មិត្តភក្តិរៀបការ​ចោលអស់ មិនមែនជា​ចុងបញ្ចប់​នៃពិភពលោកទេ គិត ៥ចំណុចនេះ

អាទិត្យ, ០៩ សីហា ២០២០

1.5K

ការពិតណាស់ មិន​មែន​ជា​រឿង​រីករាយ​ទេ​ នៅ​ពេល​ដែល​យើង​រស់នៅ​ក្នុង​ជីវិត​នៅ​លីវ​តែ​ឯង​ ហើយ​មិត្តភ័ក្ដិ​ទាំងអស់​មាន​គ្រួសារ ​រី​ឯ​អ្នក​ខ្លះ​កំពុង​តែ​មាន​កូន ។

កុំ​មាន​ទុក្ខ​ព្រួយ​នាំ​សៅហ្មង​ មក​អាន​ពី​​​របៀប​ដោះស្រាយ​ស្ថានភាព​ស្មុគស្មាញ​ ហើយ​​ត្រលប់​មក​ជា​មាន​អារម្មណ៍​ល្អ​ឡើងវិញ៖

១ . រស់នៅ​ស្របតាម​ពេលវេលា​ខ្លួនឯង

ខណៈ​ពេល​យើង​នៅ​លីវ​ ហើយ​មិត្តភ័ក្ដិ​​គ្រប់គ្នា​មាន​ផ្ទៃពោះ​ឬ​ចិញ្ចឹម​កូន​តូច​ៗ​ ​ជឿ​ថា​ស្រី​ៗ​គ្នា​យើង​​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​អា​ណិត​​ខ្លួនឯង​ នេះ​គេ​ហៅ​ថា​អន្ទាក់​ប្រៀបធៀប។ ជា​ការ​ពិត​មិន​មាន​អ្វី​ខុស​ទេ ​ហើយ​​ក៏​មិន​ចាំបាច់​ប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​មិត្ត​ល្អ​បំផុត​របស់​យើង​ដែរ។

ចូរ​រស់នៅ​តាម​ពេលវេលា​ផ្ទាល់ខ្លួន​ ហើយ​ធ្វើការ​ជ្រើសរើស​​នូវ​អ្វី​ដែល​សម​នឹង​យើង។ នៅ​ពេល​យើង​ចាប់ផ្ដើម​ផ្ដោត​អារម្មណ៍​លើ​ខ្លួន​ឯង​​និង​ពិភពលោក​ ហើយ​ឈប់​គិត​ច្រើន​ពី​អ្វី​ដែល​មនុស្ស​ផ្សេង​ទៀត​កំពុង​ធ្វើ​ នោះ​ភាព​រីករាយ​ជាមួយ​ខ្លួនឯង​នឹង​មាន​កាន់​តែ​ច្រើន​។ ហើយ​ការ​ប្រៀបធៀប​នឹង​លែង​ចាំបាច់​ ឬ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ហើយ។

រូបភាពតំណាង

២. ចងចាំ​នូវ​រាល់​របស់​ល្អ​ដែល​មាន​ក្នុង​ជីវិត

ជំនួស​ឱ្យ​ការ​គិត “ មិត្តភ័ក្ដិ​របស់​ខ្ញុំ​ទាំងអស់​សុទ្ធ​តែ​មាន​កូន​ ហើយ​ខ្ញុំ​នៅ​តែ​នៅ​លីវ​ដដែល” គិត​អំពី​អ្វី​គ្រប់យ៉ាង​ដែល​យើង​មាន​មក​វិញ។ ប្រាកដ​ណាស់​​ យើង​​មិន​អាច​ចិញ្ចឹម​កូន​អាយុ ២ ឆ្នាំ​ឬ​មាន​ផ្ទៃពោះ​បាន​ទេ ហើយ​ក៏​មិន​មាន​សង្សារ​ដែរ ប៉ុន្តែ​យើង​មាន​ផ្ទះ​ផ្ទា​ល់​ខ្លួន​​ឬ​ការងារ​ដែល​ពេញចិត្ត​សព្វថ្ងៃ។

នៅ​លីវ​យើង​អាច​ធ្វើ​រឿង​ដែល​ធ្វើ​ឲ្យ​​សប្បាយចិត្ត​​បាន​ធ្វើ​រាល់ថ្ងៃ។ យើង​ចូលចិត្ត​ហាត់​យូហ្គា​ឬ​ចូលចិត្ត​អាន ​គឺ​បាន​ភ្លាមៗ​ឥត​បង្អង់។ ឃើ​ញ​​ទេ ​មាន​រឿង​អស្ចារ្យ​ជា​ច្រើន​ទៀត​​នៅ​ក្នុង​ជីវិត​របស់​យើង។

៣. កុំ​ស្មាន​ថា​ជីវិត​មិត្ត​មាន​គ្រួសារ​ងាយស្រួល​ជាង

មិនមែន​មិត្តភ័ក្ដិ​បាន​រៀបការ​និង​មាន​កូន​ មានន័យថា​ពួកគេ​ពិត​ជា​សប្បាយ​រីករាយ​ខ្លាំង​នោះ​ទេ។ ពួកគេ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដា​ក់​​ពី​ពិភពលោក​​ដូច​យើង​ទេ។ និយាយរួម​ពួកគេ​មិន​ដូច​យើង​ឡើយ។

ការពិត​គឺ​ថា​មិត្ត​របស់​យើង​អាច​ជា​ច្រណែន​នឹង​យើង​វិញ​ផង​មិន​ដឹង។ ពួកគេ​មិន​បាន​សប្បាយ​ចិត្ត​រាល់​ថ្ងៃ​ឡើយ ​ពីព្រោះ​ពួកគេ​មាន​គ្រួសារ​ត្រូវ​រ៉ាប់រង​និង​បញ្ហា​ផ្ទាល់ខ្លួន​សឹង​រាល់ថ្ងៃ។ គ្រាន់​តែ​ថា ​បញ្ហា​របស់​ពួកគេ​មើល​ទៅ​ខុស​គ្នា​ពី​យើង។

រូបភាពតំណាង

៤. បន្ត​ដេញ​តាម​អ្វី​ដែល​ចង់​បាន

ចូរ​បន្ត​ដេញ​តាម​អ្វី​ដែល​យើង​ធ្លាប់​ចង់​បាន​ ហើយ​សម​នឹង​ទទួល​យក​វា។ គិត​អំពី​អ្វី​ដែល​ធ្លាប់​ទទួល​បាន​នៅ​ក្នុង​ជីវិត​របស់​យើង។ មិ​ន​​ថា​​ជា​រឿង​អ្វី​ ត្រូវ​តែ​ខិតខំ​និង​ជឿជាក់​លើ​ខ្លួនឯង​ ហើយ​រឿង​តែ​មួយ​គត់​ដែល​អាច​បរាជ័យ ​គឺ​ប្រសិនបើ​យើង​ឈប់​ព្យាយាម។

បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ នោះ​យើង​នឹង​មិន​ច្រណែន​មិត្ត​យើង​ទេ​ ពីព្រោះ​យើង​មាន​អ្វី​ដែល​ចង់បាន​រួចហើយ។

៥. កុំ​មាន​អារម្មណ៍​ខឹង​ឬ​អន់ចិត្ត

មិត្តភ័ក្ដិ​មាន​កូន​នៅ​ពេល​ដែល​យើង​នៅ​លីវ​ មិន​មានន័យថា​ពួកគេ​បាន​ធ្វើអ្វី​ដែល​ត្រឹមត្រូវ​ហើយ​​យើង​​បាន​ធ្វើអ្វី​ខុស។ កុំ​ផ្ដន្ទាទោស​ឬ​អន់ចិត្ត​ចំពោះ​មិត្ត។

សូម​រក្សា​ការ​ផ្ញើ​សារ​និង​ដើរ​លេង​ជាមួយ​មិត្ត​ដូចដែល​យើង​ធ្វើ​ពី​មុន។ មិត្តភាព​នៅ​តែ​មាន​សារៈសំខាន់​ ហើយ​ពួកគេ​មិន​ភ្លេច​ឬ​ព្រ​ងើ​យ​​កន្តើយ​ចំពោះ​យើង​​ ដរាប​ណា​យើង​មិន​ភ្លេច​គេ​ដែរ។​ ណាមួយ​ដោយសារ​តែ​ពួកគេ​មាន​កូន​ទើប​រវល់ ចងចាំ​រឿង​នេះ ​ហើយ​រក្សា​មិត្តភាព​ដដែល។

គន្លឹះ​ទាំង​នេះ​អាច​ជួយ​យើង​ដោះស្រាយ​បញ្ហាយើងបាន នៅ​ពេល​​ដែលមិត្ត​​គ្រប់គ្នា​សុទ្ធ​តែ​មាន​គ្រួសារ។ ចូរចងចាំថា មិត្តភ័ក្ដិ​រៀ​ប​ការ​​ ​មិនមែន​ជា​ចុង​បញ្ចប់​នៃ​ពិភពលោក​ទេ ចុង​បញ្ចប់​គឺជាអ្វីដែលយើងតែងគិតអគតិលើខ្លួនឯងទៅវិញទេ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...