មុននេះបន្តិច ក្រុមហ៊ុន Miss Grand Cambodia បានបង្ហោះសារលើបណ្ដាញសង្គម ដោយបានបង្ហាញពីកិច្ចព្រមព្រៀងបញ្ចប់វិវាទរវាងភាគី ក្រុមហ៊ុន ជាមួយនឹង កញ្ញា សេង រដ្ឋា។
ក្នុងនោះ ក្រុមហ៊ុនក៏បានបង្ហោះសារយ៉ាងដូច្នេះថា «បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមេធាវីភាគីខាងក្រុមហ៊ុន និងមេធាវីភាគីខាងកញ្ញា សេង រដ្ឋា ដូចនេះគូភាគីទាំងពីរក៏បានសម្រេចធ្វើទៅតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ដែលបានកំណត់ដូចខាងក្រោម សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញា សេង រដ្ឋា»។
ជាមួយគ្នានោះ យោងតាមលិខិតកិច្ចព្រមព្រៀងនេះ ក៏បានបញ្ជាក់ផងដែរថា ភាគីខាង កញ្ញា សេង រដ្ឋា ព្រមឲ្យភាគីខាងក្រុមហ៊ុនដកហូតដំណែងជា Miss Grand Cambodia 2020 ចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះតទៅ។
តាមលិខិតព្រមព្រៀងនេះដដែរ ក៏បានបញ្ជាក់ថា កញ្ញា សេង រដ្ឋា យល់ព្រមមិនទទួលយកប្រាក់រង្វាន់ និងកម្រៃ ព្រមទាំងយល់ព្រមប្រគល់ម្កុដ ឈៀង និងពានជ័យលាភី ជូនទៅភាគីខាងផលិតកម្ម មហាហង្ស វិញ នៅថ្ងៃចុះកិច្ចព្រមព្រៀងនេះផងដែរ៕
ដោយ៖ ស្រីហាង