មូលហេតុ ៥ យ៉ាង ដែលអាចធ្វើឱ្យ​ការសារភាពស្នេហ៍របស់អ្នក​តែងតែបរាជ័យ

អាទិត្យ, ២៩ ​វិច្ឆិកា ២០២០

តាំងពីចេះមានស្នេហាមក ធ្លាប់សារភាពស្នេហ៍បានប៉ុន្មានដងហើយ? បរាជ័យប៉ុន្មានដងហើយ? ចង់ដឹងទេថា ហេតុអ្វីបាន​ជា​ការ​សារភាពស្នេហ៍របស់អ្នកចេះតែបរាជ័យ? ខាងក្រោមនេះ ជាមូលហេតុ ៥ យ៉ាងដែលអ្នកអាចនឹង​ធ្វើឱ្យការសារភាពរបស់អ្នក មិន​ទទួល​បានជោគជ័យ។

១. ឃើញគេភ្លាម សារភាពភ្លែត លឿនដូចរន្ទះបាញ់៖ ទ្រឹស្ដី “កុំវាយស្មៅ បង្អើលពស់!” ប្រើបានតែចំពោះការធ្វើសង្គ្រាម ឬ​ប្រកួត​​ប្រជែងគ្នាលើរឿងអ្វីមួយផ្សេងតែប៉ុណ្ណោះ តែមិនគួរយកមកប្រើក្នុងទ្រឹស្ដីស្នេហាបានទេ។ ដឹងទេថា កាលណា​អ្នក​ពុំបាន​ផ្ដល់​សញ្ញា​អ្វីជាមុនសូម្បីតែបន្តិច ទៅឱ្យភាគីស្នេហារបស់អ្នកបានដឹង វាអាចជារឿងមួយដែលធ្វើឱ្យគេភ្ញាក់ផ្អើលពេក រហូត​បាក់​ចង្កេះ មិនបានត្រៀមខ្លួនទាល់តែសោះ ហើយក៏មិនអាចឆ្លើយតបភ្លាមៗបានទេថា គេស្រលាញ់យើងវិញ ឬអត់។ មនុស្សខ្លះទៀត មិន​អាច​ទទួលយក​អារម្មណ៍ភ្លាមៗ​បែបនេះបានទេ ជាហេតុធ្វើឱ្យគេ​បាក់ស្បាត គ្មានចម្លើយ​ប្រាប់អ្នក ឬក៏អាចនឹងឆ្លើយ​បដិសេធ​ភ្លាមៗ​តែម្ដង ដែលនាំឱ្យអ្នក​ខកចិត្តខ្លាំង។

២. ពេលវេលាមិនសក្ដិសម៖ កុំទម្លាប់សារភាពទៅនរណាម្នាក់ឆៅៗ ដោយមិនបានពិចារណាជាមុន ព្រោះថាកាលៈទេសៈ ពេល​វេលា ពិតជាសំខាន់ណាស់សម្រាប់រឿងស្នេហា។ អ្នកត្រូវចេះស្ទាបស្ទង់ និងជ្រើសរើសពេលវេលាណាមួយ ដែលគិតថាសម​ស្រប​បំផុត កុំឱ្យភាគីម្ខាងទៀតងាយនឹងផ្ដល់ចម្លើយបដិសេធត្រលប់មកវិញ ចំពោះការសារភាពរបស់អ្នក។

៣. សារភាពប៉ះចំអ្នកមានម្ចាស់៖ ឃើញគេទំនេរៗ មិនប្រាកដថាគេសុទ្ធតែគ្មានសង្សារនោះទេ។ ពិតណាស់ថា មុនសារភាព​អ្នក​ត្រូវ​ស៊ើបមើលប្រវត្តិគេជាមុនសិន គេនៅទំនេរទេ? គេជាកូនចៅអ្នកណា? គ្រួសារគេយ៉ាងណាដែរ? គេមានចរិតបែបណា? គេ​ចូលចិត្ត​អ្វី? មិនចូលចិត្តអ្វី? ចរិតមនុស្សបែបណាដែលគេស្រលាញ់? ។ល។ នៅមានចំណុចជាច្រើនទៀត ដែលអ្នកគួរតែដឹងពីគេ កុំ​ឱ្យ​ការសារភាព​របស់អ្នក ត្រូវរងភាព​បរាជ័យទាំងអាម៉ាស់ ព្រោះតែប៉ះចំលើមនុស្សដែលគេមានគូស្នេហ៍រួចហើយ។

៤. សារភាព ឱ្យតែបានសារភាព៖ ការប្រឡងដោយមិនបានមើលមេរៀនត្រៀមទុកជាមុន ងាយនឹងធ្វើឱ្យអ្នកប្រឡងធ្លាក់ណាស់ ចំណែករឿងស្នេហាក៏ដូចគ្នា។ បើស្រលាញ់ ឬចាប់អារម្មណ៍លើនរណាម្នាក់ អ្នកគួរចេះសន្សំទុនទុកជាមុនឱ្យបានច្រើនសិន ដោយ​សិក្សា​ស្វែងយល់​ពីគេឱ្យបាន​ច្រើន។ ការស្គាល់គេកាន់តែច្បាស់ ថាគេជាមនុស្សបែបណា ចូលចិត្តអ្វី ជារឿងកាន់តែល្​អប្រសើរ ដែល​អាច​ធ្វើឱ្យអ្នកត្រៀមខ្លួនបានត្រឹមត្រូវ និងសមស្របតាមចំណូលចិត្តរបស់គេ ដើម្បីទាក់ទាញចិត្តគេ។ ដូច្នេះ កុំទម្លាប់សារភាព ឱ្យតែបាន​សារភាព ឬអាចហៅថា សារភាពដោយគ្មានទំនួលខុសត្រូវ។

៥. សារភាពយឺតពេល៖ ចំណុចសំដៅដល់មនុស្សមួយចំនួន ដែលមានភាពអេះអុញ រារែក គិតពិចារណាដោយប្រើពេលវេលាយូរ​ពេក ពុំក្លាហាន រហូតធ្វើឱ្យភាគីម្ខាងទៀត ធុញនឹងការរង់ចាំការពោលពាក្យស្រលាញ់ពីមាត់អ្នក។ ខណៈពេលដែលអ្នក​ស្វែងយល់​ពី​គេ​ហើយ អ្នកគួរតែអាចដឹងថា គេចង់ឱ្យអ្នកសារភាពទៅគេលឿនៗដែរឬអត់? ការស្ទាបស្ទង់ចិត្តដៃគូពិតជាសំខាន់ បើសិនជាគេ​ឱ្យ​សញ្ញា​ថា គេពិតជាចង់ស្ដាប់ពាក្យសុំស្នេហ៍របស់អ្នកហើយ កុំនៅរារែកយូរអី សារភាពផ្លុកៗទៅកុំឱ្យបាត់បង់ឱកាស។

តើចំណុចមួយណាដែលអ្នកគិតថា ធ្លាប់ជាអ្វីដែលអ្នកបានធ្វើវាកន្លងមក? ប៉ុន្តែសូមចាំថា ទោះយ៉ាងណា ការសារភាពស្នេហ៍មិន​សុទ្ធតែ​សមប្រកបគ្រប់ពេលទេ អ្វីដែលសំខាន់យើងត្រូវគិតគូរ ពិចារណាឱ្យបានវែងឆ្ងាយ ហើយព្យាយាមប្រឹងប្រែងជា​មុនឱ្យ​អស់​ពី​សមត្ថភាព សន្សំពិន្ទុបន្ថែមឱ្យបានច្រើន ដើម្បីងាយនឹងទទួលបានស្នេហាពិតពីនរណាម្នាក់៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...