៥ស្នៀត​របស់​មនុស្សសាវា ដែល​មនុស្សស្មោះ​ដូចអ្នក គួរតែ​រៀនតាម

សុក្រ, ១៨ កញ្ញា ២០២០

351

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សសាវាមើលទៅដូចរីករាយម្ល៉េះ? តើគេមានតិចនិចអ្វីខ្លះ? តើជីវិតជាមនុស្ស​សាវាល្អណាស់​មែន​ទេ? តាមពិតមនុស្សសាវាជាបុគ្គលដែលអ្នកណាក៏ស្អប់មិនចង់ជួបប្រទះដែរ ប៉ុន្តែខាងក្រោមនេះ ជាមេរៀនល្អៗ​៥​ស្នៀត​របស់​មនុស្ស​សាវា​ដែល​មានប្រយោជន៍​សម្រាប់អ្នក យកមកអនុវត្តក្នុងរឿងស្នេហា។

រូបភាពតំណាង

១. ក្លាហាន៖ មនុស្សសាវាមិនចេះស៊ាំញ៉ាំច្រើនក្នុងការចាប់ផ្ដើមស្នេហាឡើយ។ គេតែងតែក្លាហានជានិច្ច ជាហេតុធ្វើឱ្យគេសំបូរ​មនុស្ស​​ស្រលាញ់​ណាស់។ និយាយបែបនេះ​មិនមែនមានន័យថា តម្រូវឱ្យអ្នក​យកគម្រូ​តាមភាពសាវា​របស់គេទេ តែអ្នកអាច​រៀនពី​ភាព​ក្លាហាន​របស់គេ។ ជឿទេថា បើអ្នកមានភាពក្លាហានក្នុងរឿងស្នេហា អ្នកអាចនឹងមាន​​ឱកាសច្រើន​បំផុត​ក្នុង​ការ​ឆាប់​ជួប​ស្នេហ៍​ពិត ហើយ​ក៏​មិនមានពាក្យថាយឺតពេល ឬស្ដាយក្រោយ​ដោយសារតែលាក់​ទុកមិនសារភាព រហូតត្រូវគេចូល​មកមុន និងអាច​ដណ្ដើម​យក​មនុស្សដែល​ខ្លួនស្រលាញ់​ទៅបាត់នោះទេ។

២. គិតបែបងាយៗ៖ ជាធម្មតា មនុស្សសាវាមិនខ្វល់ច្រើនទេ ត្រូវស្រលាញ់គឺស្រលាញ់ ត្រូវដើរចេញ គឺដើរចេញ។ ចរិតរបស់​គេគឺ​ធ្វើ​ឱ្យ​ស្រាលៗ កុំបង្កើត​បន្ទុក ឬទម្ងន់មកស្ពាយដាក់ខ្លួន ដូច្នេះហើយបានជាជីវិតគេមើលទៅ តែងតែសប្បាយ​គ្រប់ពេល​មិន​ចេះ​កើត​ទុក្ខ​សោះ។

៣. មិនចេះឈឺចាប់យូរ៖ មិនអាចថាជួបរឿងខកចិត្តហើយ មិនចេះឈឺចាប់នោះទេ ប៉ុន្តែការគិតតាមបៀបមនុស្សសាវា គឺគេមិន​បណ្ដោយ​ឱ្យខ្លួនគេឈឺចាប់ត្រាំត្រែងយូរឆ្នាំទេ។ គេឆាប់ស្រលាញ់ ហើយក៏ឆាប់​បោះបង់ការ​ឈឺចាប់ដែលផ្ដល់មកពីការ​ស្រលាញ់​នោះដូចគ្នាដែរ។ បើសិនជាមនុស្សស្មោះដូចអ្នក អាចរៀនតាមគេពីចំណុចនេះក៏ល្អម្យ៉ាង ព្រោះថាអ្នកអាចគេច​ខ្លួនពី​អារម្មណ៍​ឈឺចាប់​រ៉ាំរ៉ៃ​យូរៗដែលអាចនឹងជួបនៅថ្ងៃណាមួយ។

៤. តែងខ្លួនស្អាតៗ ធ្វើចិត្តសប្បាយៗ ស្រស់ស្រាយគ្រប់ពេល៖ ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សជាច្រើនតែងតែឆាប់​ធ្លាក់ក្នុង​អន្លង់​​ស្នេហ៍​​មនុស្សសាវា? មិនបាច់ឆ្ងល់ទេ ព្រោះថាគេតែងតែស្អាតគ្រប់ពេល ហើយមានភាពទាក់ទាញណាស់ មិនថា​តែការ​តែង​ខ្លួន ក្លិនទឹកអប់ ម៉ូសសក់ ឬសម្ភារប្រើប្រាស់នោះឡើយ គឺត្រូវតែរៀបចំល្អមួយកំផ្លេតែម្ដង។

៥. ភាសាផ្អែមពីរោះ ទាក់ទាញចិត្ត៖ ដូចគេថាមែន សម្ដីជាអាវុធ ដែលអាចចាក់ទម្លុះបេះដូងអ្នកស្ដាប់បានលឿនណាស់។ ជឿទេ​ថា បើមនុស្សស្មោះដូចអ្នក ចេះប្រើពាក្យសម្ដីលែបខាយ ផ្អែមពីរោះ ទាក់ទាញគួរឱ្យចង់ស្ដាប់ដូចមនុស្សសាវា នោះប្រាកដ​ជា​មាន​​មនុស្ស​មិនតិចទេ ដែល​លង់ស្នេហ៍​លើអ្នក។

៥ស្នៀតសំខាន់ៗនេះ ជាអ្វីដែលមនុស្សសាវាតែងតែមានជាប់ខ្លួន។ ដូច្នេះវាក៏អាចជាចំណុចមួយចំនួនដែល​មនុស្សស្មោះដូចជា​រូប​អ្នក​គួរតែមាន ដើម្បីកែប្រែចំណុចខ្វះខាតរបស់ខ្លួនឯងឱ្យកាន់តែមានភាពល្អប្រសើរ។ តែចាំថា មិនមែន​ធ្វើតាមរហូត​ឱ្យអ្នកក្លាយ​ជា​មនុស្ស​សាវាដូចគេទេ ដូចគេ​និយាយថា ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...