ចំណុច​ទាំង ​៦​យ៉ាង ​ជួយ​ពង្រឹង​ទំនាក់​ទំនង​ដៃ​គូ​ស្នេហា​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ទ្វេ​ដង​

ព្រហស្បតិ៍, ៣០ កក្កដា ២០២០

474

មាន​រឿង​ខ្លះ​ដែល​យើង​គួរ​ធ្វើ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ប្រសិនបើ​យើង​ចង់​បង្កើន​ក្ដី​ស្រឡាញ់​រឹងមាំ​ដែល​មាន​ចំពោះ​គ្នា​​ទៅ​វិញ​ទៅ​មក​។ នេះ​គឺ​ជា​រឿង​ងាយ​ៗ ៦ យ៉ាង​ ដែល​អាច​ធ្វើ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយដៃគូជាងមុន៖

១. ចំណាយ​ពេល​វេលា​ប្រកបដោយ​គុណភាព​ជាមួយ​គ្នា

មើល​គ្រឿង​អេឡិចត្រូនិក​ដែល​ចូលចិត្ត​ជាមួយគ្នា ​មិន​អាច​ចាត់​ថ្នាក់​ជា “ ពេល​វេលា​គុណភាព” ទេ។ ដាក់​ទូរស័ព្ទ​ចុះ ​ហើយ​បិទ​ទូរ​ទ​ស្សន៍ឱ្យ​សម្រាក​ខ្លះ។ ចង់​ពង្រឹង​ទំនាក់ទំនង​ ត្រូវ​រៀន​ពី​របៀប​រីករាយ​ជាមួយគ្នា​ទៅ​វិញ​ទៅមក ​ដោយ​មិន​ពឹងផ្អែក​លើ​ឧបករណ៍​ឌី​ជី​ថល​​ណាមួយ​ឡើយ។

រូបភាពតំណាង

២. បង្ហាញ​ការ​ដឹង​គុណ​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នីមួយៗ

រឿង​ដែល​សំខាន់​សម្រាប់​យើង ​គឺ​មាន​មនុស្ស​ម្នាក់ដែល​ស្រូប​យក​ភាព​អវិជ្ជមាន​របស់​យើង ​និង​ធ្វើ​ឲ្យ​យើង​អាច​ស្ងប់​នៅ​ពេល​ណា​ដែ​ល​​យើង​​ខកចិត្ត។ យើង​អាច​ធុញទ្រាន់​នឹង​មនុស្ស​​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​យើងមិនល្អ​ តែ​មិន​ថា​មាន​រឿង​អ្វី​ ​មិន​គួរ​ភ្លេច​បង្ហាញ​ការ​ដឹង​គុណ​របស់​យើង​ ទៅ​កាន់​ដៃគូឡើយ។ នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នីមួយៗ ​គួរ​តែ​ចំណាយ​ពេល​ពីរ​បី​នាទី​ ដើម្បី​ចែក​រំលែក​អំណរគុណ​ដែល​ដៃគូ​យើង​បាន​ចូល​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​របស់​យើង។

៣. ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ថ្មី​ជាមួយ​គ្នា

ចាប់ផ្ដើម​​ដំណើរ​ផ្សង​ព្រេង​ថ្មី​ជាមួយ​គ្នា។  ស្វែងរក​ភាសា​ដែល​អ្នក​ទាំងពីរ​ចង់​រៀន​ ឬ​ថ្នាក់​សិល្បៈ​ដែល​អ្នក​ទាំងពីរ​ពេញចិត្ត។ ចូលរួម​វគ្គសិក្សា​ធ្វើ​ម្ហូប​ ឬ​សាកល្បង​តាម​អ៊ីនធឺណិត​នៅ​ផ្ទះ។ អ្វី​ក៏​ដោយ​ដែល​យើង​ជ្រើសរើស ​ត្រូវ​ប្រាកដ​ថា ​វា​ជា​អ្វី​ដែល​អ្នក​ទាំងពីរ​ចង់​បាន។ ភាព​រាក់ទាក់​នេះ​នឹង​ជួយ​បង្កើត​ទំនាក់ទំនង​កាន់​តែ​ស៊ីជម្រៅ​ជាមួយ​គ្នា។

៤. ធ្វើ​តាម​ចំណង់ចំណូលចិត្ត​របស់​ម្នាក់ៗ

ធ្វើអ្វី​ៗ​ជាមួយគ្នា​គឺ​អស្ចារ្យ​ណាស់! ទោះ​យ៉ាងណា​ក៏​ដោយ​ យើង​ក៏​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ដែរ។ ដើម្បី​ឱ្យ​ទំនាក់ទំនង​រឹងមាំ​និង​មាន​គោ​ល​បំណង ​យើង​ក៏​ត្រូវ​ចំណាយ​ពេល​ខ្លះ​ដោយ​ខ្លួនឯង​ដែរ​ ដើម្បីធ្វើអ្វី​ដែល​ខ្លួន​ស្រលាញ់​ផ្ទាល់។ មិន​ចាំ​បាច់​ចំណាយ​ពេល ១០០ ភា​គ​រយ​​នៃ​ពេលវេលា​របស់​យើង​ជាមួយគ្នា​ទេ។ ជា​ការ​ពិត​ នៅ​ពេល​ដែល​អ្នក​ទាំងពីរ​កំពុង​ធ្វើអ្វី​ដែល​ចូលចិត្ត​ដាច់​ដោយ​ឡែក​ពី​គ្នា​ យើ​​ង​​​កំពុង​ធ្វើ​ឲ្យ​កម្រិត​សុភមង្គល​និង​ការ​ពេញចិត្ត​របស់​បុគ្គល​ម្នាក់ៗ​កាន់​តែ​ប្រសើរ​ឡើង។

រូបភាពតំណាង

៥. រៀន​ពិភាក្សា​អំពី​បញ្ហា​ដោយ​បើកចំហ

រឿង​អាច​ដោះស្រាយ​បាន​ងាយស្រួល​ ប្រសិនបើ​យើង​រៀន​ស្ដាប់​ដៃគូ​ហើយ​បង្ហាញ​ពី​ទស្សនៈ​រួម​គ្នា​ឱ្យ​មាន​ប្រសិទ្ធភាព។ នៅ​ពេល​ណា​ដែល​យើង​មាន​អារម្មណ៍​ថា​ មាន​អ្វីមួយ​មិន​ស្រួល​នៅចន្លោះ​អ្នក​ទាំងពីរ​ គួរតែ​ចែករំលែក​អារម្មណ៍​នេះ​​ជាមួយ​គ្នា។ បើ​យើង​អ​នុ​វត្​ត​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​បើកចំហ ​នោះ​នឹង​ឃើញ​ថា​បញ្ហា​ភាគច្រើន​របស់​យើង​មាន​ដំណោះស្រាយ​សាមញ្ញ​មួយ​មិនខាន។

៦. កំណត់​គោលដៅ​ជាមួយ​គ្នា

ចាប់ផ្ដើម​បង្កើត​ទំនាក់ទំនង​គឺ​ងាយស្រួល ប៉ុន្តែ​ពេលខ្លះ​គ្រប់យ៉ាង​មិន​ច្បាស់​ថា​ តើ​អ្នក​ទាំងពីរ​​នៅ​តែ​ចង់​បាន​របស់​ដូចគ្នា​នៅ​ក្នុង​ជី​វិ​ត​​ដែរ​ឬទេ។ ចង់​បង្កើត​ទំនាក់ទំនង​រឹងមាំ​និង​ស្ថិរភាព​ត្រូវ​កំណត់​គោលដៅ​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​យើង​មាន​អ្វី​មួ​យ​​ដែល​អ្នក​ទាំ​ង​ពីរ​ប្រាថ្នា​ចង់​សម្រេច​បាន​ជាមួយ​គ្នា​ នោះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់​តែ​ល្អ​ជាង​មុន៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...