មេ​ដឹក​នាំ​ហុង​កុង ​និយាយ​ថា ​ជំងឺ​កូវីដ​១៩​រលក​ទី​២​គ្រប់​គ្រង​លែង​បាន​ហើយ​

ចន្ទ, ២០ កក្កដា ២០២០

28

មេដឹកនាំទីក្រុងហុងកុងបាននិយាយ កាលពីថ្ងៃអាទិត្យទី១៩ ខែកក្កដាថា ជំងឺកូវីដ១៩បានរីករា​លដាលហួសពីការគ្រប់គ្រងហើយ​នៅក្នុងទីក្រុងនេះ ខណៈលោកស្រីបានប្រកាសអំពីកំណត់ត្រាអ្នកឆ្លងប្រចាំថ្ងៃខ្ពស់ជាង១០០ករណី និងបានបញ្ជាឲ្យមាន​វិធានការ​គម្លាត​សង្គមថ្មីៗ។

មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ គឺជាកន្លែងដំបូងគេដែលត្រូវបានវាយប្រហារ​ដោយវីរុសនៅពេលវាលេចចេញពីភាគកណ្តាល​នៃ​ប្រ​ទេស​ចិនប៉ុន្តែទីក្រុងនេះទទួល​បានជោគជ័យគួរឲ្យកត់សម្គាល់​ក្នុងការប្រយុទ្ធប្រឆាំងនឹងវាហើយ​បានបញ្ចប់ការចម្លងក្នុង​សហ​គម​ន៍​​នៅចុងខែមិថុនា។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ករណីជាច្រើនបានចាប់​ផ្តើមផ្ទុះឡើងម្តងទៀតហើយ​ក្រុម​គ្រូ​ពេទ្យ​ព្រួយបារម្ភថា វាកំពុងរីករាលដាលដោយមិនអាចការពារបាននៅក្នុងទឹកដីដែលមានប្រជាជន ៧.៥លាននាក់មួយនេះ។

កាលពីថ្ងៃអាទិត្យ លោកស្រីនាយកប្រតិបត្តិ Carrie Lam បាននិយាយថា ការឆ្លងជាង៥០០ករ​ណីត្រូវបានបញ្ជាក់​នៅក្នុងរយៈពេល​ពីរ​សប្តាហ៍ចុងក្រោយដែលនាំឲ្យចំនួនសរុបរបស់ទីក្រុងនេះកើនដល់ ១,៧៨៨ករណីជាមួយអ្នកស្លាប់ចំនួន ១២នាក់។

មនុស្សជាង១០០នាក់ត្រូវបានបញ្ជាក់ត្រឹមថ្ងៃអាទិត្យមួយថ្ងៃ ដែលនេះជាកំណត់ត្រាខ្ពស់​បំផុតប្រចាំថ្ងៃសម្រាប់មជ្ឈ​មណ្ឌលហិរញ្ញ​វត្ថុ​មួយ​នេះ​។​

លោកស្រី Lam បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគិតថាស្ថានភាពនេះពិតជាធ្ងន់ធ្ងរណាស់ហើ​យមិនមានសញ្ញាណាមួយដែលថា​ស្ថាន​ភាព​កំពុងត្រូវបានគ្រប់គ្រងនោះទេ”។ លោកស្រី Lam បានប្រកាសពីវិធានការគម្លាត​សង្គមថ្មីកាលពីសប្តាហ៍មុនដោយ​បាន​បិទ​អាជីវកម្មជាច្រើនរួមទាំងរង្គសាល ក្លិបហាត់ប្រាណនិងក្លិបរាត្រីផងដែរហើយបានបញ្ជាឲ្យអ្នករាល់​គ្នាពាក់ម៉ាស់នៅលើមធ្យោ​បាយ​ធ្វើដំណើរ​សាធារណៈ។

កាលពីថ្ងៃអាទិត្យ លោកស្រី Lam បានប្រកាសពីវិធានការថ្មីៗរួមមាន​ផែនការធ្វើឲ្យវាមានភាពចាំបាច់ក្នុងការ​ពាក់ម៉ាស់នៅ​ខាង​ក្នុង​កន្លែង​សាធារណៈណាមួយនិងបទបញ្ជាថ្មីសម្រាប់មន្រ្តីរដ្ឋការឲ្យធ្វើការពីផ្ទះ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...