ហេតុអ្វីបានជាក្រោយពេលបែកគ្នា ច្រើនតែបាត់បង់មិត្តភាព?

សៅរ៍, ២១ ​វិច្ឆិកា ២០២០

118

នៅពេលដែលមនុស្សពីរនាក់ធ្លាប់ស្រលាញ់គ្នា តែក៏មានបញ្ហាមិនអាចបន្តទៅមុខ រហូតដល់ឈានដល់ការពោលពាក្យបែក ឬ​សុំ​​បញ្ចប់​​ស្នេហា ដោយភាគីណាមួយ។ ពេលនោះហើយដែលពួកគេប្រឈមនឹងការបាត់បង់ទាំងស្នេហា និងមិត្តភាព​ក្នុងពេល​តែ​មួយ។ មូលហេតុពិតយ៉ាងណា ទើបបណ្ដាលឱ្យពួកគេបាត់បង់ទាំងស្នេហា និងមិត្តភាពព្រមគ្នាបែបនេះ? ខាងក្រោមនេះ ជា​ហេតុផល​សំខាន់ ៣ យ៉ាង៖

១. មិនព្រមទទួលយកហេតុផលរបស់គ្នាទៅវិញទៅមក៖ អ្វីក៏ដោយសុទ្ធតែមានហេតុផល ហើយជឿថាមុននឹងឈានដល់​ការ​ពោល​ពាក្យបែក យើងសុទ្ធតែដឹងច្បាស់ពីអារម្មណ៍របស់ខ្លួនឯង ចិត្តខ្លួនឯង និងបេះដូងខ្លួនឯង ឬហេតុផល​ណា​មួយ​ផ្សេង​ទៀត ដែលធ្វើឱ្យចំណងស្នេហាមួយនេះមិនអាចបន្តទៅមុខ ទើបសម្រេចចិត្តបញ្ចប់ត្រឹមនេះ។ ប្រសិនបើមានភាគីណាមួយ មិន​ព្រម​ទទួលយកហេតុផលពីភាគីម្ខាងទៀត នោះហើយជាបញ្ហាដែលធ្វើឱ្យមនុស្សពីរនាក់ មិនត្រឹមតែបាត់បង់ស្នេហាប៉ុនណោះទេ តែ​ក៏ប្រឈម​នឹងការបាត់បង់​មិត្តភាពទៅជាមួយគ្នាដែរ។

២. កើតមានការក្រែងរអែងចិត្ត ឬរអៀសចិត្តចំពោះគ្នា៖ នៅពេលដែលកើតមានការមិនទទួលស្គាល់ការពិត ឬមិនស្ដាប់ហេ​តុ​ផល ​«មិនអាច» របស់គ្នាទៅវិញទៅមក វាអាចឈានដល់ការខ្លាចរអែងចិត្តគ្នា ធ្វើឱ្យមិត្តភាពយើងកាន់តែផ្លាស់ប្រែ ប្រែពី​មនុស្ស​ពីរ​នាក់​ដែលធ្លាប់តែនិយាយស្ដីរកគ្នា ស្និទ្ធស្នាលគ្នា ទៅជាមើលមុខគ្នាលែងចំ។ អ្វីដែលម្នាក់ៗអាចធ្វើបាន គឺត្រូវតែយល់ព្រម​ស្ដា​ប់​​​ហេតុ​ផល​គ្នា និងព្រមទទួលយកហេតុផលគ្នាទៅវិញទៅមកដោយសន្តិវិធី ទើបមិត្តភាព​របស់អ្នកទាំងពីរអាចនៅបន្ត​ទៀ​ត​បាន ​បើ​ទោះ​ជា​​អារម្មណ៍​​ស្នេហាត្រូវបានបញ្ចប់ក៏ដោយ។

៣. ជ្រើសរើសវិធីបញ្ចប់ការឈឺចាប់ ដោយការផ្ដាច់ទំនាក់ទំនងគ្រប់យ៉ាង៖ មិនមែនចង់ជ្រើសយកមធ្យោបាយ កែវដែលប្រេះ​បែ​ក​​ហើយ ​ទោះប្រឹងតភ្ជាប់យ៉ាងណាក៏មិនអាចដូចដើមដែរ។ ការព្យាយាម​បន្តរាប់អាន​គ្នា​ទាំង​លាក់ទុក​អារម្មណ៍​ឈឺចាប់​នៅ​ក្នុង​ទ្រូង មិនខុសពីការប្រឹងសម្ដែងធ្វើញញឹមនៅមុខកញ្ចក់ តែក្រោយខ្នងជាទឹកភ្នែក។ តើអាចទ្រាំធ្វើបែបនេះបានយូរប៉ុនណា? យូរ​ៗ​​​ទៅ ​យើង​ទាំងពីរគង់តែ​ជ្រើសយកការនៅស្ងៀមស្ងាត់ គឺស្ងាត់ទាំងទំនាក់ទំនង មិនចង់ឃើញមុខ មិនចង់ឮសំឡេង ហើយ​ចុង​ក្រោ​យ​ក៏កញ្ចប់មិត្តភាពទាំងស្រុង លែងមានទំនាក់ទំនងដូចមុន។

ការពិតទៅ! ៣ចំណុចខាងលើនេះ គ្រាន់តែជាអ្វីដែលយើងចង់ឱ្យអ្នកពិចារណាឡើងវិញ ព្រោះថាស្នេហាមិនអាចបង្ខំ ហើយ​ក៏​គ្មា​ន​​អ្នក​​ណា​ចង់ឱ្យមានការបែកគ្នាដែរ។ ជឿថាវាពិតជាពិបាក តែយ៉ាងណាប្រសិនបើរឿងវាឈានដល់ដំណាក់កាលនេះ យើងក៏​គ្មាន​ជម្រើស​ដែរ។ អ្វីដែលសំខាន់ ស្ថិតលើការសម្រេចចិត្តរបស់អ្នក តើចង់បាត់បង់តែស្នេហា ឬក៏ត្រូវបាត់បង់ទាំងស្នេហា ទាំង​មិត្ត​ភាព ​ក្នុង​ពេល​តែមួយ?

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...