ចង់បដិសេធស្នេហ៍ តែមិនចង់ឱ្យគេខឹង ឬបាត់បង់មិត្តភាព? អាន ៥ចំណុចនេះ

អាទិត្យ, ១៩ កក្កដា ២០២០

5.5K

អ្នកណាក៏ប្រាថ្នាចង់បានស្នេហាពិតប្រាកដមួយដែលបេះដូងដើរស្របទិសគ្នា គឺមានន័យថា យើងស្រលាញ់គេ គេក៏​ស្រលាញ់​យើង​ត្រលប់​មកវិញ។ ចុះបើជួបស្នេហាមួយដែលគេស្រលាញ់យើង តែយើងមិនបានស្រលាញ់គេវិញ តើគួរបដិសេធ​គេ​ដោយ​របៀប​ណា? ប្រើវិធីបដិសេធយ៉ាងណា ឱ្យគេយល់ អាចទទួលយកបាន កុំឱ្យគេខឹង ហើយបាត់បង់មិត្តភាព? តោះសូមអាន ៤ចំណុច​ខាងក្រោម៖

១. កុំបដិសេធភ្លាមៗ គួរព្យាយាមទុកឱកាសក្នុងចន្លោះរយៈពេលណាមួយ ដើម្បីស្វែងយល់ពីខ្លួនឯងថា យើងពិតជាមិនអាច​ស្រលាញ់គេមែន ឬយ៉ាងណា ដើម្បីឱ្យយើងក៏អស់ចិត្ត គេក៏អស់ចិត្ត។ នៅពេលដល់រយៈពេលកំណត់ បើយើងនៅតែ​មិន​អាច​ស្រលាញ់​គេ រឿងបន្ទាប់ដែលយើងត្រូវធ្វើគឺ ផ្ដល់ចម្លើយបដិសេធទៅកាន់គេត្រង់ៗតែម្ដង ដោយ​ចាប់ផ្ដើមដូចចំណុទី២​ខាង​ក្រោម។

២. ការលើកហេតុផលមកនិយាយជាមួយគេ៖ ហេតុផលដែលត្រូវលើកយកមកនិយាយប្រាប់គេមានពីរគឺ ហេតុផលបេះដូង និងហេតុផលជាក់ស្ដែង។ សម្រាប់ហេតុផលបេះដូង យើងព្យាយាមពន្យល់គេយ៉ាងណា ឱ្យគេយល់ថា ការបដិសេធ​របស់​យើង​លើគេ មិនមែនមានន័យថាគេមិនល្អទេ តែមកពីបេះដូងយើង មិនអាចទទួលយកគេក្នុងន័យ​ជាស្នេហាបាន ក្នុងបេះដូងយើង គេជាមនុស្សល្អម្នាក់ដែលស្ថិតក្នុងព្រំដែននៃមនោសញ្ចេតនាបែបផ្សេង អាចជាមិត្ត ជាបងប្អូន ឬជាមនុស្សស្គាល់គ្នាដ៏ល្អម្នាក់ តែវាមិនមែនជាស្នេហាទេ។ ចំណែកហេតុផលជាក់ស្ដែង អាចជាកត្តាជាក់ស្ដែងផ្សេងៗ ដូចជា ការសិក្សា ការងារ គោលដៅជីវិត ឬយើងជាមនុស្សដែលមានផែនការជីវិតវែងឆ្ងាយ ចង់សម្រេចក្ដីស្រមៃខ្លួនឯងឱ្យបានសិន មុនពេលចាប់ផ្ដើមទទួលយកស្នេហា។

៣. លើកគុណវិបត្តិដែលអាចកើតមាន បើសិនជាយើងស្រលាញ់គ្នា៖ ស្នេហាមិនអាចបង្ខំបាន បើមិនស្រលាញ់ គឺស់នៅ​ជាមួយ​គ្នា​គ្មាន​ក្ដីសុខទេ យើងមិនអាចសម្ដែងធ្វើជាស្រលាញ់គេបានពេញមួយជីវិតទេ បើយើងបន្តស្រលាញ់គ្នា ហើយ​រៀប​ការ​ជាមួយ​គ្នា​ទាំង​ដែល​យើងមិនបាន​ស្រលាញ់គេ វាអាចនឹងជួបរឿងប្រេះឆានៅថ្ងៃណាមួយ ធ្វើឱ្យស្នេហានេះ​មិនគង់វង្ស​ដដែល ហើយ​កាន់តែ​មាន​រឿងវែងឆ្ងាយ។

៤. ប្រើភាសាដែលប្រកបដោយការថ្លឹងថ្លែង មានសីលធម៌ មានចំណេះដឹង កុំយកកំហឹងទៅជះដាក់គេ ដើម្បីគិតថាចង់ឱ្យពាក្យ​បែក​ឆាប់​មានប្រសិទ្ធភាព។ ធ្វើបែបនេះអ្នកនឹងបាត់តម្លៃខ្លួនឯង ហើយអាចបង្កឱ្យមានអំពើហិង្សា ឬការខឹងសម្បាកើតឡើង។ ម្យ៉ាង​ទៀត គេអាចនឹងឈឺចាប់កាន់តែខ្លាំង ដែលទទួលបានពាក្យមិនសមរម្យពីយើង ហើយ​យើងខ្លួនឯងក៏ហាក់ដូចជាមាន​អារម្មណ៍​ថាខុសដែរ។ ហេតុនេះ ភាសាផ្លូវការ មានហេតុផលច្បាស់លាស់ ជាអ្វីដែលធ្វើឱ្យគេឆាប់ទទួលយកបាន។

៥. ការបែកគ្នាដែលល្អ គឺជាការបែកគ្នាដែលនិយាយគ្នាតាមសម្រួល នៅតទល់មុខគ្នា មិនមែនគ្រាន់តែប្រើពាក្យថា «បែកគ្នាទៅ» ឬ ឆាតមកប្រាប់ថា «ឈប់ស្រលាញ់គ្នាហើយ» ហើយក៏គិតថាចប់រឿងនោះទេ ព្រោះការធ្វើបែបនេះអាចនាំឱ្យភាគីម្ខាងទៀត មិន​អាច​ទទួល​យក​បានទេ គេនឹងមិនបានទទួលការបកស្រាយហេតុផលជាក់លាក់ពីមាត់យើង ធ្វើឱ្យគេនៅតែមិនអស់ចិត្ត និង​មាន​អារម្មណ៍ថានេះ​ជាការបែកគ្នាដោយមិនជ្រះស្រឡះ។ ដូច្នេះ គួរមានពេលជួបនិយាយគ្នាតទល់មុខគ្នា ទើបជាការផ្ដល់​តម្លៃ​ឱ្យគ្នា​ទៅវិញ​ទៅមក។

ការពិតទៅ! គ្មានការបែកគ្នាដែលនាំមកនូវអារម្មណ៍ល្អដល់ភាគីដែលត្រូវបានគេបដិសេធស្នេហ៍ទេ ប៉ុន្តែទោះជាយ៉ាងណា យើង​គួរតែ​ព្យាយាមរកដំណោះស្រាយសមស្របឱ្យអស់ពីលទ្ធភាពជាមុនសិន ជាក់ស្ដែងដូចជា ៥ចំណុចខាងលើនេះ​យ៉ាង​ដូច្នោះ​ដែរ៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...