ជឿដែរទេ? ការយំពេលខ្លះ អាចជួយបំបាត់ស្រ្តេសនិងសម្ពាធក្នុងចិត្តបាន

សុក្រ, ០៣ កក្កដា ២០២០

72

តើការយំនឹងធ្វើឲ្យមនុស្សលែងស្ត្រេសបានពិតឬអត់? តោះ មកអានសិន!

​លោក Hidefumi Yoshida ជាអតីត​គ្រូបង្រៀនមកពីប្រទេសជប៉ុន និងជាអ្នក​ជំនាញ​ផ្នែកទឹកភ្នែកដែលមាន​បទពិសោធន៍​ជិត ៦ ឆ្នាំ​​ក្នុង​ការ​​ធ្វើ​សិក្ខាសាលា​តាម​សាលារៀន និង​ស្ថាប័ន​ផ្សេង​ៗ បាន​ឲ្យដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​យំដែល​អាច​ជួយ​បញ្ចេញ​អារ​ម្ម​ណ៍​​ស្ត្រេស​បាន។ មិន​ថាមនុស្សយើងយំដោយ​សារ​មើល​ភាពយន្ត​ ឬស្ដាប់​ចម្រៀង​កម្សត់​ៗ ឬ​អាន​សៀវភៅ​ដែល​ធ្វើ​ឲ្យ​មាន​អារ​ម្ម​ណ៍​​ក្ដុកក្ដួល​ក៏ដោយ សុទ្ធតែ​អាច​ព្យាបាល​បញ្ហា​ផ្លូវ​ចិត្ត​​​ឲ្យ​ធូរ​ស្រាលតាមរយៈការហូរទឹកភ្នែកនោះ ​បាន​ច្រើនដូចទៅនឹង​ការ​គេង​ និ​ង​​​ការ​សើច​ដែរ។

រូបភាពតំណាង

ការសិក្សា​​របស់អ្នកជំនាញជប៉ុនរូបនេះបានរក​ឃើញ​ថា ការ​យំ​​ជំរុញឲ្យ​ប្រព័ន្ធ​ប្រសាទ (Parasympathetic )​​ ដែលគ្រប់គ្រង​ការ​ធ្វើ​ការ​របស់​អវយវៈអាចមក​គ្រប់គ្រង​​រាង​កាយឲ្យមាន​​ភាព​ប្រក្រតី។ ហេតុនេះ ​ក្រោយពេល​យំមនុស្ស​នឹង​មាន​អារម្មណ៍​ស្រស់ស្រាយ ព្រមទាំង​ធូរស្បើយ​ជាង​មុន​។

រូបភាពតំណាង

ក្រៅពី​ករណី​សិក្សាខាងលើ ​ក៏មានករណីផ្សេងមួយទៀតបានអះអាង ដូចគ្នានេះដែរ។ ​ក្នុង​ឆ្នាំ ១៩១៨ បណ្ឌិត William Frey មក​ពី​សាកលវិទ្យាល័យ Minnesota បានសិក្សា​រក​ឃើញ​ថា នៅពេលយំរាងកាយនឹង​បញ្ចេញ​​អ័រម៉ូន​​ក្ដី​សុខ (Endorphins)។ ដោយ​សារ​តែ​បែបនេះ ទើប​​ធ្វើ​ឲ្យ​អ្នកយំ​មាន​អារម្មណ៍​ធូរ​ស្រាល​បន្ទាប់ពីស្រក់ទឹកភ្នែក។ ចាប់ពីពេលនេះទៅ បើ​មាន​អារម្មណ៍តានតឹង​​ចង់​យំ ឈប់​បៀបទុកទៀត យំចេញមកព្រោះអាច​នឹងជួយឲ្យ​មាន​អារម្មណ៍​ធូរ​ស្រា​ល​៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...