មនុស្សចូលចិត្តនៅម្នាក់ឯង ច្រើនតែផ្តល់គុណសម្បត្តិ ៥ យ៉ាងនេះ

សៅរ៍, ១២ កញ្ញា ២០២០

404

របៀបរស់នៅនិងទំនាក់ទំនងរបស់មនុស្សម្នាក់ៗក្នុងសង្គមរមែងមានបែបបទ និងសណ្ឋានផ្សេងគ្នាទៅតាមចំណូល​ចិត្ត​រប​ស់​បុគ្គ​ល​នោះ។ អ្នកខ្លះចូលចិត្តមនុស្សច្រើនអ៊ូអរ រីឯអ្នកខ្លះចូលចិត្តគ្នាតិច ឬនៅតែឯងៗ។​ ទោះយ៉ាងណា ការនៅតែឯងៗក៏​មិន​មែ​ន​មា​ន​ន័យថា ​ផ្ដាច់​ការ​ទាក់​ទង​ជាមួយ​សង្គម ​ឬជា​រឿង​មិនល្អអ្វីដែរ។ ផ្ទុយទៅវិញការនៅ​ម្នា​ក់​​ឯងមានគុណសម្បត្តិច្រើន​យ៉ាងគួរកត់​ស​ម្គា​ល់៕

អ៊ីចឹង! តើការនៅម្នាក់ឯងមានប្រយោជន៍អ្វីខ្លះទៅ?

១. មិនងាយប៉ះទង្គិចផ្លូវចិត្ត

មនុស្សដែលចូលចិត្តនៅម្នាក់ឯង ជាមនុស្សដែលផ្តោតការយកចិត្តទុកចំពោះខ្លួនឯងខ្លាំង។ ការនៅម្នាក់ឯងនឹងមិនធ្វើឱ្យគេ​ទ​ទួ​ល​អារ​ម្មណ៍រំខានពីអ្នកដទៃ និងជួយបង្កើនការគិតបានជ្រៅជ្រះ។ លើសពីនេះ ការនៅម្នាក់ឯងនឹងផ្តល់ឱកាសឱ្យខួរក្បាល និ​ង​រាង​កា​យ​ឆាប់ទទួលការសម្រាក និងឆាប់មានកម្លាំងឡើងវិញ។

រូបភាពតំណាង

២. បង្កើនផលិតភាពការងារខ្ពស់

នៅពេលគ្មានការរំខានពីបរិស្ថានដែលនៅជុំវិញខ្លួនច្រើន អ្នកនៅម្នាក់ឯងនឹងមានការផ្តោតអារម្មណ៍បានខ្លាំង ព្រមទាំងបំពេញ​កា​រ​​ងា​រ​​បាន​លឿននិងមានប្រសិទ្ធិភាពខ្ពស់ជាងធម្មតា។

៣. បង្កើតការសម្រេចចិត្តត្រឹមត្រូវ

ជាទូទៅមនុស្សចូលចិត្តនៅម្នាក់ឯង អាចធ្វើការពិចារណាបានច្បាស់ និងធ្វើការសម្រេចចិត្ត​បានត្រឹមត្រូវជាង​មនុស្សដែល​ស្ថិត​ក្នុ​ង​​ភាព​អ៊ូរអរ ពីព្រោះគេមិនសូវច្របូកច្របល់ផ្លូវចិត្ត និងតែងមានអារម្មណ៍នឹងនរជានិច្ច។

រូបភាពតំណាង

៤. ចេះដោះស្រាយបញ្ហាបានល្អ

បុគ្គលចំណូលនៅម្នាក់ឯង ឬ​ មានគ្នាតិច ភាគច្រើនជាមនុស្សស្ងៀមស្ងាត់ និងមិននិយាយស្តីច្រើន។ បុគ្គលប្រភេទនេះចូលចិត្ត​គិ​ត​​អ្វីដែល​​ស៊ីជម្រៅ ឬគិតគូរវែងឆ្ងាយ និងមានដំណោះស្រាយ​ចំពោះបញ្ហាប្រកបដោយ​ប្រសិទ្ធិភាពខ្ពស់ជាង​មនុស្សចូ​ល​ចិត្ត​និ​យា​យ​ច្រើន។​

រូបភាពតំណាង

៥. រក្សាទំនាក់ទំនងបានរឹងមាំ

បើទោះបីជាមនុស្សប្រភេទនេះចូលចិត្តនៅម្នាក់ឯងក៏ដោយ គេក៏មានមិត្តភក្តិដែរ ហើយទំនាក់ទំនងជាមួយ​មនុស្សដែល​គេស្គា​ល់​រ​មែង​មានភាពយូរអង្វែង និងរឹងមាំជាងមនុស្សធម្មតាទៅទៀត ពីព្រោះគេឆាប់យល់ពីអារម្មណ៍របស់មនុស្ស ព្រមទាំងមិន​ចំណូ​ល​ប​ង្ក​​ភាពរញ៉េរញ៉ៃដល់អ្នកដទៃនោះទេ៕


ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...