ពេលជួប Crush កុំរវល់តែរំភើប ញាប់ញ័រ ស្លន់ គាំង! កុំភ្លេចធ្វើរឿង ៥ នេះផង!

សៅរ៍, ០៥ កញ្ញា ២០២០

3K

ឆ្ងល់ណាស់ ឱ្យតែពេលជួប Crush ម្ដងៗដឹងតែរំភើបពេក ចង់គាំងរហូត។ បើនៅតែអ៊ីចឹងទៀត ពេលណាអាចយក​ឈ្នះចិត្ត​គេ​បាន? តោះ ឈប់ឱ្យឱកាសកន្លងទៅផុយៗចឹងទៀត ឈប់ភ័យ ឈប់បុកទ្រូង ឈប់ស្លន់ ហើយតាំងចិត្តធ្វើរឿងទាំង ៥ នេះឱ្យបាន នៅ​ពេល​ជួបគេ។

រូបភាពតំណាង

១. នៅស្ងៀមចាំស្ដាប់គេនិយាយ៖ ពេលនៅក្បែរ Crush ជឿថាបេះដូងអ្នកច្បាស់ជាលោតញាប់។ នៅពេលដែលបេះដូងកំពុងតែ​លោត​កញ្ជ្រោល​ហើយ បើសិនអ្នកព្យាយាមធ្វើសកម្មភាពទៀត នោះវាធ្វើឱ្យអ្នកកាន់តែញ័រដៃញ័រជើង រហូតដល់ងាយនឹងលេច​ចេញ​នូវ​អាការ​ប្លែកៗ នាំឱ្យគេអាចដឹងខ្លួន ដូចជា ធ្លាក់របស់របរពីដៃ ឬភ័យញ័រជើងជាដើម។ ហេតុនេះ អ្នកគួរនៅស្ងៀម សម្រួល​អារម្មណ៍ ធ្វើជា​អ្នកចាំ​ស្ដាប់គេ​និយាយ និងចាំសង្កេតមើលគេវិញល្អជាង។

២. បង្ហាញទឹកមុខរួសរាយ៖ ភាពរួសរាយជាគ្រឿងលម្អដែលងាយទាក់ចិត្តមនុស្សជុំវិញអ្នក រួមទាំងគេម្នាក់នោះផងដែរ។ ទោះបី​ជា​គេ​មិនធ្លាប់ស្គាល់អ្នកពីមុន តែនៅពេលឃើញភាពរួសរាយរបស់អ្នក វាក៏ជាចំណុចដែលធ្វើឱ្យអ្នក​មានភាពលេចធ្លោ​ក្នុង​ចំណោម​មនុស្ស​ផ្សេងទៀត បើទោះគេមាត់រឹងមិនស្ដីរកអ្នកយ៉ាងណាក៏ដោយ តែជឿថាក្នុងចិត្តគេ បានលួចគិតពីរូបអ្នករួចទៅហើយ។

៣. បន្ថែមសកម្មភាពល្អៗគួរជាទីចាប់អារម្មណ៍៖ ទឹកមុខរួសរាយ គ្រាន់តែជាផ្នែកមួយនៅលើផ្ទៃមុខប៉ុណ្ណោះ តែបើអ្នកអាចធ្វើ​សកម្មភាព​ល្អៗ​នៅពេល​នោះផង ពិតជាកាន់តែប្រសើរ ហើយ Crush របស់អ្នកនឹងកាន់តែចាប់អារម្មណ៍មកលើអ្នកទ្វេដង។

៤. រៀបឫកគួរឱ្យស្រលាញ់៖ ជាការពិតណាស់ មើលទៅវាដូចជារឿងតូចតាច តែភាពគួរឱ្យស្រលាញ់អាចឆក់ចិត្តគេឱ្យបាក់ចិត្ត​លើ​អ្នក​បានលឿន។ មនុស្សខ្លះចាប់អារម្មណ៍លើនរណាម្នាក់ខ្លាំងបំផុតទៅលើចរិត ឫកពារ ឬពាក្យសម្ដីជាដើម។ ដូច្នេះអ្នកគួរតែ​មាន​ទាំងព្រម ទើបអាចរួមផ្សំគ្នាកាន់តែច្រើន ឈានទៅរកប្រសិទ្ធភាពពិតៗក្នុងការឆក់យកបេះដូងគេ។

៥. សួរនាំជាការគួរសម៖ ពេលអ្នកត្រៀមចិត្តរួចរាល់ និងលែងភ័យជាងមុនហើយ គួរសាកល្បងចូលទៅក្បែរគេ ហើយសួរនាំ​ពីនេះ​ពីនោះ ដើម្បីបង្កើត​ភាពស្និទ្ធស្នាល​ជាមួយគេ។ ទោះនឹក​មិនចេញថា ត្រូវនិយាយ​សួរនាំពីអី ក៏អ្នកត្រូវតែចេះ​បង្កើតសំណួរ ដើម្បី​សួរ និងជជែក​ជាមួយគេដែរ។

សន្យាបានទេថា ពេលជួប Crush លើកក្រោយ នឹងសាកល្បងយកវិធីទាំង ៥ នេះទៅអនុវត្ត? ជូនពរបេសកកម្មយកបេះដូង Crush របស់អ្នក ឆាប់បានសម្រេចណា៎៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...