ឈប់បោកខ្លួនឯងទៀតទៅ! ៥ ចំណុចនេះ បញ្ជាក់ច្បាស់ៗថាគេគ្មានចិត្តលើអ្នកវិញទេ

អង្គារ, ១៧ ​វិច្ឆិកា ២០២០

នៅពេលលង់ស្រលាញ់នរណាម្នាក់ យើងតែងតែព្យាយាមធ្វើគ្រប់វិធី ដើម្បីបង្ហាញឱ្យគេបានដឹងថា យើងកំពុងលួចចាប់ចិត្ត​លើ​គេ។ ​ប៉ុន្តែប្រសិនបើការព្យាយាមបង្ហាញក្ដីស្រលាញ់របស់យើងលើគេ បែរជាទទួលបានមកវិញនូវសញ្ញា ៥ យ៉ាងនេះពីគេ នោះ​បាន​ន័យ​ថា គេមិនបានចាប់អារម្មណ៍លើអ្នកវិញនោះទេ។ ចំណុច ៥ យ៉ាងនោះ មានដូចខាងក្រោម៖

១. ទោះដឹងថាយើងលួច Crush គេហើយ តែគេនៅធ្វើល្ងង់ ដូចមិនដឹងខ្យល់អី៖ ដូចគេថា ដាស់មនុស្សដែលដេក​លក់ពិត​ប្រា​កដ ​ជារឿងងាយស្រួលទេ តែអ្វីដែលពិបាកគឺព្យាយាមដាស់មនុស្ស ដែលសម្ដែងធ្វើជាដេកលក់។

ចំណែក Crush ក៏ដូចគ្នាដែរ បើ​គេដឹងហើយ តែធ្វើមិនដឹង នោះបានន័យថាគេមិនចង់ដឹង ឬមិនបានចាប់អារម្មណ៍ជាមួយអ្វី ដែ​ល​យើង​ចង់ឱ្យ​គេដឹងនោះទេ។ ហេតុនេះហើយបានជា គ្រប់ពេលគេហាក់មិនខ្វាយខ្វល់ជាមួយនឹងយើងទាល់តែសោះ ទោះបីជា​ដឹង​ថា​យើងកំពុងលួច Crush គេ​ក៏ដោយ។

រូបភាពតំណាង

២. ទោះយើងតាមញ៉ែស្ទើរកក្រើកធរណី ក៏គេនៅតែគ្មានប្រតិកម្មអ្វីតបមកយើងវិញ៖ បើយើងកាន់តែតាមញ៉ែ គេកាន់តែគេច​ចេ​ញ​ឆ្ងាយ នោះបានន័យថាគេមិនចូលចិត្តយើងទេ។

មនុស្សធំៗហើយ សុទ្ធតែយល់ច្បាស់ពីអ្វីដែលហៅថាទង្វើស្រលាញ់ អ៊ី​ចឹង​កុំព្យាយាមតាមទៀត បើឃើញគេចេញចរិតមក​ទំនង​គេ​ចៗ​​ពីយើងបែបនេះ។ និយាយឱ្យខ្លី គឺថាវាជាសញ្ញាដែល​បញ្ជាក់ថា​គេ​អត់​ស្រលាញ់យើង ហើយក៏កុំព្យាយាមទៀតអី ខាត​ពេល ​ខាតកម្លាំង ខាតអារម្មណ៍ ព្រោះតែយើងកំពុងដាក់ទុនបេះដូង ខុ​ស​មនុស្ស​ហើយ។

៣. ពេលយើងប្រាប់ថាស្រលាញ់គេ គេបានត្រឹមតែសើច ឬញញឹម ហើយធ្វើធម្មតា៖ គ្មានអ្នកណាមិនយល់ពាក្យថា “ស្រ​លា​ញ់” ​នោះទេ វ័យប៉ុនណេះហើយ ណាស់តែគេមិនចង់យល់ ឬមិនចង់ឆ្លើយតប ទើបគេតែងតែយកលេស​ឱ្យតែបានរួចខ្លួន​ពី​សំ​ណួ​រ​​របស់​​យើង។ ពេលខ្លះ យើងខំព្យាយាមកាត់អស់អារម្មណ៍អៀនខ្មាស តាំងចិត្តថាសារភាពប្រាប់គេ តែទីបំផុតគេ​គ្រាន់​តែ​សើ​ច ​​ហើយក៏ធ្វើធម្មតាៗដូចគ្មានរឿងអី។

រូបភាពតំណាង

៤. ពេលយើងស៊ែរ ឬផុសដ្រាម៉ា ក្នុងន័យឌឺដងចង់ឱ្យគេដឹង គេតែងតែអូសរំលង៖ ការបញ្ចេញអារម្មណ៍តាមបណ្ដាញសង្គម ជា​អ្វី​ដែលយើងចង់ប្រាប់គេឱ្យគេបានដឹងចិត្តយើង ប៉ុន្តែចំណាំមើលទៅ សម្រាប់មនុស្សដែលគ្មានចិត្តលើយើង គេតែងតែ​អូស​រំ​លង​​រាល់ការស៊ែរ ឬផុស របស់យើង ព្រោះតែគេ មិនចង់យកខ្លួនគេមកពាក់ព័ន្ធជាមួយយើង សូម្បីតែពេលខ្លះយើង​ផុស​សេដ​ច​ង់​​​ស្លាប់​​ទៅហើយ ក៏គ្មានសូម្បីតែចូលខមិនលើកទឹកចិត្តមួយម៉ាត់។

៥. យើងឆាតទៅគេសរសេរវែងអន្លាយ តែគេតបវិញមួយម៉ាត់ ឬហីៗដូចមិនចង់តប៖ រឿងឆាតក៏ចឹងដែរ ចំណាំមើលទៅឱ្យតែ ឆា​ត​ទៅគេ ហើយគេដូចជាមិនចង់តប ឬតបដាច់ៗ នោះហើយជាសញ្ញាដែលបង្ហាញថាគេមិនពេញចិត្តយើង និយាយឱ្យខ្លី គឺ​អ​ត់​​ស្រលាញ់យើង។

ប្រសិនបើបេសកកម្មតាមប្រមាញ់បេះដូង Crush របស់អ្នក បែរជាឃើញគេលេចចេញសញ្ញា ៥ យ៉ាងនេះមកវិញហើយ សូម​ត្រៀម​ចិត្ត​ទៅ! ​ហើយឈប់បោកខ្លួនឯងទៀត ព្រោះគេមិនបានចាប់អារម្មណ៍លើយើងវិញនោះទេ៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...