សង្គមកាន់តែទំនើប មនុស្សកាន់តែចូលចិត្តដើរលេងបែបផ្សងព្រេង ព្រោះតែមូលហេតុទាំងនេះ

ពុធ, ២៤ មិថុនា ២០២០

60

ស្របពេលដែលសង្គមកាន់តែទំនើប ការដើរលេងបែបផ្សងព្រេងក៏កាន់តែក្លាយជាចំណូលចិត្តរបស់មនុស្សគ្រប់រូប។ គេឃើញថា នៅ​តំបន់​កម្សាន្ត​ឆ្ងាយៗ ថ្មីៗ នៅក្នុងព្រៃភ្នំ ដែលធ្លាប់តែមានសភាពស្ងាត់ជ្រងំ បែរជាមានអ្នកសម្រុកទៅលេងជាបន្តបន្ទាប់។ ការ​ដើរ​លេងបែបផ្សងព្រេង តែងតែជួបឧបសគ្គផ្សេងៗ និងការលំបាកផងដែរ ប៉ុន្តែមានកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្ស​ចូលចិត្ត​ការដើរ​លេង​បែប​ផ្សងព្រេង?

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ ៥យ៉ាង ដែលទទួលបានពីការដើរលេងបែបផ្សងព្រេង៖

១. បង្កើនភាពក្លាហាន៖ ដើរលេងបែបផ្សងព្រេងជាសកម្មភាពមួយដែលមនុស្សភាគច្រើនកម្របានធ្វើ ព្រោះដូចយើងដឹង​ស្រាប់​ហើយថា វាអាចប្រឈមនឹងការលំបាកជាច្រើន រួមមាន ចម្ងាយផ្លូវ ការធ្វើដំណើរ អាហារ ការគេង និងការ​រំខាន​ដោយ​អាកាស​ធាតុ​ជាដើម។ ប៉ុន្តែវាជាដំណើរមួយដែលធ្វើឱ្យផ្លូវចិត្តរបស់អ្នកកាន់តែរឹងមាំ និងក្លាហានជាងមុន នៅពេលដែលអ្នកអាច​ឆ្លងកាត់​ការ​លំបាក​នៃដំណើរកម្សាន្តដ៏ផ្សងព្រេងនោះបាន អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សដ៏អស្ចារ្យម្នាក់ អាចធ្វើរឿង​ដែល​គ្រប់គ្នា​តែងតែ​គិតថាលំបាកបានជោគជ័យ។

២. ជួយឱ្យរាងកាយកាន់តែរឹងមាំ៖ ការដើរច្រើន មិនត្រឹមតែជួយដល់សុខភាពផ្លូវចិត្តប៉ុនណោះទេ ថែមទាំងជួយឱ្យសុខភាព​ផ្លូវកាយ​យើង​មានភាពរឹងមាំ​ថែមមួយកម្រិតទៀតផងដែរ។ អ្នកបានធ្វើរឿងល្អពីរយ៉ាងក្នុងពេលតែមួយ គឺជួយទាំងសុខភាព​រាងកាយ និងផ្លូវចិត្ត។

៣. ទទួលបានបទពិសោធថ្មី៖ កាន់តែលំបាក ដំណើរកម្សាន្តរបស់អ្នកកាន់តែមានន័យ និងទទួលបានបទពិសោធថ្មីៗ​គួរឱ្យ​ចង​ចាំ។ ដូចគេថាមានលុយយ៉ាងណា ក៏មិនអាចយកមកទិញបទពិសោធនៅក្នុងជីវិតបានដែរ ហើយបទពិសោធនេះ​ទៀត​សោត ក៏​ជួយ​បង្រៀនយើង​បានច្រើនពី​បរិបទប្លែកៗ​ដែលមាននៅក្នុងជីវិត។

៤. បង្កើតអនុស្សាវរីយ៍ និងការចងចាំល្អៗ៖ គេតែងនិយាយថា ធ្វើរឿងងាយៗមិនសូវមានន័យទេ តែបើធ្វើរឿងលំបាក ហើយ​យើង​អាចឆ្លងកាត់​វាបាន នោះទើបមានតម្លៃ។ យ៉ាងណាមិញ បទពិសោធនៃ​ការដើរកម្សាន្តក៏ដូចគ្នា កាន់តែលំបាក កាន់តែធ្វើឱ្យ​យើង​ផ្ដល់​តម្លៃ ងាយចងចាំ និងមិនអាច​បំភ្លេចបាន​ជាមួយនឹងអនុស្សាវរីយ៍ល្អៗ​ជាច្រើន។

៥. អារម្មណ៍ល្អ បង្កើនគំនិតថ្មី ការងារកាន់តែមានប្រសិទ្ធភាព៖ ធ្វើការងារច្រើនក៏អាចធ្វើឱ្យយើងមានអារម្មណ៍ស្ត្រេសច្រើនដែរ តែ​ការ​បង្កើតដំណើរ​កម្សាន្តបែបផ្សងព្រេង​មើលព្រៃភ្នំធម្មជាតិ ស្ដាប់សំឡេងទឹកធ្លាក់ សត្វយំ ស្រូបខ្យល់បរិសុទ្ធ អាចជួយឱ្យអ្នក​ទទួល​បានភាពស្រស់ស្រាយ ថ្លាគំនិត និងជួយដល់​ការច្នៃប្រឌិត​លើការងារដែលអ្នកធ្វើថែមទៀតផង។

ដោយសារតែឃើញគុណសម្បត្តិដ៏ច្រើនលើសលប់បែបនេះហើយ ទើបសព្វថ្ងៃមនុស្សជាច្រើនបាននាំគ្នាងាកមកជ្រើសរើស​ការ​ដើរលេង​បែបផ្សងព្រេងតាមព្រៃភ្នំវិញម្ដង ជំនួសឱ្យការទៅកម្សាន្តនៅកន្លែងស្អាតៗទំនើបទាន់សម័យនៅក្នុងទីក្រុង៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...