កុំ​ធ្វើ​ព្រងើយ! ​មក​ដឹង​ការ​យល់​ច្រឡំ ​និង​ការ​ពិត​នានា ​ទាក់​ទងនឹ​ង​ការ​សម្លាប់​ខ្លួន​

អាទិត្យ, ៣០ សីហា ២០២០

204

ជឿ​ថា មាន​គ្នា​យើង​មួយ​ចំនួន​ធ្លាប់​មាន​គំនិត​ចង់​សម្លាប់​ខ្លួន​ក្នុង​ពេល​ណា​មួយ​ក្នុង​ជីវិត។ ឥឡូវ​នេះ យើង​សង្កេត​ឃើញ​ថា ក្មេងៗ​យុវ​វ័យ​​ក៏​ឆាប់​ទទួល​រង​នឹង​សម្ពាធ ហើយ​អាច​កើត​ជា​គំនិត​អវិជ្ជមាន​បែប​នេះ​ដែរ។ តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត ថា នៅ​​​កម្ពុជា​យើង របាយការណ៍​ដែល​បង្ហាញ​ថា មាន​មនុស្ស​ជិត​ ៨០០ ​នាក់​ ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ការ​ស​ម្លា​ប់​​ខ្លួន​​ក៏​មាន​ការ​យល់​ច្រឡំ និង​ការ​ពិត​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដូច​ជា៖

ការ​យល់​ច្រឡំ
– មាន​តែ​មនុស្ស​ឆោត​ល្ងង់​ទេ ដែល​គិត​ចង់​សម្លាប់​ខ្លួន
– មនុស្ស​ដែល​ធ្លាប់​បាន​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ឯង​ម្ដង​ហើយ នឹង​មិន​ព្យាយាម​សម្លាប់​ខ្លួន​ម្ដង​ទៀត​ឡើយ
– បើ​មនុស្ស​ម្នាក់​ចង់​សម្លាប់​ខ្លួន​ហើយ គ្មាន​នរណា​អាច​ជួយ​គាត់​បាន​ទេ
– ការ​និយាយ ឬ​សាក​សួរ​អំពី​ការ​សម្លាប់​ខ្លួន នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​គិត​ធ្វើ​បែប​នោះ​តែ​ម្ដង។

រូបភាពតំណាង

ការ​ពិត​នៃ​សម្លាប់​ខ្លួន
– មនុស្ស​ភាគ​ច្រើន​ធ្លាប់​បាន​គិត​ពី​ការ​ចង់​សម្លាប់​ខ្លួន​ឯង នៅ​ពេល​ណា​មួយ​ក្នុង​ជីវិត​នេះ។ ការ​សម្លាប់​ខ្លួន និង​ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួ​ន ​ភាគ​ច្រើន​កើត​ឡើង​ដោយ​មាន​គម្រោង​ទុក​ជា​មុន។
– មនុស្ស​ដែល​ធ្លាប់​ប៉ុន​ប៉ង​សម្លាប់​ខ្លួន មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​សម្លាប់​ខ្លួន​នៅ​លើក​ក្រោយ​ទៀត។ ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​នៅ​លើ​ក​ទី​២ ទី៣ អាច​ងាយ​ស្រួល​ជាង​លើក​ដំបូង។
– ភាគ​ច្រើន ការ​សម្លាប់​ខ្លួន​កើត​ឡើង​មិន​បាន​គិត​ពិចារណា​ច្បាស់​លាស់​ឡើយ។ មនុស្ស​ដែល​ប៉ុនប៉ង​សម្លាប់​ខ្លួន ចង់​គេច​ផុត​ពី​ប​ញ្ហា​​ណា​មួយ ដែល​គិត​ថា​មិន​មាន​ដំណោះ​ស្រាយ ឬ​ត្រូវ​ប្រឈម​នឹង​បញ្ហា​នោះ​ម្នាក់​ឯង។
– ជំងឺ​ផ្លូវ​ចិត្ត ឬ​ទុក្ខ​ព្រួយ​ផ្សេងៗ​ប៉ះពាល់​លើ​ការ​គិត​របស់​ជន​រង​គ្រោះ។ ដូច​នេះ ការ​និយាយ​ដោយ​បើក​ចំហ និង​ការ​យក​ចិត្ត​ទុក​ដា​ក់​​របស់​យើង​ក្នុង​ការ​សាក​សួរ​ពី​ការ​ចង់​សម្លាប់​ខ្លួន​នេះ នឹង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ហ៊ាន​និយាយ​អំពី​បញ្ហា​ទាំង​នោះ។ វា​ក៏​អាច​ជួយ​ជន​រង​គ្រោះ​ឲ្យ​មាន​អារម្មណ៍​មិន​សូវ​ឯកោ ឬ​មាន​មនុស្ស​នៅ​ខ្វាយ​ខ្វល់​ពី​ខ្លួន​នៅ​ឡើយ។

រូបភាពតំណាង

មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែ​នាំ​ឲ្យ​ដឹង​ថា ការ​និយាយ​ប្រាប់​អ្នក​ដទៃ​ពី​ការ​លំបាក និង​សុំ​ជំនួយ​នៅ​ពេល​ដែល​អារម្មណ៍​នៃ​ការ​ស​ម្លា​​​ប់​​ខ្លួន​កាន់​តែ​ខ្លាំង គឺ​ជា​ការ​ចាំ​បាច់​ណាស់។ ការ​និយាយ​ពី​ការ​សម្លាប់​ខ្លួន ឬ​បញ្ហា​ក្នុង​ចិត្ត មាន​ន័យ​ថា យើង​មាន​ភាព​រឹង​មាំ ហ៊ាន​ប្រឈម​មុខ​ជាមួយ​បញ្ហា ហើយ​ចង់​រក​ដំណោះ​ស្រាយ​ដែល​ល្អ ជា​ជាង​ការ​បញ្ចប់​ជីវិត​ខ្លួន​ឯង៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...