ស្រ​លាញ់​គ្នាយូរៗ​ទៅ ​កាន់តែ​មិន​យល់​ចិត្តគ្នា ​ឈ្លោះ​ដូច​ដាក់​ម៉ោង ​តើម​ក​ពីអ្វី?​

សៅរ៍, ០៩ មករា ២០២១

ការប្រកាសយល់ព្រមទទួលយកគ្នាជាគូស្នេហ៍ មិនទាន់អាចនិយាយថា អ្នកជោគជ័យក្នុងជីវិតស្នេហារបស់អ្នកនៅឡើយទេ។ ផ្ទុយទៅវិញ វាត្រូវការរយៈពេលច្រើន និងយូរអង្វែងទៀត ដែលអ្នកនិងគូស្នេហ៍ត្រូវស្វែងយល់ និងសិក្សាពីគ្នាបន្ថែម។ យ៉ាង​ណា​មិញ គូស្នេហ៍ខ្លះ​ល្អតែពីដំបូង លុះចាប់ផ្ដើមស្រលាញ់គ្នា កាន់តែយូរៗទៅ ក៏បែរជាមានរឿងមិនចេះចប់ កាន់តែ​មិន​យល់​ចិត្តគ្នា​លើស​ដើម។ តើបញ្ហានេះអាចបណ្ដាលមកពីកត្តាអ្វីខ្លះ?

១. មិនព្រមចាញ់ ចង់តែឈ្នះរៀងខ្លួន៖ មិនថាស្នេហារបស់អ្នក ប្រទានមកពីទេវតាឋានណាទេ បើសិនពេលមានបញ្ហា ម្នាក់ៗ​មិន​ព្រម​ចាញ់​ហើយចង់​តែឈ្នះ នោះទោះយ៉ាងណាក៏គង់តែប្រេះឆាជាមិនខាន។ ស្នេហា របៀបនេះគ្មានក្ដីសុខទេ ព្រោះស្រលាញ់គ្នា​ចង់តែ​ឈ្នះ ហាក់ដូចជាពុំបានយល់ច្បាស់ពីអត្ថន័យនៃពាក្យថា «ស្រលាញ់» នៅឡើយ។

២. បើកចិត្តស្រលាញ់ តែមិនបើកចិត្តទទួលយកចំណុចខ្វះខាត៖ ពេលខ្លះការស្រលាញ់ដែលរំពឹងតែចំណុចល្អ ឬទង្វើល្អរហូត អាច​ជាគ្រោះថ្នាក់ទៅវិញ ព្រោះថាកាលណាអ្នកកាន់តែស្គាល់គ្នាច្រើន នោះអ្នកនឹងឃើញចំណុចមិនល្អរបស់គ្នា​កាន់តែច្រើន​ដូច​គ្នា។ បើដាក់ចិត្តថាស្រលាញ់គា ត្រូវបើកចិត្តទទួលយកចំណុចអាក្រក់របស់គ្នា និងស្ម័គ្រចិត្តកែ​លម្អគ្នាទៅវិញទៅមក ទើបហៅ​ថា​ការស្រលាញ់បែបមនុស្សចាស់ទុំ។

៣. ខ្វះការអធ្យាស្រ័យ៖ មនុស្សដែលអ្នកស្រលាញ់ មិនមែនជាចំណាប់ខ្មាំងទេ បើសិនជាមានខុសលើសលស់អ្វី គួរតែចេះ​អធ្យាស្រ័យ​គ្នាទៅវិញ​ទៅមក ជាជាងការចាំតែចាប់កំហុសគ្នា នោះមិនល្អឡើយ។

៤. ចូលចិត្តយកការឈ្លោះ មកធ្វើជាវិធីពិសោធចិត្ត៖ ពេលខ្លះបើមិនបានឈ្លោះ ដូចជានៅមិនសុខ។ ចាំថាវ័យនេះអ្នកមិនមែន​តូច​ទៀតទេ ធំៗអស់ហើយ​គួរយល់ថា​ ពេលណាគួរលេងសើច ពេលណាគួរម៉ត់ចត់។ អ្វីគួរលេងសើច អ្វីមិនគួរលេងសើច អ្នកគួរតែ​យល់ច្បាស់​ហើយ គ្មានសេចក្ដីសុខណាដែលបានមកពីការឈ្លោះគ្នាទេ កុំស្រមៃតាមគូស្នេហ៍ក្នុងរឿងភាគពេក វាគ្រាន់តែ​ជាការ​រៀបចំ​របស់​អ្នកនិពន្ធ និងការសម្ដែងរបស់​តួអង្គតែប៉ុណ្ណោះ។

៥. មិនទុកចិត្តគ្នា៖ មនុស្សស្រលាញ់គ្នាសំខាន់បំផុតគឺការទុកចិត្តគ្នា។ នៅក្បែរគ្នាខ្លាំងប៉ុនណាក៏ដោយ បើសិនជាខ្វះទំនុកចិត្ត​លើ​គ្នា​ហើយ ច្បាស់ជា​ឧស្សាហ៍កើត​រឿងញឹកញាប់ណាស់ យូរៗទៅគង់តែ​ល្អក់កករនឹងគ្នាជាមិនខាន។

ស្នេហា ជាដំណើរវែងឆ្ងាយ! បើអ្នកដាក់ចិត្តថា​ស្រលាញ់គ្នា ត្រូវតែចេះពន្យល់ ណែនាំគ្នា ជាជាងការស្ដីបន្ទោស ឬក៏អង្គុយចាំ​តែ​ចាប់​កំហុសគ្នា។ ជូនពរឱ្យ​ចំណងស្នេហា​របស់អ្នក កាន់តែរឹងមាំណា៎៕

ដោយ៖ សំនៀង

ព័ត៌មាន​ទាក់ទង​

Loading...