ក្រោយ​ត្រូវ​ទឹក​ភ្លៀង ​រឿង ​៤​យ៉ាង​ដែល​អ្នក​ត្រូវ​ធ្វើ​ភ្លាម​ៗ ​បើ​មិន​ចង់​ធ្លាក់​ខ្លួន​ឈឺ​

ពុធ, ២៤ មិថុនា ២០២០

49

រដូវភ្លៀងចូលមកដល់ហើយ គ្នាយើងគួរប្រយ័ត្នប្រយែងសុខភាពផង ទោះបើរដូវភ្លៀវអាកាសធាតុត្រជាក់ស្រួល ប៉ុន្តែក៏ងាយ​ធ្វើឲ្យ​យើងធ្លាក់ខ្លួនឈឺដូចគ្នា។ ពិសេសបើមានជិះ ឬដើរកាត់ភ្លៀង ត្រូវធ្វើរឿង ៤​យ៉ាង​នេះភ្លាម បើមិនចង់ធ្លាក់ខ្លួនឈឺ ព្រោះ​ទឹកភ្លៀង​អាច​ធ្វើ​ឲ្យយើងផ្តាសាយ ក្អក គ្រុនក្តៅ និង​ហៀរសំបោរជាដើម។

១- ត្រូវផ្លាស់សម្លៀកបំពាក់ទទឹកចេញឲ្យបានលឿនបំផុត
ក្រោយត្រូវទឹកភ្លៀង រឿងទី១ គ្នាយើងត្រូវប្រញាប់ធ្វើឲ្យបានលឿនបំផុតនោះ គឺត្រូវផ្លាស់​សម្លៀកបំពាក់ទទឹក​នោះចេញឲ្យបាន​ឆា​ប់​​បំផុត ​ដោយប្តូរមកសម្លៀកបំពាក់ដែលស្ងួត ហើយក៏កុំឲ្យត្រូវកង្ហារ ឬចំណាយ​ត្រជាក់​​ឲ្យសោះ។ យកល្អ អាចទៅងូតទឹក ជាមួ​យ​ទឹក​ក្តៅ​ឧណ្ហៗ​សិនមុននឹងផ្លាស់សម្លៀកបំពាក់។

រូបភាពតំណាង

២- ប្រើម៉ាស៊ីនផ្លុំសក់ឲ្យឆាប់ស្ងួត
ក្រោយពេលងូតទឹកក្តៅឧណ្ហៗរួច យើង​អាចប្រើម៉ាស៊ីនផ្លុំសក់​ជួយផ្លុំឲ្យសក់ឆាប់ស្ងួត ព្រោះនៅពេលសក់ស្ថិតក្នុងស្ថានភាពសើម ហើយរាងកាយយើងទើបប៉ះពាល់នឹងភាពត្រជាក់ពីទឹកភ្លៀងផងនោះ ច្បាស់ជា​ងាយ​​ធ្វើឲ្យផ្តាសាយ ហៀរសំបោរមិនខាន។ ដូច្នេះ ក្រោយងូតទឹករួច ត្រូវផ្លុំសក់ឲ្យស្ងួតឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

៣- ញ៉ាំអាហារ និងផឹកទឹកក្តៅឧណ្ហៗ
ក្រោយងូតទឹករួច គ្នាយើងច្បាស់ជាមានអារម្មណ៍កកក្តៅ ស្រួលខ្លួនវិញមិនខាន។ ទោះជាយ៉ាងណា ក៏ត្រូវប្រញាប់ទៅ​រកអាហារ​ក្តៅ​ៗ ​និងទឹកឧណ្ហៗមកញ៉ាំទ្រាប់ពោះ ដើម្បីជួយបង្កើនកម្តៅសីតុណ្ហភាព​ក្នុងរាងកាយ។ បើមិនឃ្លាន ក៏ត្រូវឆុងតែលា​យទឹក​ឃ្មុំប​ន្ថែម​ក្រូច​ឆ្មារ​បន្តិចមកញ៉ាំក៏បាន។ ធ្វើបែបនេះ មិនត្រឹមតែអាចជួយឲ្យរាងកាយកក់ក្តៅជាងមុនទេ ថែមទាំង​អាចការពារផ្តាសាយ​បាន​មួយ​កម្រិត​ទៀត ​ព្រោះវីតាមីន C ក្នុងក្រូចឆ្មារ និងទឹកឃ្មុំ គឺមានប្រសិទ្ធភាពខ្ពស់ប្រឆាំងជំងឺផ្តាសាយ។

រូបភាពតំណាង

៤- ហាត់ប្រាណរបៀបពន់ពែនរាងកាយ
រឿងចុងក្រោយគ្នាយើងត្រូវតែធ្វើ​ដើម្បីកុំឲ្យធ្លាក់ខ្លួនឈឺដោយសារត្រូវទឹកភ្លៀង គឺអាចហាត់ប្រាណរបៀបពត់ពែនខ្លួន (Do light stretching) ដើម្បីជួយបង្កើនកម្តៅក្នុងរាងកាយ។ ក្រៅពីធ្វើឲ្យរាងកាយមានកម្ដៅ សកម្មភាពហាត់ប្រាណបែបនេះ ក៏ជួយឲ្យ​របត់​ឈាម​រត់​បានស្រួលផងដែរ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...