ជៀសវាងខកចិត្ត! មេរៀនសំខាន់ ៥យ៉ាង ដែលអ្នក​គួរយល់ពី​អារម្មណ៍​ស្រឡាញ់គេ​តែម្ខាង

សុក្រ, ៣១ កក្កដា ២០២០

953

ស្រឡាញ់គេ តែគេមិនស្រឡាញ់វិញ ជារឿងខកចិត្តបំផុតដែលយើងមិនចង់ទទួល។ ស្រឡាញ់នរណាម្នាក់ យើងរមែង​ចង់​បាន​ការ​តបត​ដោយស្រឡាញ់​ត្រឡប់មកវិញ។ ប៉ុន្តែគ្រប់យ៉ាងលើលោកនេះ មិនអាចចេះតែសមបំណងឡើយ។ ទោះខូចចិត្ត​ពី​ស្នេហ៍​គេ​តែ​ម្ខាង​​ក៏ដោយ ក៏មិនមែនមានន័យថា យើងចាញ់ដែរ។

ផ្ទុយទៅវិញ យើងនឹងទទួល​បាន​មេរៀន​សំខាន់ៗ​ទាំ​ង៥ ខាង​ក្រោម​នេះ​ទុក​ជា​បទពិសោធន៍ក្នុងជីវិត៖

១. និយាយអ្វីដែលមានក្នុងចិត្ត

ជួនកាលយើងខំចំណាយពេលរាប់ឆ្នាំនៅក្បែរមនុស្សម្នាក់ដែលខំលួចមានចិត្តទៅលើ ដើម្បីឲ្យគេយល់ពីក្រអៅបេះដូង។ យើង​រ​មែង​​សង្ឃឹមថា ថ្ងៃណាមួយគេនឹងយល់ ហើយតបមកវិញនូវចិត្តស្រឡាញ់ដូចដែលយើងមានចំពោះគេ។ ប្រសិន​បើលួច​មានចិត្ត​លើ​គេ​អស់​ពេល​ជាយូរ​មកហើយ វាដល់ពេលដែលគួរនិយាយប្រាប់គេ ទោះបីគេស្រឡាញ់ឬមិនស្រឡាញ់ យ៉ាងណាក៏យើងបាន​អស់ចិត្តដែរ។

២. សង្កេតមើលចំពោះទំនាក់ទំនង

យើងនឹងមានការខកចិត្តតិច បើចេះសង្កេតសញ្ញាក្រហមចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ។ ស្រឡាញ់មនុស្សម្នាក់ដោយ​ខ្វាក់​ភ្នែ​ក ​ឬងងឹត​ងងុលពេក យើងនឹងទទួលការអស់សង្ឃឹមខ្លាំងបំផុត បើដឹងថាគេមិនបានស្រឡាញ់ខ្លួនសូម្បីបន្តិច។ បើគេ​ព្រងើយ​ក​ន្តើ​យ​​ចំពោះ​យើងទៅហើយ យើងក៏គួរដឹងខ្លួនហើយដកខ្លួនថយ កុំឲ្យបេះដូងកាន់ខ្ទេចខ្ទាំ។

រូបភាពតំណាង

៣. ពេលវេលាមានតម្លៃណាស់កុំខ្ជះខ្ជាយវា

កុំខ្ជះខ្ជាយពេលវេលាលើមនុស្សដែលមិនតបក្ដីស្រឡាញ់ជាមួយយើងវិញ។ កុំបដិសេធឱកាសផ្សេងទៀតជាមួយមនុស្ស​ដែល​ស្រ​ឡាញ់​យើង។ ប្រសិនបើស្រឡាញ់នរណាម្នាក់ហើយគេមិនមានបេះដូងត្រឡប់មកឲ្យយើងវិញទេ វាល្មមដល់​ពេល​ដើម្បីបើក​ទំព័រ​ជី​វិ​ត​​ថ្មី ​ហើយ​កសាង​អនា​គត​ជាមួយ​មនុស្ស​ដែល​មើល​ឃើញ​តម្លៃ​នៅក្នុងខ្លួនយើងពិតប្រាកដ។

៤. យើងនឹងដឹងថាខ្លួនអន់ប៉ុណ្ណានៅពេលគេមិនខ្វល់

ស្រឡាញ់គេខ្លាំងយ៉ាងណា ក៏មិនគួរបន្ទាបខ្លួនអង្វរសុំក្តីស្រឡាញ់និងការយកចិត្តទុកដាក់ពីគេឡើយ។ ភ្នែកគេមិនបានខ្វាក់ រីឯ​បេះ​ដូង​​ក៏មិនបាន​ពិការដែរ ហេតុអីគេមិនដឹងថាយើងស្រឡាញ់គេនោ? ជារឿយៗគេរមែងដឹងចិត្តយើង ប៉ុន្តែគេព្យយាមគេច ដូ​ច្នេះ​​កុំ​បន្តក្ដីសង្ឃឹម​ហើយរង់ចាំគេហៅទូរសព្ ទឬផ្ញើសារមកយើងនាំតែខូចចិត្តទទេៗ។

រូបភាពតំណាង

៥. ស្រឡាញ់គេតែម្ខាងអាចឲ្យយើងរកឃើញសុភមង្គលពីកន្លែងផ្សេង

អ្វីដែលយើងបានឆ្លងកាត់កន្លងមកពីការស្នេហ៍គេតែម្ខាង វាធ្វើឱ្យយើងក្លាយជាមនុស្សដែលរឹងមាំនិងឆ្លាតវៃជាងមុន។ ដោយសារ​គេ​មើលមិន​ឃើញពីតម្លៃនៃយើង យើងអាចរកឃើញមនុស្សល្អពិតប្រាកដម្នាក់ផ្សេង ដែលស្គាល់ខ្លួនយើងច្បាស់ និងអាច​ផ្ដល់​សុ​ភ​មង្គល​​ឲ្យបាន​ពេញមួយជីវិត៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...