ជីវិតនៅលីវមិនបានអាក្រក់ណាស់ណាទេ សំខាន់នៅលីវដោយសប្បាយចិត្ត និងរៀនពីរបៀបដើម្បីឱ្យមានផាសុកភាពនៅក្នុងភាពឯកោមួយនេះ។ នៅបស្ចឹមប្រទេស គេសម្គាល់មនុស្សស្រីនៅលីវ ឬមានសង្សាររួចហើយលើចំណុចទាំងនេះ៖
១. ចម្អិនអាហារដោយខ្លួនឯង
នាងបានក្លាយជាមេចុងភៅល្អម្នាក់ទាំងមិនដឹងខ្លួន ដោយនិយមចម្អិនអាហារញ៉ាំសម្រាប់ខ្លួនឯង មិនអំពល់ទិញក្រៅឡើយ។
២. ក្លាយជានារីក្លាហានម្នាក់
នៅពេលមានអ្វីបែកបាក់ ឬខូចជុំវិញផ្ទះ នាងរៀនជួសជុលវាដោយខ្លួនឯង។ កុំព្យូទ័រឈប់ដំណើរការ នាងក៏អាចដោះស្រាយបញ្ហានោះ។ នៅពេលយានជំនិះខូចភ្លាមៗ នាងដើរតួជាជាងមេកានិចដោយខ្លួនឯង។ មិនចាំបាច់ត្រូវការបុរសណាម្នាក់ ដើម្បីដោះស្រាយជំនួសឡើយ។
៣. សម្លាប់សត្វល្អិតដោយខ្លួនឯង
មានសត្វពីងពាងក្នុងបន្ទប់ ឬមានកន្លាតនៅក្នុងផ្ទះបាយ? មិនបាច់បារម្ភឬភ័យខ្លាចដូចនារីដទៃ ក្នុងនាមជាមនុស្សស្រីនៅលីវម្នាក់ នាងគ្រាន់តែទាញថ្នាំសម្លាប់សត្វល្អិតបាញ់ក៏ចប់បាត់ទៅហើយ។
នាងមិនខ្ចីទៅរកនរណាម្នាក់ផ្សេង ដើម្បីបំពេញការងារនៅចំពោះមុខនោះទេ ហើយក៏គ្មានជម្រើសអ្វីក្រៅពីក្លាហានប្រឈមមុខនឹងសត្វល្អិតទាំងនោះដែរ។
៤. ដឹកទំនិញដោយខ្លួនឯង
នៅពេលនិយាយពីការលើកទម្ងន់ធ្ងន់ៗ នាងបានរៀនពីវិធីពឹងផ្អែកលើខ្លួនឯង។ នាងលែងត្រូវការអ្នកផ្សេងដើម្បីលើកវត្ថុធ្ងន់ស្រាលសម្រាប់ខ្លួនទៀតហើយ។ និយាយរួម នាងរៀនចេះធ្វើអ្វីដោយខ្លួនឯង ដោយមិនពឹងផ្អែកលើមិត្តប្រុស ឬអ្នកផ្សេងទៀតដើម្បីដឹកអីវ៉ាន់នោះទេ។
៥. ទិញសម្លៀកបំពាក់តម្រូវចិត្តខ្លួនឯង
កាលពីមុន អាចថាទិញសម្លៀកបំពាក់និងតុបតែងខ្លួនសម្រាប់ផ្គាប់មិត្តប្រុស ឬអ្នកដទៃ។ តែបច្ចុប្បន្ននាងគ្រាន់តែទិញអ្វីដែលខ្លួនឯងចង់បាន និងមានអារម្មណ៍ល្អតែប៉ុណ្ណោះ។
៦. ចេញទៅមើលកុនតែម្នាក់ឯង
រាល់ពេលមានភាពយន្តចាក់បញ្ជាំងនៅរោងកុនថ្មីៗដែលចង់មើល នាងលែងស្វែងរកកាលបរិច្ឆេទនិងណាត់អ្នកណាមកមើលរួមគ្នាទៀតទេ។ គ្រាន់តែគេបង្ហាញម៉ោងចាក់ផ្សាយ នាងក៏ចិត្តក្ដៅចិត្តទៅមើលតែឯង មិនចាំបាច់បបួលដៃគូដូចមុន។
៧. ចាត់ទុកខ្លួនឯងជាអំណោយ
នៅពេលនិយាយពីអំណោយ នាងលែងជានារីទន់ខ្សោយពឹងផ្អែកលើអ្នកដទៃដើម្បីទិញអំណោយទៀតហើយ។ ឧទាហរណ៍ពីថ្ងៃកំណើតដែលជិតមកដល់ នាងក៏មិនរំពឹងថានឹងមានអំណោយពីអ្នកផ្សេង តែនាងចេញក្រៅ ហើយទិញអ្វីដែលខ្លួនឯងចង់បាន៕
អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey
ដោយ៖ សាង ស្រីល័ក្ខ