សញ្ញាទាំង ៥ របស់ Crush ដែលបង្ហាញថា អ្នកមិនមែនជា​មនុស្សសំខាន់​សម្រាប់គេទេ

សៅរ៍, ០៥ ធ្នូ ២០២០

ធ្វើម៉េចទើបដឹងថា Crush របស់អ្នកមានចិត្តមកលើអ្នកវិញឬអត់? សញ្ញា ៥ យ៉ាងខាងក្រោមនេះ អាចឱ្យអ្នកវាស់ស្ទង់ចិត្តគេបាន ថាគេស្រលាញ់អ្នកវិញ ឬក៏អត់ ហើយបើមានសញ្ញាទាំង ៥ នេះហើយ អ្នកគួរតែប្រញាប់ដកចិត្តវិញជាបន្ទាន់ បើមិនចង់មេម៉ាយចិត្ត។

១. គ្រប់ពេលគេច្រើនតែធ្វើហីៗដាក់អ្នក៖ ភាពសោះអង្គើយ ឬប្រងើយកន្តើយនេះហើយ ជាសញ្ញាដែលគេចង់ប្រាប់អ្នកថា គេ​គ្មាន​ចិត្ត​ចាប់អារម្មណ៍លើអ្នកនោះទេ។ ការព្យាយាមរបស់អ្នកទៅកាន់គេ ភាគច្រើនតែងតែបរាជ័យ ដែលជាញឹកញាប់អ្នក​មាន​អារម្មណ៍​ខឹង ឬឈឺចាប់​ដោយសារទង្វើរបស់គេមកលើអ្នក។

២. គេឆាតមួយម៉ាត់ បាត់រាប់ម៉ោង៖ ធ្លាប់ទេ? បើយើងមិនឆាតទៅទេ គេក៏មិនខ្ចីឆាតមកដែរ! ហើយបើទោះបីជាឆាតជាមួយគ្នា ក៏មិនសូវមានពាក្យអ្វីនិយាយជាមួយយើងច្រើនដែរ និយាយមួយម៉ាត់ បាត់រាប់ម៉ោង រាប់អាទិត្យ រាប់ខែ។ នេះជាចម្លើយមួយ​ដែល​គេចង់ប្រាប់​អ្នកថា អ្នកពុំមានជា​មនុស្សសំខាន់​សម្រាប់គេឡើយ។

៣. គេហាក់ដូចជាមិនចង់ចំណាយពេលច្រើនជាមួយអ្នក៖ ប្រាកដណាស់ មនុស្សបើកាលណាស្រលាញ់គ្នា រឿងសំខាន់ដែល​តែង​តែ​មានចំពោះគ្នាគឺការចំណាយពេល ប៉ុន្តែសម្រាប់ Crush ដែលមិនចង់ចំណាយពេលជាមួយអ្នក មានន័យថា គេមិន​ចង់​ឱ្យ​អ្នក​ខាតពេល និងបាក់ចិត្តកាន់តែខ្លាំងមកលើរូបគេ ទាំងដែលគេដឹងក្នុងចិត្តច្បាស់ថា គេមិនអាចតបក្ដីស្រលាញ់​មក​អ្នក​វិញ​បាន​ឡើយ។

៤. គេតែងតែរំលងចោលរាល់ការផុស ឬស៊ែររបស់អ្នក៖ កុំថាឡើយមិនចង់ជួបមុខយើង សូម្បីតែពេលអូសឃើញផុស ឬស៊ែរ​របស់​យើង​នៅលើ​ហ្វេសប៊ុក ក៏គេសឹងតែអូសរំលងគ្រប់ពេលដែរ។ គេមិនសូវចំណាយពេលមកចូល Comment លេងនៅលើអ្វី​ដែល​យើង​បានផុសនោះទេ យ៉ាងច្រើនចុច Like តែមួយហ្នឹង រាប់ថាលើសលប់​ណាស់ទៅហើយ។

៥. ពេលអ្នកប្រាប់ថាស្រលាញ់គេ គេតែងតែគិតថាអ្នកនិយាយលេងសើច៖ ចរិតរបស់មនុស្សដែលមិនស្រលាញ់អ្នក គេមិនចូល​ចិត្ត​និយាយប្រាប់ត្រង់ៗទេ តែគេចូលចិត្តបង្ហាញឫកពារសោះអង្គើយ ឬភាពហីៗបញ្ជាក់ជំនួសពាក្យចំៗ។ ម្យ៉ាងវិញទៀត នៅពេល​ដែលអ្នកព្យាយាមរកវិធីធ្វើយ៉ាងណា ដើម្បីបញ្ជាក់ប្រាប់គេឱ្យដឹងថា អ្នកពិតជាកំពុងស្រលាញ់គេ ក៏គេនៅតែធ្វើធម្មតាៗដដែល គ្មានប្រតិកម្មតបវិញអ្វីបន្តិចណាសោះ ហើយច្រើនតែតបមកវិញថា អ្វីដែលអ្នកថាស្រលាញ់គេ វាជារឿងលេងសើចទៅវិញ។

តើមនុស្សដែលអ្នកកំពុងលួចស្រលាញ់ គេមានបញ្ចេញសញ្ញាទាំងនេះ មកកាន់អ្នកវិញដែរឬទេ? តើនៅមានសញ្ញាអ្វីផ្សេងទៀត ដែល​អ្នក​បាន​ទទួលពី Crush របស់អ្នក?

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...