ពិត​អត់? ​អ្នក​ស្រឡាញ់​ពណ៌ខៀវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​

សុក្រ, ២០ ​វិច្ឆិកា ២០២០

26

ចិត្តវិទូលើកឡើងថា ពណ៌ខៀវ ជាពណ៌តំណាងការជឿទុកចិត្ត ការទទួលខុសត្រូវ និងភាពស្មោះត្រង់។ បើតាមទស្សនៈអ្នក​ចិត្ត​វិ​ទ្យា​​ពណ៌ ​បានឲ្យដឹងថា មនុស្សនិយមចូលចិត្តពណ៌ខៀវ ជា​បុគ្គល​ដែល​អាច​ទុកចិត្តបាន និងមានទំនួលខុសត្រូវខ្ពស់។ ពណ៌​នេះ ​ត្រូវ​បាននិមិត្តរូប​ឲ្យ​សន្តិភាព​ក្នុង​សង្គម រី​ឯ​ចំពោះ​មនុស្ស វា​តំណាង​សុភមង្គល​ផ្លូវ​ចិត្ត​យ៉ាង​ជ្រាលជ្រៅ។

ចិត្តវិទូបន្ថែមថា អ្នកអាចពឹងផ្អែកលើមនុស្សស្រឡាញ់ពណ៌ខៀវបានគ្រប់ពេល ព្រោះគេ​ជា​បុគ្គល​ចូលចិត្ត​ឲ្យ​មនុស្សម្នា​ទទួ​ល​បា​ន​ភាព​សុខសាន្ត ហើយគេរមែងសម្រាលទុក្ខ​លំបាករបស់​អ្នក​ដទៃ​អស់​ពី​លទ្ធភាព​ខ្លួន។ មិនថាទាំង​កន្លែងរស់​នៅ​និង​កន្លែង​ធ្វើ​ការ​នោះ​ទេ បុគ្គលនេះតែងតែមានសណ្តាប់ធ្នាប់ របៀប​រៀបរយ និង​មានទិសដៅជីវិតច្បាស់លាស់ណាស់។

ក្រៅពីចូលចិត្តសន្តិភាពនិងភាពស្ងប់ស្ងាត់ មនុស្ស​ប្រភេទ​នេះ​រមែង​រក​ពេល​ឲ្យ​ខ្លួន​បាន​សម្រាក​លំហែកាយ ព្រោះវាធ្វើឲ្យ​គេ​កាត់​បន្ថយ​ភាពតានតឹង បង្កើតអារម្មណ៍ធូរស្រាល និងបើកចិត្តឲ្យ​មានសេរីភាព។

មនុស្សដែលស្រឡាញ់ពណ៌ខៀវ មានស្មារតីការលះបង់ខ្លាំងចំពោះក្ដីសុខអ្នកជុំវិញខ្លួន។ បើជាសិស្ស គេខិតខំសិក្សាណាស់ បើ​ជា​សា​សនិក គេ​ប្រតិបត្តិ​ជំនឿ​របស់ខ្លួន​បាន​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​បើ​ជា​បុគ្គលិក​ស្ថាប័ន គេសង្វាតប្រឹងប្រែងធ្វើការ​មែនទែន។

ចំណុចពិសេសនៃមនុស្សចំណូលពណ៌ខៀវ គឺចេះបត់បែនទៅតាមការផ្លាស់ប្តូរបានរហ័ស ក៏ដូចជា​ហ៊ានប្រឈម​មុខគ្រប់បញ្ហា។

ទន្ទឹមនឹងមានលក្ខណៈសម្បត្តិល្អៗ ជួនកាល​បុគ្គលនេះ​ជា​មនុស្ស​មាន​ភាព​ម៉ឺងម៉ាត់​ជ្រុល​ហួសហេតុ​ពេក ឧស្សាហ៍​ក្រៀមក្រំ គិត​ច្រើន ​និង​ឆាប់ធ្លាក់ទឹកចិត្ត៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...