មូលហេតុអ្វី បានជាមានអារម្មណ៍ថាគេងមិនលក់?

ពុធ, ០៩ កញ្ញា ២០២០

12

១. អ្វី​ទៅជា​ការ​គេង​មិន​លក់​?
​ការ​គេង​មិន​លក់ គឺជា​ស្ថានភាព​ដែល​យើង​ពិបាក​គេង បើ​ទោះ​ជា​យើង​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​គេង​ក៏ដោយ​។ ការ​គេង​មិ​ន​​លក់​ អាច​ជា​ការ​គេង​ក្រ​លក់ ការ​ភ្ញាក់​ច្រើនដង ឬ​ការ​ឆាប់​ភ្ញាក់​ហើយ​គេង​ទៅវិញ​មិន​លក់ ជាដើម​។​

រូបភាពតំណាង

២. អ្វីខ្លះ​ជា​ផលវិបាក​នៃ​ការ​គេង​មិន​លក់​?

​ផល​ប៉ះ​ពាល់​ខ្លះៗ​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​រួមមាន​៖
– ងងុយគេង​នៅ​ពេល​ថ្ងៃ​
– អស់កម្លាំង​
– អារម្មណ៍​មិន​មូល​
– ការ​ចង​ចាំ​ចុះ​អន់ថយ​
– ពិបាក​សម្រេចចិត្ត​
– ឆាប់​ខឹង​មួម៉ៅ​
– អន្ទះអន្ទែង ងាយ​មាន​គ្រោះថ្នាក់​ផ្សេងៗ ជាដើម​។​

រូបភាពតំណាង

៣. អ្វីខ្លះ​ដែល​អាច​នាំ​ឲ្យ​គេង​មិន​លក់​?

​ការ​គេង​មិន​លក់​អាច​បណ្ដាលមកពី​មូលហេតុ​ច្រើនយ៉ាង ដូចជា​៖
– មូលហេតុ​ផ្លូវកាយ៖ ក្រពះ​មិន​រំលាយ​អាហារ ការឈឺចាប់​លើ​រាងកាយ ជំងឺ​បេះដូង ជំងឺ​ហឺត​រលាក​ឆ្អឹង​ប្រហោង​មុខ ជាដើម​។​
– មូលហេតុ​ផ្លូវចិត្ត៖ មាន​អារម្មណ៍​តានតឹង ព្រួយបារម្ភ​ច្រើន មាន​អារម្មណ៍​ជ្រួលច្របល់ ខឹងសម្បា មាន​អារម្មណ៍​សោកសៅ ជាដើម​។​
– មូលហេតុ​ទាក់ទង​នឹង​របៀបរបប​រស់នៅ៖ ផឹក​កាហ្វេ ឬ​តែ​ច្រើន ផឹក​ស្រា​នៅ​ពេល​យប់ ហូប​អាហារ​ច្រើនពេក​មុន​ចូល​គេង ជ​ក់​បា​រី​​ច្រើន ធ្វើការ​ខ្លាំង​មុន​ចូល​គេង មិនសូវ​បាន​ហាត់ប្រាណ​គេង​ថ្ងៃ​ច្រើន គេង​មិន​ទៀងពេល ជាដើម​។​
– មូលហេតុ​ទាក់ទង​នឹង​បរិស្ថាន៖ កន្លែង​គេង​មាន​សំឡេង​រំខាន បរិយាកាស​អាប់អួរ កន្លែង​គេង​មាន​ពន្លឺ​ខ្លាំង​ពេក រស់នៅ​គ្នា​ច្រើន ជាដើម​។​

៤. ការព្យាបាល​ការ​គេង​មិន​លក់​

​ថ្វីបើ​ការ​គេង​មិន​លក់​ម្ដងម្កាល និង​ក្នុង​រយៈពេល​មួយ​ទៅ​ពីរ​ថ្ងៃ​អាច​ជា​រឿង​ធម្មតា ដែល​មនុស្ស​គ្រប់គ្នា​អាច​ជួបប្រទះ​ក៏ដោយ​ក្ដី ក៏​ការ​គេង​មិន​លក់​ញឹកញាប់ និង​ក្នុង​រយៈពេល​យូរ ទាមទារ​ឲ្យ​មានការ​ពិគ្រោះ និង​វាយតម្លៃ​ឲ្យ​បាន​ដិតដល់ ដើម្បី​ព្យាបាល​ទៅតាម​មូលហេតុ​ ដែល​នាំ​ឲ្យ​គេង​មិន​លក់​។ ការប្រើប្រាស់​ថ្នាំ​ងងុយគេង​ដោយ​ចិត្ត​ឯង មិន​មែន​ជា​ជម្រើស​ល្អ​ទេ ព្រោះ​ការ​ប្រើ​វា​យូរៗ​ទៅ​អាច​បណ្ដាល​ឲ្យ​ប្រើ​លែង​ត្រូវ និង​ត្រូវ​ការ​ប្រើ​ថ្នាំ​កាន់​តែ​ច្រើន​ទៅៗ​។​

​ប្រសិនបើ​លោកអ្នក​មានការ​រំខាន​ ដោយ​បញ្ហា​គេង​មិន​លក់​យូរ សូម​មក​ទទួល​សេវា​ពិគ្រោះ និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជា​គុណប្រយោជន៍​ដល់​សុខភាព​៕​

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ រស្មី

ព័ត៌មាន​ទាក់ទង​

Loading...