បើ​​ចង់​ឱ្យ​កូន​ល្អ ​ឪពុក​ម្ដាយ​គ្រប់​រូប​មិន​គួរ​ប្រដៅ​កូន​តាម​វិធី ​៤​យ៉ាង​នេះ​ទេ​

សៅរ៍, ១៨ កក្កដា ២០២០

40

ឪពុកម្ដាយគ្រប់រូបរមែងចង់ឲ្យកូនៗរស់នៅជាក្មេងល្អ ព្រមទាំងមានជីវិតដ៏ប្រសើរមួយនាពេលអនាគត។ ដូច្នេះ​ឪពុកម្ដាយ​រាល់គ្នា​តែង​អប់រំបង្រៀនពួកគេតាមវិធីផ្សេងៗដើម្បីធានាថាកូនៗក្លាយជាក្មេងល្អ។ ប៉ុន្តែវិធីខ្លះឪពុកម្ដាយ​មិនគួរយកមកប្រើដើម្បី​ស្ដី​ប្រ​ដៅ​កូន​ៗ​ទេ ព្រោះអាចនាំឲ្យពួកគេមានបញ្ហាផ្លូវចិត្តទៅវិញ។

១. ស្តីបន្ទោសកូននៅមុខអ្នកដទៃ

ការប្រៀនប្រដៅកូនចៅគឺជារឿងមួយដ៏ត្រឹមត្រូវដើម្បីតម្រង់ទិសទៅកាន់អនាគតត្រចះត្រចង់។ ផ្ទុយមកវិញ បើស្ដីប្រដៅ​កូន​នៅ​នឹង​មុខ​អ្នកដទៃ នោះអាចនឹងបង្កឲ្យពួកគេអៀនខ្មាស់និងគុំគួន។ ទង្វើត្រឹមត្រូវឪពុកម្ដាយគួរស្តីប្រដៅនៅពេលដែលភ្ញៀវមិននៅ ឬគ្មានអ្នកដទៃ។

២. ដាក់វិន័យដោយគ្មានហេតុផល

ការដាក់កំហិត ឬវិន័យអ្វីមួយទៅកាន់កូនចៅ ចាំបាច់ត្រូវតែមានហេតុផលដែលបញ្ជាក់ថា កិច្ចការដែលកំពុងធ្វើគឺ​អាចជួយដល់​ពួក​គេ​បាន។ ការពន្យល់ប្រាប់អំពីផលវិជ្ជមាន និងអវិជ្ជមានទៅកាន់ក្មេងនូវរឿង​ដែលឪពុកម្ដាយហាមឃាត់គឺ​ពិតជាភារកិច្ចដែល​មិន​គួរ​មើល​រំលង។

រូបភាពតំណាង

៣. ប្រៀបធៀបកូនជាមួយអ្នកដទៃ

ឪពុកម្តាយមួយចំនួនចង់ឲ្យកូនយកបុគ្គលណាម្នាក់ធ្វើជាគំរូ ដោយប្រើពាក្យសម្ដីប្រៀបធៀប វាយតម្លៃទាបចំពោះកូនរបស់ខ្លួន។ ទ​ង្វើ​បែបនេះមិនមែនជាការបង្រៀនកូនឲ្យល្អដូចប៉ាម៉ាក់រំពឹងនោះទេ ប៉ុន្តែអាចបង្កឲ្យមានជំងឺបាក់ទឹកចិត្តចំពោះកូនទៅវិញ។ អ្វី​ដែ​ល​ឪពុកម្តាយគួរធ្វើគឺលើទឹកចិត្តកូន និងផ្តល់ដំបូន្មានល្អៗទៅតាមលទ្ឋភាព។

រូបភាពតំណាង

៤. ប្រើពាក្យអសុរោះទៅកាន់កូនៗ

ការប្រើប្រាស់សម្ដីត្រឹមត្រូវ នឹងនាំទៅកាន់ជីវិតដែលវិជ្ជមាន ប៉ុន្តែបើប្រើខុសនឹងនាំទៅកាន់រឿងមិនល្អ។ ដូច្នេះ ការប្រើពាក្យ​ដែល​ពុំ​គប្បី​ទៅកាន់ក្មេង គឺកំពុងបង្ហាញនូវបុគ្គលិកលក្ខណៈ ដែលពោពេញទៅដោយភាពអវិជ្ជា និងជាគំរូអវិជ្ជមាន ទៅ​កាន់កូនៗ​របស់​ខ្លួន​។

ពាក្យសម្ដីមនុស្សចាស់ពិតជាមានឥទ្ឋិពលខ្លាំងណាស់ចំពោះក្មេងៗ។ ដូចេ្នះជាឪពុកម្ដាយគួរប្រើពាក្យពិរោះពិសារ និងទន់ភ្លន់​ធ្វើជា​គំរូ ​មិនមែនអាងអីក៏សម្លុតជេរប្រមាថនោះទេ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...