វិធី​សាស្រ្ត​ទាំង ​៧ ​យក​ឈ្នះ​ចិត្តអ​នាគត​ម្ដាយ​ក្មេក ​ដែល​មិន​ពេញ​ចិត្តអ្នក​

ពុធ, ០២ កញ្ញា ២០២០

239

“ម្ទេសហឹរ អំបិលប្រៃ” ជាឃ្លាដែលគេឧស្សាហ៍ឮចេញពីទំនាក់ទំនងរវាងម្ដាយក្មេកនិងកូនប្រសារស្រី។ ជាទូទៅ កូនប្រសារ​និង​ម្ដា​យ​​ក្មេកកម្រ នឹងស៊ីសង្វាក់គ្នាណាស់ ដែលនេះអាចមកពីម្ដាយចាស់ប្រកាន់ច្រើន ឯកូន ប្រសារទៀតសោត ក៏មិនចេះយក​ចិត្ត​ផ្គាប់​ផ្គុន​​គាត់ទៅទៀត។

បើដូច្នោះ គួរធ្វើយ៉ាងណាឲ្យអនាគតម្ដាយពេញចិត្តពេញថ្លើម មុនពេលរៀបការចូលគ្រួសារគាត់?

១. ជជែកជាមួយមិត្តប្រុសរកមូលហេតុនៃការមិនពេញចិត្ត

មនុស្សមិនធ្លាប់ស្គាល់គ្នាពីមុនផង សុខៗស្រាប់គាត់កើតការមិនចូលចិត្តអ្នក ត្រឹមតែជួបលើកដំបូង ពិតជារឿងមិនសមហេតុផល​នោះ​ទេ។ ដូច្នេះ អ្នកគួរជួបសួរនាំមិត្តប្រុសពីមូលហេតុពិតពីក្រោយរឿងនេះ យ៉ាងម៉េចយ៉ាងម៉ា គេច្បាស់ជាដឹងហេតុផលខ្លះ និង​អាច​ជួយ​គ្នាដោះស្រាយគ្នា ព្រមទាំងវិធីកែលម្អខ្លួនផងដែរ។

រូបភាពតំណាង

២. ស្លៀកពាក់ស្របតាមអ្វីដែលគាត់គិតថាសមរម្យ

មនុស្សស្រីសម័យថ្មី នាសតវត្សរ៍ទី ២១ ចូលចិត្តស្លៀកខោខ្លី និងអាវយឺត ឬអាវវាលខ្លះៗអ៊ីចឹងទៅ។ ផ្ទុយទៅវិញ ស្ត្រីវ័យកណ្តាល​នឹង​មិន​​ចូលចិត្តសម្លៀកបំពាក់បែបនោះទេ។ ហេតុនេះ ដើម្បីឱ្យអនាគតម្តាយចូលចិត្ត អ្នកត្រូវស្លៀកពាក់ស្របតាមអ្វី​ដែលគាត់​ចូ​ល​​ចិត្ត ​ដើម្បីបង្ហាញថាអ្នកគោរពជម្រើសរបស់គាត់។

៣. ចៀសវាងចំណាយពេលទៅលេងផ្ទះគាត់ញឹកញាប់ពេក

ការដែលឧស្សាហ៍ទៅលេងផ្ទះអនាគតឪពុកម្ដាយក្មេក ជាការចាំបាច់មួយដែលកូនប្រសារគ្រប់រូបសុទ្ធ​តែត្រូវធ្វើដើម្បីផ្គាប់​ចិត្ត​ពួក​គាត់​។ តែទោះជាយ៉ាងនេះក៏ដោយ ពាក្យចាស់ពោលថា “បើស្រឡាញ់ កុំទៅញឹក បើរឭក យូរៗទៅម្ដង” ដែលឃ្លានេះចង់​ដាស់​តឿន​ថា ​កុំទៅអើតជណ្ដើរផ្ទះសង្សាររាល់ថ្ងៃពេក ក្រែងចាស់ៗកើតការធុញទ្រាន់។

រូបភាពតំណាង

៤. ចៀសវាងស្និទ្ធស្នាលចំពោះមុខគាត់

ទទួលស្គាល់ថា ពេលកំពុងពេញស្រឡាញ់ គូស្នេហ៍រមែងចង់កៀកកើតស្និទ្ធស្នាលគ្នា។ ប៉ុន្តែនៅចំពោះមុខមនុស្សចាស់ អ្នកទាំងពីរ​គួរ​​ចៀសវាងការឱប ថើប ស្និទ្ធស្នាល ដែលនាំម្ដាយក្មេកជម្រេញ និងយល់ថា កូនប្រុសលែងសូវស្រឡាញ់ ក៏ដូចជាមិនយកចិត្ត​ទុក​ដាក់​នឹងគាត់តទៀត។

៥. ជួយកិច្ចការគ្រប់យ៉ាងដែលគាត់ធ្វើ

មនុស្សចាស់ពូកែសង្កេតណាស់ សូម្បីរឿងតូចតាចក៏ដោយ។ នៅពេលទៅលេងផ្ទះសង្សារ ឬមានដំណើរកម្សាន្តជុំគ្នាក្ដី អ្នកគួរ​ប​ង្ហា​ញ​ពីការ​ឧស្សាហ៍ព្យាយាមលើចំណុចតូចធំទាំងឡាយដូចជា ជួយចម្អិនម្ហូប រៀបចំបាយទឹក លាងចានឆ្នាំងជាដើម។ ត្រូវចាំថា អ្នក​ជា​កូនស្រី បើរឿងកំប៉ិកកំប៉ុកធ្វើមិនបាន មិនចាំបាច់ចង់រៀបការធ្វើប្រពន្ធបុរសណាទេ។

រូបភាពតំណាង

៦. ចំណាយពេលជាមួយគាត់

ស្វែងយល់ចំណូលម្ដាយក្មេកពីសង្សាររបស់អ្នក ដើម្បីតាមផ្គាប់ចិត្តគាត់។ បើគាត់ចូលចិត្តអានសៀវភៅ ចំណាយពេលអានជាមួយ បើ​គាត់ចូលមើលកុនល្ខោន ក៏ឆ្លៀតពេលកំដរគាត់ជារឿយៗ តាមដែលអាចធ្វើបាន។

សូមប្រាកដចិត្តថា អ្នកមិនធុញទ្រាន់ នឿយណាយចំពោះសកម្មភាពទាំងឡាយពេលនៅជាមួយគាត់ និងបង្ហាញកិរិយាវិជ្ជមាន​ជា​និច្ច ​ដើម្បីឲ្យគាត់ទទួលអារម្មណ៍កក់ក្ដៅពិតៗ។

៧. ចៀសវាងឈ្លោះប្រកែកជាមួយមិត្តប្រុសនៅចំពោះមុខម្តាយ

ការឈ្លោះទាស់ទែង លែងអីនឹងចៀសរួច ប៉ុន្តែមិនគួរមកប្រកែកតវ៉ា យកឈ្នះយកចាញ់នៅចំពោះមនុស្សចាស់ៗនោះទេ។ ទោះ​បី​កំពុង​ស្ថានភាពក្តៅក្រហាយយ៉ាងណាក៏ដោយ ត្រូវតែអត់ធ្មត់ ចាំឈ្លោះគ្នាក្រោយខ្នងគាត់ទៅ។

ប្រសិនបើអនាគតម្ដាយក្មេកចាប់បានពេលអ្នកឈ្លោះគ្នា គាត់ច្បាស់ជាយល់ថា អ្នកជាមេរោគរំខានជីវិតកូនប្រុសគាត់​មិនខាន​ឡើ​យ​។ ដូច្នេះ សូមចៀសវាងជម្លោះចំពោះមុខម្ដាយឲ្យបាន បើចង់បានចិត្តគាត់ឲ្យស្រឡាញ់ពេញចិត្ត៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...