ហានិ​ភ័យ​ពិតៗ! ​ស្នេហា​ក៏​បាត់បង់ ​ឯមិត្តភាព​ក៏​រលាយ ​បើម្នាក់ៗ​មិន​ព្រម​ធ្វើរឿង​ទាំងនេះ​

ពុធ, ១៨ ​វិច្ឆិកា ២០២០

យើងតែងតែឮគេនិយាយថា ស្នេហាក៏បាត់បង់ មិត្តភាពក៏រលាយ តើបណ្ដាលមកពីមូលហេតុអ្វី? រឿងនេះតែង​កើតឡើងនៅ​ពេ​ល​​ដែល​មនុស្សពីរនាក់ធ្លាប់ស្រលាញ់គ្នា តែក៏មានបញ្ហាមិនអាចបន្តទៅមុខ រហូតដល់ឈានដល់ការពោលពាក្យបែក ឬសុំ​បញ្ច​ប់​ស្នេហា ​ដោយភាគីណាមួយ។

ពេលនោះហើយដែលពួកគេប្រឈមនឹងការបាត់បង់ទាំងស្នេហា និងមិត្តភាពក្នុងពេលតែមួយ។ ចុះមូលហេតុពិតយ៉ាងណា ទើ​ប​បណ្ដាលឱ្យពួកគេបាត់បង់ទាំងស្នេហា និងមិត្តភាពព្រមគ្នាបែបនេះ? ខាងក្រោមនេះ ជាហេតុផលសំខាន់ ៣ យ៉ាង៖

១. ម្នាក់ៗមិនព្រមទទួលយកហេតុផលរបស់គ្នាទៅវិញទៅមក៖ អ្វីក៏ដោយសុទ្ធតែមានហេតុផល ហើយជឿថាមុននឹងឈាន​ដ​ល់​​​ការ​ពោលពាក្យបែក យើងសុទ្ធតែដឹងច្បាស់ពីអារម្មណ៍របស់ខ្លួនឯង ចិត្តខ្លួនឯង និងបេះដូងខ្លួនឯង ឬហេតុផលណាមួយ​ផ្សេ​ង​​ទៀត ​ដែលធ្វើឱ្យចំណងស្នេហាមួយនេះមិនអាចបន្តទៅមុខ ទើបសម្រេចចិត្តបញ្ចប់ត្រឹមនេះ។

ប្រសិនបើមានភាគីណាមួយ មិន​ព្រមទទួលយកហេតុផលពីភាគីម្ខាងទៀត នោះហើយជាបញ្ហាដែលធ្វើឱ្យមនុស្សពីរនាក់ មិ​ន​ត្រឹម​តែបាត់បង់ស្នេហា​ប៉ុណ្ណោះ​ទេ ​​តែក៏ប្រឈមនឹងការបាត់បង់មិត្តភាពទៅជាមួយគ្នាដែរ។

២. កើតមានការក្រែងរអែងចិត្ត ឬរអៀសចិត្តចំពោះគ្នា៖ នៅពេលដែលកើតមានការមិនទទួលស្គាល់ការពិត ឬមិនស្ដាប់​ហេតុ​ផល ​«មិនអាច» របស់គ្នាទៅវិញទៅមក វាអាចឈានដល់ការខ្លាចរអែងចិត្តគ្នា ធ្វើឱ្យមិត្តភាពយើងកាន់តែផ្លាស់ប្រែ ប្រែពីម​នុស្ស​ពីរ​នាក់​ដែលធ្លាប់តែនិយាយស្ដីរកគ្នា ស្និទ្ធស្នាលគ្នា ទៅជាមើលមុខគ្នាលែងចំ។

អ្វីដែលម្នាក់ៗអាចធ្វើបាន គឺត្រូវតែយល់ព្រម​ស្ដា​ប់​ហេតុផលគ្នា និងព្រមទទួលយកហេតុផលគ្នាទៅវិញទៅមកដោយសន្តិវិធី ទើ​ប​មិត្តភាពរបស់អ្នកទាំង​ពីរអាច​នៅ​បន្ត​ទៀត​បាន ​បើទោះជាអារម្មណ៍ស្នេហាត្រូវបានបញ្ចប់ក៏ដោយ។

៣. ជ្រើសរើសវិធីបញ្ចប់ការឈឺចាប់ ដោយការផ្ដាច់ទំនាក់ទំនងគ្របយ៉ាង៖ មិនមែនចង់ជ្រើសយកមធ្យោបាយ កែវ​ដែល​ប្រេះ​បែក​ហើយ ​ទោះប្រឹងតភ្ជាប់យ៉ាងណាក៏មិនអាចដូចដើមដែរ។ ការព្យាយាមបន្តរាប់​អានគ្នាទាំងលាក់ទុកអារម្មណ៍​ឈឺ​ចាប់​នៅ​ក្នុង​ទ្រូង ​មិនខុសពីការប្រឹងសម្ដែងធ្វើញញឹមនៅមុខកញ្ចក់ តែក្រោយខ្នងជាទឹកភ្នែក។

តើអាចទ្រាំធ្វើបែបនេះបានយូរប៉ុនណា? យូរៗទៅ យើងទាំងពីរគង់តែជ្រើសយកការនៅស្ងៀមស្ងាត់ គឺស្ងាត់ទាំងទំនាក់ទំនង មិ​ន​ចង់ឃើញមុខ មិនចង់ឮសំឡេង ហើយចុងក្រោយក៏កញ្ចប់មិត្តភាពទាំងស្រុង លែងមានទំនាក់ទំនងដូចមុន។

ការពិតទៅ! ៣ចំណុចខាងលើនេះ គ្រាន់តែជាអ្វីដែលយើងចង់ឱ្យអ្នកពិចារណាឡើងវិញ ព្រោះថាស្នេហាមិនអាចបង្ខំ ហើយក៏​គ្មាន​អ្នក​ណាចង់ឱ្យមានការបែកគ្នាដែរ។ ជឿថាវាពិតជាពិបាក តែយ៉ាងណាប្រសិនបើរឿងវាឈានដល់ដំណាក់កាលនេះ យើង​ក៏​គ្មាន​ជម្រើសដែរ។ អ្វីដែលសំខាន់ ស្ថិតលើការសម្រេចចិត្តរបស់អ្នក តើចង់បាត់បង់តែស្នេហា ឬក៏ត្រូវបាត់បង់ទាំងស្នេហា ទាំ​ង​មិត្ត​ភាព ក្នុងពេលតែមួយ?

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...