ចរិតលក្ខណៈទាំង ៣ យ៉ាងនេះ បង្ហាញថាអ្នកជាមនុស្សស្រីរឹងមាំពិតប្រាកដ

អាទិត្យ, ២៦ កក្កដា ២០២០

709

យើងអាចសម្គាល់មនុស្សស្រីណាម្នាក់ថា រឹងមាំឬទន់ខ្សោយដោយសារសកម្មភាព និងផ្លូវចិត្តរបស់នាង។ ជាទូទៅមនុស្ស​ស្រីទន់​ខ្សោយ​តែង ឆាប់ភ័យ ខ្លាចច្រើន គ្មានជំនឿចិត្ត ហើយងាយនឹងចុះចាញ់។ រីឯនារីរឹងប៉ឹងរមែង មានជំហរមាំមួន ជឿជាក់ខ្លួនឯង និង​ពុះពារ​ជាមួយឧសគ្គជានិច្ច។ ខាង​ក្រោមនេះជាសញ្ញាចរិតរឹងមាំនៃស្រ្តីណាម្នាក់៖

១. មិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

ការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ គ្មានបានការអ្វី ក្រៅពីចាត់ទុកខ្លួនជាមនុស្សអន់ ហើយរឹតតែបាក់ទឹកចិត្តថែម។ មនុស្សស្រី​រឹងមាំ មិនចូលចិត្តប្រៀបខ្លួនជាមួយអ្នកណា នាងរមែងស្គាល់ខ្លួនឯងច្បាស់ ហើយមានវិធីដើរលើផ្លូវរបស់នាង រីឯផ្លូវរបស់​គេ​ជារឿង​របស់​គេ គ្មានពាក់ព័ន្ធគ្នាឡើយ។

២. ទទួលយកជោគជ័យតូចតាច

មនុស្សគ្រប់គ្នាអាចបែរខ្នងនឹងនាង អាចជាន់ទម្លាក់នាង អាចមើលងាយសមិទ្ធិផលដែលនាងសាងបាន ប៉ុន្តែនារីរឹងប៉ឹង នៅតែជឿ​លើ​ខ្លួនឯង មិនព្រមដួលងាយៗឡើយ។ មនុស្សមួយចំនួនអាចចាត់ទុក ផ្ទះធំ ឬឡានថ្មី ថាជាជោគជ័យ តែចំពោះនាង ទូរសព្ទចុច​ពិល ឬម៉ូតូធម្មតាក៏អាចជាជោគជ័យដូចគ្នា ព្រោះវាជាអ្វីដែលត្រូវចំណាយញើសឈាមទើបអាចរកបាន។ វាជាសមិទ្ធផល​តូចតាច​ក៏​ពិតមែន តែនាង​បានផ្លាស់ប្ដូរ​ប្រសើរជាងមុន។

៣. ទោះបរាជ័យក៏មិនរាថយ

មនុស្សមួយចំនួន បរាជ័យតែម្ដងអាចធ្វើឲ្យពួកគេបាក់ស្បាតបាន រហូតរារែកក្នុងការឈានទៅមុខបន្តទៀត ព្រោះខ្លាចជាន់លើ​ដាន​ដដែល។ ផ្ទុយទៅវិញ មនុស្សស្រីមានចិត្តរឹងមាំមិនខ្លាចក្នុងការឈានទៅមុខទេ ព្រោះនាងដឹងច្បាស់ថា បើចុះចាញ់មិន​ព្រម​ក្រោក​ឈរ​និងមិនអាចជោគជ័យជាដាច់ខាត។ នាងចូលចិត្តរៀនសន្សំបទពិសោធន៍ ហើយនឹងឆ្ពោះទៅមុខជានិច្ច ទោះដឹងថា​ពេល​ខាង​មុខអាចជួបព្យុះភ្លៀងក៏ដោយ៕

ប្រភពអត្ថបទ៖ kampucheathmey.com

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...