អ្នកឧស្សាហ៍ជួបបញ្ហាច្រាលអាស៊ីដក្រពះ គួរចៀសវាងឬញ៉ាំអាហារទាំងនេះតិច​តួច

សុក្រ, ១៨ កញ្ញា ២០២០

30

ច្រាល​អាស៊ីដ​ក្រពះ​កើត​មាន​នៅ​ពេល​ដែល​សារធាតុ​ក្នុង​ក្រពះ​មាន​ការ​កើន​ឡើង​ដល់​បំពង់​អាហារ​ ហើយ​គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​​លើ​អាការៈ​នេះ​បាន​ប្រសិនជា​យើង​មាន​អាការៈ​បែប​នេះ​កើត​ឡើង​ច្រើន​ជាង​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។ កត្តា​ដែល​អាច​រួម​ចំ​ណែក​​បង្ក​អាការៈ​ច្រាលអាស៊ីដក្រពះ​ ​រួមមាន​ឥរិយាបថ​ដែល​យើង​ធ្វើ​ក្រោយ​ញ៉ាំ​អាហារ បរិមាណ​អាហារ​ដែល​យើង​ញ៉ាំ​ក្នុង​មួយ​ពេល និង​ប្រភេទ​អាហារ​ដែល​យើង​ញ៉ាំ​។ យើង​គួរ​ចៀសវាង​អាហារ​មួយ​ចំនួន​​ដើម្បី​បង្ការ​រោគសញ្ញា​នៃ​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ បើ​យើង​តែង​ជួប​បញ្ហានេះ។

១. អាហារ​មាន​ជាតិ​ខ្លាញ់ និង​អាហារ​បំពង
អាហារ​មាន​ជាតិ​ខ្លាញ់​ជាទូទៅ​តែង​បន្ថយ​សម្ពាធ​នៅ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាង​ក្រោម (LES) និង​ពន្យារ​ពេល​ក្រពះ​រំលាយ​អា​ហារ​។ នេះ​អាច​បង្កើន​ហានិភ័យ​រោគសញ្ញា​នៃ​ជំងឺ​ច្រាល​អាស៊ីដក្រពះ។ ដើម្បី បង្ការ​អាការៈ​នេះ​ យក​ល្អ​គួរ​បន្ថយ​ការ​ញ៉ាំ​អាហារ​មា​ន​​ជាតិ​​ខ្លាញ់។ អាហារ​ទាំង​នោះ​មាន​ដំឡូង​បារាំង​បំពង អាហារ​បំពង នំ​ដំឡូង​កញ្ចប់ បឺរ ទឹកដោះគោ​ស្រស់ (whole milk) ឈីស ការ៉េម និង​សាច់​ក្រហម​មាន​ខ្លាញ់។

រូបភាពតំណាង

២. អាហារ​មាន​ជាតិ​ហឹរ
ការ​សិក្សា​មួយ​ចំនួន​បាន​ធ្វើការណែនាំ​ថា ​អាហារ​មាន​ជាតិ​ហឹរ​អាច​បង្ក​ឲ្យ​ឈឺពោះ និង​អាការៈ​ក្រហាយ ​ប្រសិនជា​យើង​មាន​បញ្ហា​ក្រពះ​ពោះ​​វៀន​។

៣. បន្លែ និង​ផ្លែឈើ
បន្លែ និង​ផ្លែឈើ​ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​របប​អាហារ ប៉ុន្តែ​បន្លែ និង​ផ្លែឈើ​មួយ​ចំនួន​អាច​នឹង​ធ្វើ​ឲ្យ​អាការៈ​ច្រាល​អាស៊ីដ​ក្រពះ​កា​ន់​តែ​​ធ្ងន់ធ្ងរ។ បន្លែ និង​ផ្លែឈើ​ដែល​អាច​ជា​មូលហេតុ​បង្ក​មាន​ដូចជា​ផ្លែ​ម្នាស់ ផ្លែក្រូច ផ្លែ​ក្រូចថ្លុង ក្រូចឆ្មារ ប៉េងប៉ោះ ខ្ទឹមស និង​ខ្ទឹម​បា​រាំង​។

រូបភាពតំណាង

៤. ភេសជ្ជៈ
ភេសជ្ជៈ​មួយ​ចំនួន​ក៏​អាច​បង្ក​ឲ្យ​មាន​រោគសញ្ញា​ទៅ​លើ​អ្នក​ដែល​មាន​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ​ដែរ។ ភេសជ្ជៈ​ទាំង​នោះ​រួមមាន​គ្រឿ​ង​ស្រវឹង ​កាហ្វេ តែ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ទឹក​ក្រូច​ស្រស់ និង​ទឹក​ផ្លែ​ប៉េងប៉ោះ។ កាហ្វេ​ក៏​ជា​ភេសជ្ជៈ​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​នេះ​ដែរ។

ក្រៅពី​ចៀសវាង​អាហារ​ខាង​លើ​នេះ យកល្អ​គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច​តួច​ក្នុង​មួយ​ពេល និង​ព្យាយាម​អង្គុយ​ត្រង់​ខ្លួន​ក្រោយ​ពី​ញ៉ាំ​​អាហារ​រួច។ ទាំង​នេះ​ក៏​អាច​ជួយ​កាត់បន្ថយ​អាការៈ​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...