ចង់ដឹងថាចំណងអាពាហ៍ពិពាហ៍ជោគជ័យដែរឬអត់ អាចសម្គាល់ដោយទង្វើទាំងនេះ

សៅរ៍, ០៤ កក្កដា ២០២០

71

មនុស្សល្អឬមិនល្អ ពិបាកមើលដឹងពេលដំបូងៗណាស់ តែការពិតទៅ ក៏មិនអាចលាក់ជិតបានរហូតដែរ។ ដូចគ្នានេះ គូជីវិត​ខ្លះ​ហា​ក់​​ទទួលបានភាពផ្អែមល្ហែមនាគ្រាដើមស្នេហ៍ តែយូរទៅក៏ជូចត់ ព្រោះគូស្នេហ៍បញ្ចេញចរិតពិតដែលមិនអាចទទួលយកបាន។

ទោះ​យ៉ាងណា មនុស្សល្អនៅតែមានច្រើនណាស់លើលោកនេះ ហើយបើបានជួប​ប្រសព្វរៀបការជា​មួយមនុស្សដែល​មានទង្វើ​ប៉ុ​ន្មា​ន​​នេះ នោះមានន័យថា អ្នកបានជួបមនុស្សត្រឹមត្រូវពិតប្រាកដ។

ផ្ដល់សុភមង្គល និងការគាំទ្រខាងអារម្មណ៍

រូបភាពតំណាង

ទោះបីជីវិតប្តីឬប្រពន្ធមិនអាចមានពេលសប្បាយគ្រប់វេលាក៏ដោយ ប៉ុន្តែនៅក្បែរមនុស្សម្នាក់​ដែលអាចនាំមកនូវភាព​រីករាយ​ច្រើន​ជាង​ទុក្ខព្រួយ នោះហៅថា សុភមង្គលហើយ។ អ្នកនឹងដឹងថា ខ្លួនកំពុងរៀបការជាមួយមនុស្សត្រឹមត្រូវ ដោយពេលនៅជាមួយគេ អ្នកទទួលបានការគាំទ្រផ្នែកអារម្មណ៍និងលើកទឹកចិត្ត។ គូស្នេហ៍តែងតែចង់ឲ្យអ្នកមានសុខភាពផ្លូវចិត្តរឹងមាំ ហើយពេល​នៅជាមួ​យ​គេ​អ្នករមែងមានអារម្មណ៍ល្អចំពោះខ្លួនឯង និងមានសុវត្ថិភាពជានិច្ច។ គេជាមនុស្សសុទិដ្ឋិនិយម គិតវែងឆ្ងាយ ស្ងប់ស្ងាត់​មិន​កម្រោល ​និងមិនអាត្មានិយមចំពោះអ្នកនិងមនុស្សជុំវិញខ្លួនឡើយ។

ផ្ដល់ការស្រឡាញ់ និងសេចក្ដីសុខផ្លូវភេទ

រូបភាពតំណាង

រៀបការជាមួយមនុស្សត្រឹមត្រូវឬអត់ សម្គាល់បានលើសកម្មភាពដែលគេមានចំពោះអ្នក មិនមែនអះអាងត្រឹមតែមាត់ទេ។ អត្ថ​ន័យ​នៃ​​ក្ដីស្រឡាញ់សម្ដែងចេញតាមទង្វើ ដោយគេដឹងថា ពេលណាអ្នកនឿយហត់ ចាំថ្ងៃកំណើត ចង់ចំណាយពេលជាមួយអ្នក ស្តាប់​អ្នក​និយាយ បង្ហាញការគោរព អត់ធ្មត់ពេលអ្នកមិនយល់ ផ្ដល់ស្នាមថើបលាគ្នាពេលទៅឆ្ងាយ និងឱបអ្នក​ដោយភាព​កក់ក្ដៅ​ចេញ​ពី​ចិត្ត​។

ក្រៅពីនោះ ចំណងអាពាហ៍ពិពាហ៍គ្រប់គូ សុទ្ធតែត្រូវការការរួមភេទដើម្បីសេចក្ដីសុខ។ ស្វាមីភរិយាដែលល្អ គឺអាចបំពេញ​សេច​ក្ដី​ត្រូវ​ការផ្លូវភេទរបស់គ្នា និងមិនបង្ខំដៃគូឲ្យបម្រើតែខ្លួនឯងនោះទេ។

ផ្ដល់តម្លៃ និងមានគោលដៅរួមគ្នា

រូបភាពតំណាង

នៅជាមួយមនុស្សត្រឹមត្រូវតែងតែមានអារម្មណ៍កក់ក្ដៅ មិនធុញទ្រាន់ ហើយរាល់ការសន្ទនានឹងទទួលអារម្មណ៍ស្និទ្ធស្នាល ព្រោះ​ការ​សម្ដែងចេញរបស់គេពោរពេញដោយដោយក្ដីបារម្ភនិងសុទ្ធតែចិត្ត។ គេរមែងលើកទឹកចិត្តអ្នកឱ្យធ្វើការសម្រេចចិត្ត លើក​ទឹក​ចិត្ត​ឲ្យថែសុខភាពដោយបរិភោគអាហារល្អៗ និងហាត់ប្រាណ។ មនុស្សត្រឹមត្រូវពិតមែន គឺមានឆន្ទៈក្នុងការទទួល​ខុសត្រូវលើ​ជីវិត​គ្រួសាររួមគ្នា ចង់មានកូនចៅជាមួយគ្នា មានផ្ទះនៅសមរម្យ និងចង់ចាស់ទៅជាមួយគ្នា។ ស្រឡាញ់គ្នាជាមួយមនុស្សបែបនេះ មិន​មែន​មានន័យថា គ្មានការលំបាក ឬអ្នកទាំងពីរគ្មានភាពខុសគ្នានោះទេ ប៉ុន្តែគូស្នេហ៍ទាំងទ្វេរួមគ្នាដោះស្រាយបញ្ហាទាំងឡាយ និង​អាច​បន្តកាន់គ្នាទៅមុខ។

ផ្ដល់ការទុកចិត្ត និងភាពស្មោះត្រង់

រូបភាពតំណាង

គូស្នេហ៍ល្អ នឹងផ្ដល់ការជឿជាក់ ដោយមិនតាមដានការហៅទូរសព្ទ ការប្រើប្រាស់កុំព្យូទ័រ ឬទាមទារលេខ​កូដគណនី​បណ្ដាញ​ស​ង្គម​​ណាមួយដែរ។ ប្ដីប្រពន្ធត្រឹមត្រូវ មិនព្យាយាមញែកដៃគូចេញពីគ្រួសារនិងមិត្តភក្តិឡើយ។ គេនឹងមិនព្យាយាម​គ្រប់គ្រងជីវិត​អ្នក​ទេ ​តែនឹងចង់ចែករំលែកជីវិតជាមួយគ្នាវិញ។ ជារឿយៗគេសួរពីតម្រូវការរបស់អ្នក បើអ្នកចង់មានពេលនៅតែម្នាក់ឯង ឬមាន​ក​ន្លែ​ង​​ផ្ទាល់ខ្លួន គេក៏ទុកចន្លោះឲ្យអ្នក។ គេក៏មិនឈ្លបយកការណ៍លើអ្នក ហើយរឹតតែគ្មានកូនចិត្តលួចក្បត់ម្ដងណាឡើយ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...