ហេតុ​អ្វី​បាន​ជា​ពេល​បែក​ស្នេហា​ដំបូង ​ធ្វើ​ឱ្យ​យើង​ឈឺ​ចាប់​ខ្លាំង​?​

អង្គារ, ៣០ មិថុនា ២០២០

275

សម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់ការមានស្នេហាដំបូង ហើយជួបរឿងប្រេះឆាពិតជាយល់ច្បាស់ណាស់ថា បទពិសោធមួយនេះវាផ្ដល់​ឱ្យនូវ​ការ​ឈឺចាប់ខ្លាំង និងប្រើរយៈពេលយូរកម្រិតណាទម្រាំអាចកាត់ចិត្តពីគេបាន។ ចុះមានដែលឆ្ងល់ទេថា ហេតុអ្វីបាន​ជា​ស្នេហា​ដំបូងធ្វើ​ឱ្យយើង​ឈឺចាប់ខ្លាំងម្ល៉េះ?

១. ជាអារម្មណ៍ស្រលាញ់ ដែលអ្នកទទួលបានជាលើកដំបូងក្នុងឆាកជីវិត៖ ពេលអ្នកទើបតែស្គាល់ស្នេហាដំបូង​វាមិនខុស​ពី​អ្នក​ទើប​ចាប់​ផ្ដើម​ធ្វើការងារ​ជាលើកដំបូង ដែលគ្មានបទពិសោធទាល់តែសោះ។ ការមិនធ្លាប់ឆ្លងកាត់រឿងនេះពីមុនមក ធ្វើឱ្យអ្នក​រំភើប​ចិត្ត​ខ្លាំង បាក់ចិត្តខ្លាំង លង់ចិត្តខ្លាំង រហូតដាក់ចិត្តស្រលាញ់១០០% ទៅលើដៃគូស្នេហារបស់ខ្លួន គ្មានសល់​នៅនឹងខ្លួនឯង​សូម្បី​តែ​បន្តិច ទើបជាហេតុនាំឱ្យអ្នកមិនបានត្រៀមចិត្តសម្រាប់ទទួលយកការឈឺចាប់ ដែលកើតមានភ្លាមៗ ក្រោយស្នេហា​ដំបូង​របស់​អ្នក​ដើរ​ដល់ចំណុច​បញ្ចប់។

២. ដាក់ចិត្តស្រលាញ់ ១០០% ទៅលើដៃគូស្នេហារបស់ខ្លួន៖ Single ស្ទើរពាក់កណ្ដាលជីវិតទៅហើយ អ្នកតែងតែទន្ទឹងរង់ចាំ​មនុស្ស​ដែល​ខ្លួនស្រលាញ់មកដល់ ដើម្បីស្គាល់អ្វីទៅដែលហៅថាស្នេហា។ លុះពេលបានជួបមនុស្សដែលខ្លួនពេញចិត្តហើយ អ្នក​បាន​ផ្ដល់​ការ​ស្រលាញ់ដ៏ធំធេង និងលើសលប់ដែលខ្លួនមាន ទៅឱ្យគេអស់ពីបេះដូង ព្រោះចង់ឱ្យស្នេហា​នេះមានតែភាព​ស្រស់​បំព្រង មិនឱ្យចាញ់ស្នេហាក្នុងរឿងភាពយន្តនោះទេ។ ធម្មតាទេ របស់ដែលយើងមិនធ្លាប់មាន កាលណាតែមានវា យើងតែងតែ​ស្រលាញ់​ខ្លាំង ហើយថែរក្សាគ្រប់វិនាទីមិនចង់ឱ្យឃ្លាតពីកាយទេ នេះហើយក៏ជាហេតុផលមួយដែលធ្វើឱ្យអ្នកសោកស្ដាយខ្លាំង នៅ​ពេល​ណាដែល​របស់ជាទីស្រលាញ់បាត់ចេញពីខ្លួន។

៣. អ្នកទុកគេជាគូអនាគតពិតប្រាកតែម្នាក់គត់សម្រាប់ជីវិត៖ ការស្រលាញ់ពិត តែងតែធ្វើឱ្យមនុស្សឈឺចាប់ ហើយសម្រាប់​ស្នេហា​ដំបូង​ដែលអ្នក​ប្រគល់​ឱ្យមនុស្សទីមួយក្នុងជីវិត វាជាភាពច្បាស់លាស់មួយដែលបេះដូងអ្នកប្រាប់ថា គឺមួយជីវិត​នេះគេ​ជា​មនុស្ស​តែម្នាក់គត់​ដែលអ្នក​ចង់បាន ហើយក៏គ្មានអ្នកណាផ្សេងអាចជំនួសគេបានឡើយ។

៤. មិនបានត្រៀមចិត្ត ព្រោះមិនធ្លាប់គិតថាត្រូវបែកគ្នា៖ ការស្រលាញ់លើសលប់ធ្វើឱ្យអ្នកមិនបានគិតទេថា ស្នេហាដំបូងនេះនឹង​មាន​ថ្ងៃ​បញ្ចប់។ នេះជារឿងខកចិត្តខ្លាំងបំផុតដែលអ្នកជួបជាលើកដំបូងក្នុងជីវិត ពិបាកទទួលយកបំផុត រហូតដល់ថ្នាក់ពេលខ្លះ ទោះជា​បែក​គ្នា​ហើយក៏នៅតែមិនជឿថា វាជាការពិត ជួនកាលនៅតែយល់ថាវាជាការយល់សប្ដិ។

៥. អនុស្សាវរីយ៍ល្អៗ និងភាពផ្អែមល្ហែមចាក់កប់ជ្រៅក្នុងបេះដូង៖ ពេលមានស្នេហាដំបូង អ្នកតែងតែយកចិត្តទុកដាក់ចំពោះគ្នា និងសាងអនុស្សាវរីយ៍ល្អៗជាមួយគ្នាបានច្រើនរាប់មិនអស់ ធ្វើឱ្យបេះដូងរបស់អ្នកបានសន្សំទុកតែរឿងល្អៗដែលអ្នក​មានជាមួយ​គេ។ ការស្រលាញ់ដែលមានតែភាពល្អ ជារឿងដែលគ្រោះថ្នាក់បំផុតដែរ ព្រោះថានៅពេលដែលមានបញ្ហា វានឹងធ្វើឱ្យម្នាក់ៗ​ឈឺ​ចាប់​ខ្លាំង ពិបាកទទួលយកអារម្មណ៍ដែលមិនធ្លាប់គិតថានឹងត្រូវជួប ដូចជាការបែកគ្នាហ្នឹងតែម្ដង។

តាមបទពិសោធដែលអ្នកដែលធ្លាប់បរាជ័យលើស្នេហាដំបូង រមែងទទួលភាពឈឺជាប់ និងមាន ការចំណាយពេលយូររាប់ខែឆ្នាំ ទម្រាំតែអាចកាត់ចិត្តបំភ្លេចអារម្មណ៍ឈឺចាប់ ដែលទទួលបានដោយសារតែការបែកស្នេហាដំបូងនោះបាន។ តើស្នេហា​ដំបូងបាន​បង្រៀន​អ្វីខ្លះ​ដល់អ្នក? កុំភ្លេចចែករំលែកជាមួយគេហទំព័រ Poraman ផងណា៎៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...