តារាសម្ដែងដ៏ល្បីប្រចាំប្រទេសហ្វីលីពីន អ្នកនាង Marian Rivera បានសម្រេចកែសម្រួលការសរសេរពាក្យពេចន៍នៅលើរូបភាពដែលបានបង្ហោះឡើងវិញ បន្ទាប់ពីមានការរិះគន់ និងមិនពេញចិត្តពីអ្នកគាំទ្រនៅកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាតែម្ដង។
ការអាក់អន់ចិត្តរបស់ប្រជាជនកម្ពុជា បានកើតឡើងបន្ទាប់ពីនៅលើទំព័រហ្វេសប៊ុកផេកឈ្មោះ Marian Rivera ដែលគេដឹងថាជាផេកផ្លូវការរបស់តារាស្រីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកថតនៅមុខអង្គរវត្ត ក្នុងប្រទេសកម្ពុជា ជាមួយស្វាមីរបស់អ្នកនាង តែស្រាប់តែនៅលើរូបនោះបែរជាសរសេរថា When in Thailand ទៅវិញ។
ក្រោយពីមានការបញ្ចេញមតិមិនពេញចិត្តជាច្រើនពីសំណាក់បងប្អូននៅកម្ពុជា មិនយូរប៉ុន្មានគេក៏ស្រាប់តែបានឃើញតារាស្រីរូបនេះ បានកែសម្រួលការសរសេរនៅលើផុសនោះជាថ្មីឡើងវិញ ដោយប្តូរមកថា Cambodia និងមានរូបបេះដូង ៣ ផងដែរ ធ្វើឱ្យបងប្អូនខ្មែរមានការធូរចិត្តមកវិញ៕
ដោយ៖ សូរ្យកាន្ត