ឃ្លា​សារ​ភាព​ស្នេហ៍​ទាំង ​៤ ​មាន​អត្ថ​ន័យ​ខុស​ៗ​គ្នា ​ប្រើ​ឱ្យ​ចំ​តាមចរិ​​ត​មនុស្ស​ទើប​មាន​ប្រសិទ្ធ​ភាព​

ព្រហស្បតិ៍, ០៩ កក្កដា ២០២០

552

នៅពេលស្រលាញ់នរណាម្នាក់ ពេលខ្លះពិបាករកពាក្យអ្វីសារភាពប្រាប់គេមែនទេ? ទាំងនេះជាឃ្លាសារភាពស្នេហ៍ទាំង ៥ ប្រភេទ ដែលមានអត្ថន័យខុសៗគ្នា ហើយអ្នកអាចនិយាយវាទៅកាន់មនុស្សដែលអ្នកស្រលាញ់ឱ្យសមស្របតាមអត្តចរិតរបស់គេផង ទើបអាចទទួលបានប្រសិទ្ធភាពខ្ពស់។ ឃ្លាសារភាពស្នេហ៍ទាំង ៥ នោះមានដូចជា៖

១. តើពួកយើងទាំងពីរនាក់អាចស្វែងយល់ចិត្តគ្នាបានទេ? នេះជាឃ្លាសារភាពដ៏ល្អមួយ ដែលភាគច្រើនមនុស្សមានគំនិតស្នេហា​បែប​ចាស់ទុំគេនិយមប្រើ ជាពិសេស គឺអ្នកដែលធ្លាប់សារភាពស្នេហ៍ជាលើកទី២ ក៏ចូលចិត្តប្រើពាក្យនេះដែរ ព្រោះថាអត្ថន័យ​នៅ​ក្នុង​ឃ្លានេះ គឺបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកចម្លើយពីភាគីម្ខាងទៀត ទោះបីជាគេយល់ព្រម ឬ បដិសេធ​ក៏ដោយ។ ម្យ៉ាងទៀត ឃ្លានេះបង្ហាញពីចរិតស្នេហាបែបចាស់ចិត្តចាស់គំនិត ចេះគិតវែងឆ្ងាយ ចំណែក​មនុស្សដែលអ្នក​គួរ​ប្រើ​ឃ្លា​នេះទៅកាន់គេ ក៏គួរតែជាមនុស្សមានចិត្តគំនិតចាស់ទុំដែរ។

២. គិតម៉េចដែរ បើពេលនេះមាននរណាម្នាក់ កំពុងតែលួចចាប់អារម្មណ៍លើអ្នក? នេះជាឃ្លាសារភាពបែបលែបខាយ ឬជា​លក្ខណៈ​ប្រលោមលោកបន្តិច តែជាឃ្លាសារភាពដ៏ល្អមួយដែលអាចប្រើលើមនុស្សដែលមានមនោសញ្ចេតនាជ្រាលជ្រៅ បេះដូង​រឹង មិន​ងាយ​ស្រលាញ់​អ្នកណា។ ដូច្នេះ រាល់ភាសាដែលត្រូវប្រើទៅកាន់គេ ត្រូវតែជាពាក្យប្លែកៗ ជ្រៅៗ បង្កប់ន័យ ហើយលាយ​ឡំ​នឹងការ​លែបខាយផងទើបគេចូលចិត្ត និងឆាប់បាក់ចិត្តមកលើយើង។

៣. ខ្ញុំស្រលាញ់អ្នក៖ សម្រាប់ឃ្លាសារភាពមួយនេះ នរណាៗក៏ដឹងដែរ ហើយភាគច្រើនអ្នកដែលទើបមានស្នេហាដំបូង ចូលចិត្ត​ប្រើ​ឃ្លានេះ​ណាស់ ព្រោះវាបង្ហាញពីភាពនៅក្មេងខ្ចីលើបទពិសោធរឿងស្នេហា ក៏ដូចជាអាយុក្មេងខ្ចីផងដែរ ទើបធ្វើឱ្យគេ​និយាយ​ពាក្យ​ត្រង់ៗ​បែបនេះ ទៅកាន់មនុស្សណាម្នាក់ដែលតែងតែធ្វើឱ្យបេះដូងគេលោតញាប់ រហូតដល់ទ្រាំមិនបាន​ធ្វើឱ្យគេ​ប្រែក្លាយ​ជា​មនុស្ស​ក្លាហាន ហ៊ានដាច់ចិត្តទម្លាយពាក្យនេះចេញមក។

៤. ខ្ញុំមានដើមឈើមួយដើម ជាពូជល្អណាស់ តែខ្វះដីដែលមានជីជាតិ ដែលអាចដាំដុះឱ្យលូតលាស់មានផលផ្លែច្រើន តើនៅ​ផ្ទះ​អ្នក​មានដី​ប្រភេទនេះទេ? នេះជាឃ្លាសារភាពបែបបុរាណបន្តិចហើយ អាចប្រើបានចំពោះមនុស្សដែលមាន​គំនិត​ចាស់ទុំ​ច្រើន ហើយនៅប្រកាន់ប្រពៃណីបុរាណច្រើន អ្នកគ្រាន់តែនិយាយពាក្យបែបនេះទៅកាន់គេ គឺគេអាច​នឹងកាត់ន័យយល់​ពី​គោល​បំណង​របស់អ្នក​ហើយ។

តាមពិតឃ្លាសារភាពស្នេហ៍ អាចនឹងកើតឡើងប្លែកៗគ្នាក្នុងពាក្យពេចន៍ផ្សេងៗគ្នា អាស្រ័យទៅតាមស្ថានភាព និងការនិយមលេង​ពាក្យ​លែបខាយ​របស់អ្នក និងមនុស្សដែលអ្នកកំពុងស្រលាញ់។  តាមបទពិសោធរបស់អ្នក មានឃ្លាសារភាព​ប្លែកៗ​អ្វីផ្សេង​លើស​នេះ​ដែរទេ? អាចចែករំលែកជាមួយ Poraman បានណា៎!

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...