សម្ដែងរាប់ភ្លេច តែ ណាក់ ស្រីណា ទើបជួប ហ្សូណូ លើកដំបូង ក្នុងរឿងភាគ​បុរាណ «ខោល»

សៅរ៍, ០៥ ធ្នូ ២០២០

អ្នកណាក៏ដឹងដែរថា កញ្ញា ណាក់ ស្រីណា ជាតារាសម្ដែងខ្មែរដ៏ស្រគត់ស្រគំម្នាក់ ដែលមានអត្តចរិតស្លូតបូត សុភាពរាបសារគួរ​ឱ្យ​ស្រលាញ់​ណាស់ ហើយស្នាដៃរឿងភាគជាច្រើនដែលកញ្ញាបានសម្ដែងនាពេលកន្លងមក ក៏មានច្រើនដែរ។ ដោយឡែក លោក ហ្សូណូ វិញជាតារា​ចម្រៀងមួយរូប ដែល​មានទឹកដម​ពីរោះ ថែមទាំងរូបរាងក៏ខ្ពស់សង្ហា​មិនធម្មតាឡើយ។

អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍នាពេលនេះ គឺអ្នកទាំងពីរបានកំពុងសម្ដែងរឿងភាគខ្មែរមួយរួមគ្នា ក្នុងតំណែងជាតួឯក​ប្រុស​ស្រី​ថែម​ទៀត​ផង។ តាមការឱ្យដឹងពីតួឯកស្រី កញ្ញា ណាក់ ស្រីណា បានប្រាប់ក្រុមការងារគេហទំព័រ Poraman ឱ្យដឹងថា នេះជាការ​សម្ដែង​លើក​ដំបូង​របស់កញ្ញា ជាមួយ​តារាចម្រៀង ហ្សូណូ ហើយជារឿងភាគបែបបុរាណទៀត។

មានឱកាសបានសម្ដែងជាមួយតារាចម្រៀង ហ្សូណូ លើកដំបូង កញ្ញា ណាក់ ស្រីណា បានពោលសរសើរថា លោក ហ្សូណូ ជា​មនុស្ស​ម្នាក់​ដែល​មានអត្តចរិតល្អ មានភាព​អំណត់អត់ធ្មត់​ខ្លាំង​ជាមួយការងារ មិនប្រកាន់ច្រើន ហើយថែមទាំងឆាប់ចុះ​សម្រុង​ជាមួយ​ក្រុមការងារផងដែរ។ លើសពីនេះ ស្រីណា បានបញ្ជាក់ទៀតថា រឿងភាគនេះមានចំណងជើងថា «ខោល» ថតឱ្យ​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស ដែលនឹងមានការចាក់ផ្សាយជូនទស្សនានៅពេលខាងមុខ។ ដោយឡែក សម្រាប់សាច់រឿងយ៉ាងណានោះ ស្រីណា ពុំទាន់អាចបញ្ជាក់លម្អិតជូននៅពេលនេះបានទេ ទុកឱ្យមហាជនជាអ្នករង់ចាំតាមដានដោយខ្លួនឯង។

ម្នាក់មានអាជីពគោលជាតារាសម្ដែង ហើយម្នាក់ទៀតមានអាជីពគោលជាតារាចម្រៀង តែតារាប្រុសស្រីទាំងពីររូបនេះ ពិតជា​ស្រស់​ស្អាត និងស្រស់សង្ហា ហើយសក្ដិសមខ្លាំងណាស់ក្នុងការចាប់ដៃគូរួមគ្នា ដើម្បីសម្ដែងរឿងភាគបែបបុរាណ​ខ្មែរមួយនេះ។ ក្រោយ​ឃើញរូបភាព​ជាច្រើនដែល ណាក់ ស្រីណា បញ្ចេញនៅលើបណ្ដាញសង្គម ទស្សនិកជនរឹតតែចង់តាមដានទ្វេដង ថា​ស្នាដៃ​ដំបូងរវាង លោក ហ្សូណូ និង ស្រីណា គួរឱ្យចាប់អារម្មណ៍កម្រិតណា? រឿងភាគ «ខោល» នឹងបង្ហាញ​ឈុតឆាកអ្វីខ្លះដល់​ទស្សនិកជន​កម្ពុជា? រង់ចាំតាមដាន និងគាំទ្រភាពយន្តខ្មែរមួយនេះទាំងអស់គ្នា បន្ទាប់ពីរឿង​ភាគនេះចាក់​បញ្ចាំង​នៅពេល​ខាងមុខ។

តោះ មើលរូបភាពខ្លះៗរបស់ ហ្សូណូ និង ណាក់ ស្រីណា ក្នុងរឿងភាគ «ខោល» ដូចខាងក្រោម៖

រូបភាពផ្ដល់ជូនដោយ៖ កញ្ញា ណាក់ ស្រីណា

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...