រឿងរ៉ាវគូស្នេហ៍ដំរី ខាវ៉ាន់ និង ឌីប៉ូ បានបង្រៀនយើង ៧ចំណុច ពិសេសអ្នកនៅ Single

ពុធ, ០២ ធ្នូ ២០២០

ដំរីឈ្មោលឆ្លងប្រទេសមកពីប្រទេសប៉ាគីស្ថាន ឈ្មោះ ខាវ៉ាន់ ជាដំរីដែលមានអាយុជាង ៣០ឆ្នាំហើយ និងមានប្រវត្តិកម្សត់ ឯកា ធ្លា​ប់​ទទួ​ល​រងការធ្វើទារុណកម្មជាដំណំ ឥឡូវនេះបានមករស់នៅប្រទេសកម្ពុជាហើយ។ អ្វីដែលធ្វើឱ្យមហាជននាំគ្នារំភើបចិត្ត គឺ ខា​វ៉ាន់ ​បានជួបស្នេហ៍ពិត ជាមួយដំរីញី នៅប្រទេសកម្ពុជា ឈ្មោះ ឌីប៉ូ ហើយពួកគេទើបតែ​បានសាងស្នេហាដ៏​ផ្អែម​ល្ហែម​ជា​មួយ​គ្នា​។

តាមរយៈស្នេហាឆ្លងប្រទេសរបស់ដំរីទាំងពីរនេះ អាចឱ្យយើងទាញបាននូវអត្ថន័យសំខាន់ៗចំនួន ៧ចំណុច ដែលលើកទឹក​ចិត្ត​ខ្លាំ​ង​ដល់ជីវិតរស់នៅរបស់យើង ជាពិសេស គឺជាសារដ៏ល្អសម្រាប់អ្នកនៅ Single តែម្ដង។

១. ទោះឯកាយ៉ាងណាដ៏ដោយ កុំអស់សង្ឃឹម! អ្នកនឹងជួបស្នេហ៍ពិតនៅថ្ងៃណាមួយ៖ មានជីវិតតស៊ូលំបាក និងជាប់​ឈ្មោះ​ជា​ដំរី​ឯកា​បំផុតលើលោក តែនៅទីបំផុតដំរីឈ្មោលឈ្មោះ ខាវ៉ាន់ ក៏បានជួបស្នេហ៍ពិត ទទួលបានក្ដីសុខ សុភមង្គលដូចគេដទៃ។ ដូ​ច្នេះ ​បើអ្នកយល់ថាជីវិតអ្នកឯកា សូមកុំបោះបង់ចោលក្ដីស្រមៃ ត្រូវតែបន្តរស់នៅជាមួយក្ដីសង្ឃឹមជាប់ជានិច្ច។

២. បើមាននិស្ស័យ ទោះនៅឆ្ងាយពីគ្នាប៉ុនណា ក៏គង់តែបានជួបគ្នានៅថ្ងៃណាមួយ៖ និយាយដល់រឿងស្នេហា ពេលខ្លះ​យើ​ង​ពិ​ត​​​ជាស្មានមិនត្រូវ ទាយមិនបានទេ។ ដូចចាស់ៗតែងតែលើកឡើងថា ឱ្យតែជាគូនឹងគ្នា ទោះនៅឆ្ងាយគ្នាម៉ឺនយោជន៍យ៉ាងណា ក៏​គង់​តែអាចជួបគ្នានៅថ្ងៃណាមួយ ជាក់ជាមិនខាន ហើយជាក់ស្ដែង ដូចជាគូស្នេហ៍ដំរីថ្មោងថ្មីមួយគូនេះអ៊ីចឹង។

៣. ពេលខ្លះមិនបាច់ប្រឹងរកស្នេហាទេ នៅពេលយើងល្អគ្រប់គ្រាន់ ស្នេហានឹងមករកយើងវិញ៖ នៅពេល​ដែលយើង​អាយុ​ច្រើ​ន​​ហើយ​នៅតែមិនទាន់រកគូឃើញ ពេលខ្លះយើងក៏មានអារម្មណ៍ថាហត់នឿយ ជាមួយនឹងការរង់ចាំ ឬតាមរកមនុស្សដែ​ល​យើ​ង​ស្រ​លាញ់​ណាស់។ ប៉ុន្តែតាមរយៈរឿងរ៉ាវគូស្នេហ៍ដំរីខាងលើនេះ បានប្រាប់យើងថា ស្នេហាមិនពិបាករកទេ បើសិនយើង​ជាម​នុ​ស្ស​ដែល​មានគុណសម្បត្តិល្អគ្រប់គ្រាន់ រឹងមាំគ្រប់គ្រាន់ នោះថ្ងៃណាមួយស្នេហាច្បាស់ជា មកគោះទ្វារហៅអ្នក​ដល់ផ្ទះជាមិ​ន​ខា​ន​។

៤. ស្នេហ៍ពិត មិនប្រកាន់ជាតិសាសន៍ឡើយ៖ ស្នេហាជាក្ដីស្រលាញ់ដែលមិនអាចវាស់ជម្រៅបាន ហើយក៏មិនអាចកំណត់ថា ជា​តិសាសន៍ខុសគ្នា ស្រលាញ់គ្នាមិនបាននោះដែរ។ យ៉ាងណា រឿងស្នេហាសត្វដំរី ខាវ៉ាន់ និង ឌីប៉ូ ជា​ឧ​ទា​ហរ​ណ៍​ស្រា​ប់​ទៅ​ហើ​យ​។ ដូច្នេះ កុំអាលគិតថាផែនដីចង្អៀត រកមនុស្សតែម្នាក់មិនបាន ការពិតវាធំទូលាយណាស់ គ្រាន់តែយើងរកមិនទាន់ជួប។

៥. ការរង់ចាំ មិនសុទ្ធតែធ្វើឱ្យយើងខកបំណងទេ៖ ត្រូវតែចេះរង់ចាំ ហើយចេះអត់ធ្មត់នឹងការរង់ចាំរបស់អ្នក ព្រោះថាការរង់ចាំ​មិន​​បានបញ្ជាក់ថា សុទ្ធតែជារឿងខកបំណងទាំងអស់នោះទេ។ អ្វីដែលសំខាន់ អ្នកត្រូវប្រើពេលវេលារង់ចាំឱ្យមានប្រយោជន៍ និង​ឈ្លាសវៃ តាមដែលអាចធ្វើទៅបាន។

៦. ជីវិតយើងម្នាក់ៗ មិនសុទ្ធតែអាប់អួរហូតទេ គង់តែមានពន្លឺនៅថ្ងៃណាមួយ៖ ការតស៊ូ ការពុះពារ ជាអ្វីដែលមនុស្ស​ម្នាក់ៗ​ត្រូវ​មាន។ ជីវិតដំរីឈ្មោល ខាវ៉ាន់ ជួបរឿងជូរចត់ច្រើនរាប់មិនអស់ តែចុងបញ្ចប់គេនៅតែអាចរកឃើញស្នាមញញឹម។ ឱ្យតែ​យើ​ង​​ជាមនុស្សល្អ ទោះបីពេលខ្លះយើងមិនអាចជួយអ្វីខ្លួនឯងបាន ក៏គង់តែមានមនុស្សជុំវិញខ្លួនមើលឃើញអំពើល្អរបស់យើង ហើ​យ​ពួកគេនឹងជួយយើងជាមិនខាន។

៧. ពេលជីវិតយើងជោគជ័យ អ្នកនៅជុំវិញខ្លួននឹងទះដៃអបអរសាទរ៖ ជាទូទៅ គេមិនសូវចូលចិត្តស្ដាប់​រឿងពិបាកចិត្តរប​ស់​យើ​ង​ទេ ​តែនៅពេលយើងធ្វើអ្វីមួយបានជោគជ័យ អ្នកដទៃនឹងស្ដាប់យើង ហើយពួកគេនឹងនាំគ្នាអបអរសាទរយើង។

ចំណុច​នេះ​ចង់​ប្រាប់យើងថា ត្រូវទទួលស្គាល់អ្វីដែលជានិស្ស័យរបស់មនុស្សលោក ដែលតែងតែស្អប់ភាពលំបាកវេទនា និង​ចូ​ល​ចិត្ត​ភាពជោគជ័យ។ ម្យ៉ាងវិញទៀត ក៏ចង់ប្រាប់យើងថា បើចង់ឱ្យគេសាទរ យើងត្រូវធ្វើអំពើល្អ ធ្វើរឿងល្អ ធ្វើរឿងដែល​ជា​មោ​ទន​ភាព ​ធ្វើរឿងដែលជាប្រយោជន៍ និងរឿងដែលអ្នកគ្រប់គ្នាពេញចិត្ត៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...