បើ​សក់​ជ្រុះ​ច្រើន​ជាង​ ​១០០ ​សរសៃ​ក្នុង​មួយ​​ថ្ងៃ ​មាន​បញ្ហា​អី​អត់?​

សុក្រ, ២៥ កញ្ញា ២០២០

21

គ្នា​យើង​ខ្លះ​ប្រ​ហែល​ជា​មាន​ក្ដី​បារម្ភក្នុង​ចិត្ត​ខ្លះៗ​ហើយ​ពេល​សិតសក់​ម្ដងៗ​ឃើញ​សក់ជាប់​នឹង​ក្រាស​រាប់​សិប​សរ​សៃ​នោះ។ យ៉ា​ង​ណា​​​ការ​ជ្រុះ​សក់​វាជារឿង​ធម្មតាក្នុង​ជីវិត​របស់​យើង​គ្រប់គ្នាទៅ​ហើយ។

ជាទូទៅ​ការ​ជ្រុះសក់នេះ​អាច​មាន​ចំ​នួន​ចន្លោះពី​​៨០ ទៅ​១០០​សរសៃ​ក្នុង​មួយ​ថ្ងៃ ដែល​គេ​ចាត់​ទុក​ថា​មិន​មាន​បញ្ហា​នោះទេ ហើយ​ការណ៍​នេះ​កើតមាន​ពី២ទៅ​៦ឆ្នាំ​ម្ដង ហើយ​សក់ជ្រុះ​នឹង​ជំនួស​ដោយ​សក់​ថ្មី​មក​វិញ។ ចុះ​បើ​យើង​ជ្រុះ​សក់​ច្រើន​ជាង​១០០​សរសៃ​ក្នុង​មួយ​ថ្ងៃ​មាន​​បញ្ហា​អ្វី​អត់?

លោក​វេជ្ជបណ្ឌិត Deepak Vohra ឯកទេស​ខាង​ជំងឺ​សើរស្បែក​បាន​និយាយថា​បើ​គ្នា​យើង​ជ្រុះ​សក់​ចន្លោះពី​៨០​ទៅ​១០០​សរសៃ​ក្នុង​មួយ​ថ្ងៃ​គឺ​ជា​រឿងធម្មតា ប៉ុន្តែ​បើជ្រុះ​ច្រើនជាង​នេះ​គឺខុស​ប្រក្រតី​ហើយ និងត្រូវ​តែ​ពិនិត្យ​តាម​ដាន​លើ​រឿង​នេះ។ លោក​ថា​បញ្ហា​ស​ក់​ជ្រុះ​​បង្ក​ឡើង​ដោយ​មូល​ហេតុ​ច្រើន​យ៉ាង មាន​មកពី​កត្តាបរិស្ថាន អតុល្យ​ភាព​អ័រម៉ូន ការ​រស់នៅប្រចាំ​ថ្ងៃ ឬ​មក​ពី​ហ្សែន​របស់​យើង​ក៏​មាន។

១. រក្សា​អនាម័យ​ស្បែក​ក្បាល
គ្នា​យើង​គួរ​កក់​សក់​ឲ្យ​បាន​យ៉ាង​តិច​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។ សាប៊ូ​កក់​សក់​ជួយ​​ការ​ពារ​ការ​បង្កើត​ស្បែក​ក្បាល​បន្ថែម​ដែល​អា​ច​​ធ្វើ​ឲ្យ​ស្ទះ​ឫស​សក់ នាំ​ឲ្យ​កើត​មាន​បញ្ហា​ជ្រុះ​សក់។ គ្នា​យើង​ត្រូវ​ដឹង​ដែរ​ថាការ​កក់​សក់​ញឹកញាប់ពេក​ក៏​មិន​ល្អ​ដែរ ដោយ​អាច​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ប្រេង​នៅ​ស្បែក​ក្បាល​ ដែល​ជា​ធាតុ​សំខាន់​សម្រាប់​សុខ​ភាព​សក់។

២. ចៀសវាងជូតសក់ខ្លាំងៗ
គ្នា​យើង​តែង​សម្ងួត​សក់​ ក្រោយ​ងូតទឹក​រួច ហើយ​អ្នក​ខ្លះ​ប្រើ​កន្សែង​សម្រាប់ជូន​សក់។ ដូចនេះ​ហើយ​ គ្នា​យើង​កុំ​ប្រើ​កន្សែង​ជូត​ស​ក់​ខ្លាំងៗ​​ពេក​ ព្រោះថា​ពេល​សក់​សើម​វា​ងាយ​នឹងធ្វើ​ឲ្យ​សក់​ដាច់។ យើង​ត្រូវ​ជូត​សក់​ថ្នមៗដើម្បី​រក្សា​សក់​ឲ្យ​មាន​សុខភាព​ល្អ ហើយ​ពេ​ល​​សិត​សក់​ក៏​ដូច​គ្នា កុំ​ប្រឹង​សិត​សក់​ខ្លាំងៗ​ពេក។​

៣. គិត​គូរ​លើ​របបអាហារ
ការ​ដែល​យើង​ញាំអាហារ​បាន​ត្រឹម​ត្រូវ គឺ​មាន​ប្រយោជន៍​ណាស់​សម្រាប់​សុខ​ភាព​រាង​កាយ​យើង​ទាំង​មូល ពិសេស​គឺ​សុខ​ភាព​សក់​ហ្នឹង​តែ​ម្ដង។ បើ​យើង​មាន​បញ្ហា​ជ្រុះសក់​គួរ​គិត​គួរ​បន្ថែម​របប​អាហារ​ដែល​សម្បូរ​ដោយ​វិតាមីន​ C, D, B, E ជាតិស័ង្កសី ជាតិដែក អា​ស៊ី​ដ​ខ្លាញ់អូមេហ្គា៣ និង​ប្រូតេអ៊ីន ​សុទ្ធ​ជា​សារធាតុចិញ្ចឹម​ដែល​សក់​របស់​យើង​ត្រូវ​ការ ដើម្បី​ការ​ពារ​កុំ​ឲ្យ​សក់​ខូច ឬជ្រុះ​។

៤. ថែ​ទាំសក់​ពេល​យើង​គេង
យើង​អាច​សាកល្បង​ក្រងសក់​មុន​ពេល​គេង។ ការ​ធ្វើដូច​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​ការ​ខូច​​សក់​បណ្ដាល​មកពី​ការ​ប៉ះ​កកិត​រវាង​សក់​នឹង​ខ្នើយ។ យើង​ក៏​គួរ​ផ្លាស់​ប្ដូរ​ខ្នើយ​ពី​ខ្នើយ​កប្បាស ទៅជា​ខ្នើយ​សូត្រ​ ដើម្បី​កាត់​បន្ថយ​ការ​ជ្រុះ​សក់​នេះ​ដែរ។

ក្រោយ​ពី​បាន​អនុ​វត្ត​តិចនិក​ទាំង​នេះ​មួយ​រយៈ និង​មិន​បាន​ឃើញ​ពី​ការ​ប្រែប្រួលអ្វីនោះទេ ជាការ​ល្អ​គ្នា​យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​បាន​ការ​វិនិច្ឆ័យ​រោគ​បាន​ត្រឹម​ត្រូវ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...