ស្រលាញ់គេ តែមិនចង់សារភាព ការពិតគឺមកពីមូលហេតុទាំងនេះ

សៅរ៍, ២៥ កក្កដា ២០២០

374

ទាំងយើងទាំងគេពិតជាធ្លាប់ឆ្ងល់ហើយថា មនុស្សខ្លះសុខចិត្តលួចស្រលាញ់គេរាប់ឆ្នាំ តែមិនព្រមសារភាពឱ្យគេដឹងសោះ សួរថាមកពីអ្វីដែលនាំឱ្យគេបណ្ដែតបណ្ដោយអារម្មណ៍បែបនេះ?

ចាំអង្កាល់! តោះ... មកដឹងមូលហេតុនៅពីក្រោយរឿងនេះទាំងអស់គ្នា៖

១. ខ្លាចខកបំណង៖ អារម្មណ៍ខកបំណងមិនមែនធ្វើឱ្យគេឈឺចាប់តែមួយមុខទេ ថែមទាំងធ្វើឱ្យគេជួបបញ្ហាច្រើនទៀតដូចជា គេ​អត់​ស្រលាញ់ ហើយបែក​ការណ៍ទៀត ក៏នាំឱ្យខ្មាសគេជាជាងដែលលាក់ទុកមិនព្រមសារភាព។

២. អារម្មណ៍លួចស្រលាញ់គេ រំភើបជាងអារម្មណ៍ស្រលាញ់ដែលគេដឹង៖ ស្នេហាមិនប្រាកដថាត្រូវតែទាមទារឱ្យស្រលាញ់គ្នាទៅវិញទៅមក បានហៅថាមានន័យនោះទេ ផ្ទុយទៅវិញ បើចិត្តយើងរីករាយ​ចំពោះ​អ្វីដែលខ្លួនមានហើយ នោះក៏ជាជម្រើសរបស់យើងទៅហើយ។ ម្យ៉ាងទៀត ការព្រម​លាក់ទុកអារម្មណ៍លួចស្រលាញ់គេ ក៏ព្រោះ​តែ​គេចង់បានអារម្មណ៍រំភើបយូរអង្វែង ដរាបណាមនុស្សដែលគេកំពុងលួច​ស្រលាញ់​មិនទាន់មានអ្នកណា គេនៅតែ​អាចបន្ត​អារម្មណ៍​លួចស្រលាញ់បែបនេះបានរហូត។

៣. គេមានអារម្មណ៍ស្កប់ស្កល់នឹងក្ដីសុខដែលគេទទួលបាន៖ ទោះបីត្រឹមជាស្នេហ៍តែម្ខាង តែមនុស្សខ្លះក៏ព្រមទទួលយកវា ព្រោះ​ថា​វាជាអ្វីដែល​បេះដូងគេយល់ថាស្កប់ស្កល់ ស្រលាញ់គេ គឺស្រលាញ់ មិនបាច់ប្រាប់គេក៏បាន មិនបាច់ទទួល​ចម្លើយពីគេក៏បាន មិន​បាច់​សារភាពប្រាប់គេក៏បាន មិនបាច់ឱ្យគេស្រលាញ់តបមកវិញក៏បាន សំខាន់ឱ្យតែក្នុងចិត្តគេយល់ថាគ្រប់គ្រាន់នឹងក្ដីសុខបែប Private នេះក៏សមល្មមពេកហើយ។

ទោះជាយ៉ាងណា ស្នេហាមិនអាចបង្ខំឡើយ តែស្នេហាក៏ជាជម្រើសរបស់យើង បើយើងរីករាយជាមួយនឹងជម្រើសបែបណា យើង​អាច​សម្រេចចិត្ត​ទទួលយក​ជម្រើសនោះចុះ សំខាន់កុំឱ្យតែប៉ះពាល់ ឬរំខានដល់គេ ហើយត្រូវហ៊ានយកខុសរាល់​អ្វីដែល​ខ្លួន​បាន​សម្រេច​ចិត្ត៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...