អភិបាលខេត្តកំពង់ស្ពឺ កំពុងគិតគូរធ្វើផ្លូវទៅតំបន់ទេសចរណ៍ ភ្នំខ្នងផ្សារ

អង្គារ, ២១ កក្កដា ២០២០

18

ភ្នំពេញ៖ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ កំពុង​សិក្សា​ធ្វើ​ផ្លូវ​ទៅ​កាន់​តំបន់​ទេសចរណ៍ ភ្នំ​ខ្នង​ផ្សារ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើដំណើរ​របស់​អ្នកទេសចរ​ទៅ​កម្សាន្ត។

លោក វ៊ី សំណាង ​​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ​បាន​ថ្លែង​ក្នុង​ឱកាស​ធ្វើ​សន្និសីទ​សារព័ត៌មានស្ដី​ពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​រប​ស់​​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​​​ នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី នាព្រឹកថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០២០ នេះ​ថា រដ្ឋបាល​ខេត្ត បាន​គិតគូរ និង​កំពុង​សិក្សា​ធ្វើ​ផ្លូវ​ទៅ​កាន់​តំបន់ទេសចរណ៍ ភ្នំ​ខ្នង​ផ្សារ។

លោក​ថា រដ្ឋបាល​ខេត្ត ក៏​បាន​គិតគូរ​ផង​ដែរ ក្នុង​ការ​ធ្វើ​បន្ទប់​អនាម័យ និង​បរិស្ថាន ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​តំបន់​ទេសចរណ៍​​ថ្មី​នេះ មា​ន​​បរិស្ថាន​​ស្អាត ប្រកប​ដោយ​អនាម័យ។

ជា​មួយ​គ្នា​នេះ អភិបាល​ខេត្ត​កំពង់ស្ពឺ​ បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់ ត្រូវ​ចេះ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​នូវ​បរិស្ថាន​ស្អាត​ទាំងអស់​គ្នា។

លោក សៅ សារ៉ាន ប្រធានមន្ទីរទេសចរណ៍ ខេត្ត​កំពង់ស្ពឺ បានថ្លែងថា មន្ទីរកំពុងផ្ដោតលើការបណ្ដុះបណ្ដាលសហគមន៍ ម្ហូប​អា​ហារ ​និងសេវាស្នាក់នៅដើម្បីពង្រឹងសេវាទេសចរណ៍ និងឈានដល់ភ្ញៀវទេសចរឲ្យមកកម្សាន្តកាន់តែច្រើនបន្ថែមទៀត។

ភ្នំខ្នងផ្សារ ជា​តំបន់​​ធម្មជាតិ​មួយ​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិតាំងបំពុង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ Bo Doula

ព័ត៌មាន​ទាក់ទង​

Loading...