រដូវបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ៣កញ្ញា ដល់ថ្ងៃ១៨កញ្ញា សំដៅរនោច ហើយថ្ងៃចុងក្រោយជាភ្ជុំធំ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍គឺការយកចង្ហាន់ទៅប្រគេនលោក បើមិនបាន១៥វត្តទេ ក៏បាន ១វត្តដែរ។ បើមិនដូច្នោះទេ នឹងត្រូវបណ្ដាសាពីប្រេតជាសាច់ញាតិ មិនឲ្យរកស៊ីមានបាន នឹងមិនទទួលបានសេចក្តីសុខសប្បាយនោះឡើយ។
នេះជាហេតុផល និងជំនឿយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋកម្ពុជាយើងតាំងពីយូរលង់ណាស់មកហើយ។ នៅក្នុងរយៈពេល ១៥ថ្ងៃ ជាថ្ងៃកាន់បិណ្ឌរបស់ពុទ្ធបរិស័ទខ្មែរយើង ហើយក៏ជាខែរនោច ដែលស្តេចយមរាជបានដោះលែងពពួកប្រេតឲ្យមកកាន់ឋានកណ្តាលជួបជុំសាច់ញាតិ។
ដោយឡែក បើតាម លោកតា សុខ រស់នៅក្នុងវត្តពុទ្ធអណ្តែត ( វត្តព្រែកហូរ ) បាននិយាយថា រៀងរាល់ថ្ងៃយប់កាន់បិណ្ឌទៀបភ្លឺ មានការបោះបាយបិណ្ឌ តាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥។ ក្នុងនោះ តែងមានយុវជនយុវនារី ចូលរួមបោះបាយបិណ្ឌក្នុងវត្តភាគច្រើនជាងមនុស្សវ័យចំណាស់ ក៏ដោយសារពួកគេបានឮឪពុកម្ដាយ ជីដូន ជីតា ប្រាប់ថា មកចូលរួមបោះបាយបិណ្ឌ ដើម្បីឧទ្ទិសដល់ជីដូនជីតា សាច់ញាតិទាំង៧សន្តាន ឲ្យមកទទួលបាយបិណ្ឌនោះ ហើយងាកឲ្យពរជ័យដល់កូនចៅទទួលបានសេចក្តីសុខសប្បាយរកស៊ីមានបាន។ ប្រេត ដែលទទួលបានបាយបិណ្ឌគឺជាសាច់ញាតិគេផ្ទាល់។ បើសាច់ញាតិដទៃ មិនអាចទទួលបាននោះឡើយ។
ចំពោះប្រេត ដែលដើរស្វែងរកសាច់ញាតិមិនឃើញទាំង៧វត្ត ឬ១៥វត្ត ទួញសោកបោកខ្លួន។ ព្រោះមិនឃើញសាច់ញាតិយកចង្ហាន់ទៅប្រគេនលោក ដើម្បីឧទ្ទិសដល់ប្រេតទាំងនោះ។ ប្រេតដែលគ្មានសាច់ញាតិ ក្រោយពីដើររកគ្រប់៧វត្តហើយ បានយំដាក់បណ្ដាសាដល់សាច់ញាតិទាំងនោះ អញ្ចឹងហើយទើបមនុស្សជំនាន់មុន បានអប់រំណែនាំឲ្យក្មេងស្រករក្រោយគោរពប្រតិបត្តិតៗរៀងមក។
ជំនឿនេះ បានផ្តោតយ៉ាងជ្រៅទៅក្នុងសង្គមបច្ចុប្បន្ន ដោយក្នុងរយៈពេលភ្ជុំបិណ្ឌមាន ១៥ថ្ងៃ ត្រូវយកចង្ហាន់ទៅប្រគេនលោកឲ្យបាន៧វត្ត ឬក៏១វត្ត ដើម្បីឧទ្ទិសដល់សាច់ញាតិដែលបានចែកឋានទៅនោះផង។ ម្យ៉ាងទៀត បើយោងតាមពុទ្ធដីការបស់ព្រះពុទ្ធជាម្ចាស់ថា បើចង់បានមគ្គផល មានតែធ្វើបុណ្យជាមួយព្រះរស់នៅក្នុងផ្ទះដែលជាឪពុកម្ដាយពេលដែលគាត់នៅទទួលបាន។ ពុទ្ធដីកាបង្ហាញទៀតថា បុគ្គលដែលស្លាប់ទៅហើយមានន័យថាសូន្យ៕
អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey
ដោយ៖ កញ្ញា វ៉ាត