៧យ៉ាង​បង្ហាញថា អ្នកនៅ Single យូរ មានកម្រិត​វិជ្ជមានខ្ពស់ ក្នុងការ​កសាង​ជីវិតគ្រួសារ

សុក្រ, ១៨ កញ្ញា ២០២០

480

ចំណាយពេលនៅ Single យូរ អាចយឺតបន្តិចក្នុងការកសាងជីវិតគ្រួសារ ប៉ុន្តែទន្ទឹមនឹងនោះក៏មានចំណុចល្អប្រសើរ​ច្រើនជាង​គេ​ដែរ នៅពេលដែលគេសម្រេចចិត្តថា ចាប់ផ្ដើមកសាងជីវិតគ្រួសារ។ ខាងក្រោមនេះជាហេតុផល ៧ យ៉ាង ដែល​បញ្ជាក់​កាន់តែ​ច្បាស់​ពីការលើក​ឡើងខាងលើ៖

១. គេមានភាពរឹងមាំស្រាប់៖ បទពិសោធនៃការរស់នៅតែម្នាក់ឯងជាច្រើនឆ្នាំ ធ្វើឱ្យគេសន្សំបាននូវភាពរឹងមាំពេញខ្លួន ព្រោះថា​មាន​ឧបសគ្គ​ច្រើន​ណាស់​ដែលគេ​បានជំនះ និងឆ្លងកាត់វា។ នៅពេល​ដែលគេមាន​ភាពរឹងមាំគ្រប់គ្រាន់បែបនេះហើយ មនុស្ស​ដែល​ធ្លាប់​មានវ័យ​ច្រើន និងបានឆ្លងកាត់ជីវិត​នៅលីវយូរអាច​មានភាពអត់ធ្មត់​បានច្រើន ជាមួយនឹងបញ្ហាថ្មីៗដែល​គេជួប​ក្នុង​ជីវិត​គូរបស់គេ។

២. ចិត្តគំនិតចាស់ទុំច្រើន៖ រូបរាងចាស់ជាភាពជរារបស់មនុស្សដែលគ្រប់គ្នាមិនចង់បានទេ រីឯភាពចាស់ចិត្តចាស់គំនិតពិតវិញ ជាសំខាន់ណាស់ក្នុងចំណងជីវិតគ្រួសារដែលអ្នកណាៗក៏ចង់បាន ជាពិសេសដៃគូស្នេហារបស់អ្នកតែម្ដង ព្រោះគេសុទ្ធតែដឹងថា​មនុស្សដែលមានភាពចាស់ទុំក្នុងការគិត គេតែងធ្វើអ្វីមួយដោយការពិចារណា ចេះដោះស្រាយបញ្ហាដោយសន្ដិវិធី មិនធ្វើអ្វីៗ​តាម​តែ​ចិត្ត​នឹកឃើញ មិនឆាប់ខឹង មិនឆាប់ឆេវឆាវឡើយ។ ដូច្នេះហើយបានជាគេលើកឡើងថា មនុស្សដែលនៅ Single យូរ គេបាន​ហ្វឹកហាត់​លត់ដំចិត្ត​ច្រើន សន្សំភាពចាស់ទុំ និងការអប់រំចិត្តបានល្អ ជាហេតុធ្វើឱ្យគេមានអត្រានៃកត្តាវិជ្ជាមានខ្ពស់ នៅពេលគេ​ចាប់​ផ្ដើមក​សាង​ជីវិត ឬជីវិតគ្រួសារ។

៣. យល់ដឹងច្រើនពីបទពិសោធជីវិត៖ ការរៀនសូត្របានច្រើនពីបទពិសោធជីវិត ជាកត្តាសំខាន់មួយដែលរួមចំណែក​សាង​សុភមង្គល​នៅក្នុងជីវិតគ្រួសាររបស់អ្នកបានកាន់តែល្អផងដែរ ហើយការចំណាយពេលច្រើនបផុតនៅជាមួយខ្លួនឯង ក៏ជាពេល​វេលា​ដែល​អ្នកអានរៀន និងស្វែងយល់ពីបញ្ហាផ្សេងៗដែលមាននៅក្នុងជីវិតដូចគ្នាដែរ។ បទពិសោធ​ជីវិតមិនមែន​យក​លុយ​ទិញ​បាន​​នោះ​ទេ ហេតុនេះ​មនុស្សដែល​នៅលីវយូរ មានរឿងជាច្រើន ប្លែកៗ ដែលគេធ្លាប់បានជួប គេប្រៀបដូចជា​មានគ្រូល្អៗ​ជាច្រើន​នាក់ ដែលចាំជួយ​ដាស់តឿន និងចាំប្រាប់គេ​នៅពេលធ្វើអ្វីមួយ។

៤. មានភាពច្បាស់លាស់ក្នុងការសម្រេចចិត្ត៖ គេបានចំណាយពេលរស់នៅម្នាក់ឯងដោយឯករាជ្យជាយូរមកហើយ ដូច្នេះគេគ្មាន​ពេល​លេង​សើចជាមួយ​អ្វីដែលដែលគេ​មិនច្បាស់លាស់ទេ។ ជាក់ស្ដែង ការសម្រេចចិត្តលើរឿងគូស្រករជាដើម បើ​គេ​ដាក់ចិត្ត​ថាស្រលាញ់ គឺស្រលាញ់ហើយ ព្រោះថាវ័យរបស់គេកាន់តែច្រើន ដូច្នេះ! គេត្រូវតែជាមនុស្សដែលមានផែនការ​ច្បាស់​លាស់​​ក្នុង​ការ​រៀបចំ​គម្រោងជីវិតគូ។ ក្រៅពីនេះ រឿងផ្សេងៗទៀតក៏ដូចគ្នាដែរ គេមិន​សូវមាន​ភាព​ស្ទាក់ស្ទើរ​ឡើយក្នុងការ​សម្រេច​ចិត្ត។

៥. មានលក្ខណៈសម្បត្តិពេញលេញក្នុងការមានកូន៖ អាយុចាប់ពីម្ភៃជាង រហូតដល់ខ្ទង់សាម ជាពេលវេលាល្អបំផុតដែលអ្នក​មាន​អារម្មណ៍ថា​ខ្លួនឯងល្មមដល់ពេលក្លាយជាប៉ាម៉ាក់គេយ៉ាងពិតប្រាកដ មិនមែនត្រឹមតែជាការគិត ឬស្រមើស្រមៃដូចមុនឡើយ។ ម្យ៉ាង​ទៀត បើគិត​តាមកត្តា​ជីវសាស្រ្ត រូបរាងកាយ និងចិត្តគំនិតរបស់អ្នក​ក៏អំណោយផល​ខ្លាំងប្រសិន​បើ​មានកូន។ ដូច្នេះហើយ​បាន​ជា​ភាគច្រើន មនុស្សដែល​មានវ័យច្រើន​ឆាប់យកកូនភ្លាមៗ ក្រោយពេលគេរៀបការហើយ។

៦. មិនងាយមានបញ្ហាឈ្លោះទាស់ទែងគ្នា៖ ដោយសារតែភាពចាស់ទុំ និងវ័យច្រើនរបស់គេ ធ្វើឱ្យគេលះបង់ចោលអស់នូវ​ចរិត​ក្មេង ឬអារម្មណ៍ភ្លើងចម្បើង ហើយរាល់ការធ្វើអ្វីមួយមិនមែនចេះតែធ្វើតាមចិត្តនឹកឃើញទេ។ ដោយឡែក ការឈ្លោះ​ប្រកែក​ប៉ះពារ​សម្ដីគ្នា​វិញ ត្រូវបានគេកត់សម្គាល់ឃើញថា គូស្នេហ៍ដែលមានអាយុច្រើនៗ នៅក្នុងចំណងជីវិតគូរបស់គេ មិនសូវ​កើត​មាន​រឿង​ឈ្លោះ​ប្រកែកគ្នាឡើយ។

៧. ឪពុកម្ដាយមានទំនុកចិត្ត មិនព្រួយបារម្ភ៖ ឪពុកម្ដាយរូបណា​ក៏ដូចគ្នាដែរ តែងតែចង់បានកូន​ប្រសាដែលមាន​ចិត្តអំណត់ ចាស់​ទុំ ចេះគិតវែងឆ្ងាយ មិនចរិតក្មេង ព្រោះគាត់​មិនចង់ឱ្យកូន​របស់គាត់ផ្ញើជីវិតលើមនុស្សដែលមានចិត្តស្រាល​ដូចភ្លើង​ចម្បើង​នោះ​ទេ។ ដូច្នេះ ពួកគាត់គ្មានភាពព្រួយ​បារម្ភច្រើនទេនៅ​ពេលដែលកូនបានរៀបការ សាងគ្រួសារ​ជាមួយគូស្រករ​ដែល​មាន​វ័យច្រើន ជាពិសេស​កូនប្រសា​ប្រុសតែម្ដង។

អាន ៧ចំណុចនេះហើយ អ្នកនៅ Single យូរ កុំអាលព្រួយចិត្តពេកអី ព្រោះថាទោះបីយឺតនឹងរៀបការជាងគេបន្តិចមែន តែអ្នក​នឹង​មាន​កម្រិតវិជ្ជមានខ្ពស់ជាងគេ នៅពេលចាប់ផ្ដើមកសាងជីវិតគ្រួសារ៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...