវមានការប្រុងប្រយ័ត្ន និងមើលថែសមាជិក​ក្នុង​ក្រុម​ឱ្យ​បានល្អ កុំឱ្យជួប​រឿងស្មានមិន​ដល់ដូចជារូបលោក៕

ប្រភព៖ សម្បត្តិ ឧថៃ

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...