ផ្តល់​ប្រយោជន៍​ច្រើន! ​ផឹកតែខ្មៅ ​អាចជួយ​ដល់​សុខភាព​បេះដូង ​និងការផ្ចង់​អារម្មណ៍​

ពុធ, ២៣ កញ្ញា ២០២០

9

តែ ​គឺជា​ភេសជ្ជៈ​មួយ​ដែល​មនុស្ស​ជា​ច្រើន​​និយម​ផឹក​ក្រៅ​ពី​កាហ្វេ និង​ទឹក ហើយ​តែខ្មៅ​ក៏​ជា​តែ​មួយ​ប្រភេទ​ដែល​គេ​និយម​ផឹក​ផង​ដែរ​។ តែ​ខ្មៅ​គឺ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជាង​តែ​ផ្សេងៗ ប៉ុន្តែ​​មាន​តិច​ជាង​កាហ្វេ។ តែ​ខ្មៅ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ដោ​យ​​សារ​តែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ដែល​ជួយកាត់​បន្ថយ​ការ​រលាកនៅ​ក្នុង​រាងកាយ។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​របស់​តែ​ខ្មៅ​ចំពោះ​សុខភាព។

១. សុខភាព​បេះដូង
តែ​ខ្មៅ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ឈ្មោះ flavonoid ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង។ ការ​ផឹក​តែ​ខ្មៅ​ជា​ប្រចាំ​អាច​ប​ន្ថយ​​កត្តា​ហានិភ័យ​ជំងឺ​បេះដូងផ្សេងៗ ​ដូចជា​លើស​សម្ពាធ​ឈាម កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ កម្រិត​ទ្រីគ្លីសេរីន​កើន​ឡើង និង​ជំងឺ​ធា​ត់។ ការ​សិក្សា​មួយ​រក​ឃើញ​ថា​អ្នក​ដែល​ផឹក​តែ​ខ្មៅ​៣ពែង​ក្នុង​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ការ​វិវត្ត​ជំងឺ​បេះដូង​ ១១%។

រូបភាពតំណាង

២. បញ្ចុះ​ខ្លាញ់​អាក្រក់ (LDL)
នៅ​ពេល​រាងកាយ​មាន​ខ្លាញ់​អាក្រក់​ច្រើន​អាច​មាន​ការ​កក​នៅ​ក្នុង​សរសៃ​អាកទែរ​ដែល​អាច​បណ្ដាល​ឲ្យ​មានបញ្ហា​ខ្សោយ​បេះដូង ឬ​ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល។ ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​ផឹក​តែ​ខ្មៅ​៥​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់​បាន​១១% ទៅ​លើ​អ្នក​ដែល​មាន​កម្រិត​កូលេស្តេរ៉ូល​ឡើង​បន្តិចបន្តួច​។

៣. សុខភាព​ពោះវៀន
នៅ​ក្នុង​ពោះវៀន​របស់​យើង​គឺ​មាន​បាក់តេរី​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព។ ការ​សិក្សា​មួយ​ចំនួន​បាន​អះអាង​ថា​បាក់តេរី​នៅ​ក្នុង​ពោះវៀន​អាច​មាន​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​រលាក​ពោះវៀន ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជំ​ងឺ​​បេះដូង ជំងឺ​ធាត់ និង​ជំងឺមហារីក។ សារធាតុ​ polyphenol មាន​ក្នុង​តែ​ខ្មៅ​អាច​ជួយ​រក្សា​សុខភាព​ពោះវៀន​ដោយ​ជួយ​ដល់​ការ​លូ​ត​លាស់​​បាក់តេរី​ល្អ​ និង​រារាំង​ការ​លូតលាស់​បាក់តេរី​អាក្រក់។

រូបភាពតំណាង

៤. បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម
ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បង្កើន​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជំងឺ​ធាត់ ជំងឺ​បេះដូង ខ្សោយ​តម្រងនោម និង​ជំងឺ​បាក់​ទឹក​ចិត្ត។ ការ​ផឹក​ភេសជ្ជៈ​ដែល​មាន​បន្ថែម​ជាតិ​ស្ករ​ច្រើន ​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។ តែ​ខ្មៅ​ជា​ភេសជ្ជៈ​ដែល​មិន​មាន​ជាតិ​ស្ករ ហើយ​គេ​បាន​រក​ឃើញ​ថា​តែ​ខ្មៅ​អាច​ជួយ​ដល់​ដំណើរការ​អាំងស៊ុយលីន​ក្នុង​រាង​កាយ​។

រូបភាពតំណាង

៥. ផ្ចង់​អារម្មណ៍​បាន​ល្អ
តែ​ខ្មៅ​ផ្ទុក​ជាតិ​កាហ្វេអ៊ីន និង​អាស៊ីដ​អាមីណូ L-theanine ដែល​អាច​ជួយ​ដាស់​ស្មារតី និង​ផ្ចង់​អារម្មណ៍​បាន​ប្រសើរ​ជាង​មុន។ L-t​h​ea​nine ​ជួយ​បង្កើត​សកម្មភាព​ក្នុង​ខួរក្បាល​ដែល​បង្ក​ឲ្យ​មាន​ការ​បន្ធូរ​អារម្មណ៍ និង​ការ​ផ្ចង់​អារម្មណ៍​ប្រសើរ​ឡើង។ ការ​សិក្សា​ជា​ច្រើន​បា​ន​​បង្ហាញ​ថា​ភេសជ្ជៈ​ដែល​មាន​ L-theanine និង​កាហ្វេអ៊ីន​សុទ្ធ​តែ​មាន​ផល​ល្អ​សម្រាប់​ការ​ផ្ចង់​អារម្មណ៍​ដោយសារ​ឥទ្ធិពល​របស់ L-​the​an​ine ​ទៅ​​លើ​ខួរក្បាល។ នេះ​ក៏​ជា​មូលហេតុ​ដែល​គ្នាយើង​មួយ​ចំនួន​ផឹក​តែ​​ហើយ​​មាន​​ថាម​ពល​ជាង​​មុន​​បើ​​ប្រៀប​​ធៀប​​នឹង​​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន​ផ្សេង​ទៀត​ដូចជា​កាហ្វេ​ជា​ដើម៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...