មានសង្ឃឹមហើយ! រុស្ស៊ីជោគជ័យ ១០០% លើវ៉ាក់សាំងប្រឆាំងកូវីដ១៩ និងចាប់ផ្តើមផលិតចាប់ពីខែសីហាទៅ

ពុធ, ២២ កក្កដា ២០២០

150

ប្រទេសរុស្ស៊ី នឹងផ្តើមផលិតវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ជាផ្លូវការ ចាប់ខែសីហាតទៅ ក្រោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល។ នេះ​បើ​តាម​សេចក្តីរាយការណ៍ពីព័ត៌មានក្នុងស្រុករបស់ប្រទេសនេះ TASS។

វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ទី១ របស់ប្រទេសរុស្ស៊ី ត្រូវរដ្ឋាភិបាល អះអាងរួចរាល់ជាផ្លូវការហើយ ខណៈលោក Ruslan Tsalikov អ​នុ​រដ្ឋ​មន្ត្រីការពារជាតិ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកស្ម័គ្រចិត្តចំនួន ២ក្រុម បានជោគជ័យក្នុងការតេស្ត​វ៉ាក់សាំង​ដំណាក់​កា​ល​ចុងក្រោយ ដោយក្រោយចាក់បញ្ចូលវ៉ាក់សាំងនេះក្នុងរាងកាយ ប្រព័ន្ធភាពស៊ាំរបស់ពួកគេ ចាប់ផ្តើមពង្រឹងសមត្ថភាព​យ៉ាង​ខ្លាំ​ង​​ដើម្បីប្រយុទ្ធប្រឆាំងវីរុស។

ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន AIF លោក Ruslan Tsalikov លើកឡើងថា “គ្រប់អ្នកស្ម័គ្រចិត្តទាំងអស់​ដែលចូល​រួម​ក្នុង​ការ​ធ្វើតេស្តដំណាក់កាលចុងក្រោយ សុទ្ធតែបង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំខ្លាំងក្លាជាងមុន គ្មាននរណាម្នាក់បរាជ័យ​ក្នុងការ​ធ្វើ​តេស្ត​នេះឡើយ មានន័យថា វ៉ាក់សាំងដំបូងរបស់យើង គឺរួចរាល់ជាផ្លូវការហើយ”។

លោកថា ក្នុងបេសសកម្មស្រាវជ្រាវ និងផលិតវ៉ាក់សាំង កងយោធារុស្ស៊ី បានប្រើប្រាស់បច្ចេកវិទ្យាបែបវិទ្យាសាស្ត្រ​ប្រកបដោយ​ស​ក្តា​នុពល និងគួបផ្សំនឹងបទពិសោធយ៉ាងច្រើននាពេលកន្លងមក ជាក់ស្តែងដូចជាពួកគេធ្លាក់ជោគជ័យជាមួយវ៉ាក់សាំងប្រឆាំងវីរុស Ebula ដូចគ្នា។

ក្រុមហ៊ុនជីវសាស្ត្ររុស្ស៊ី ទទួលបានសិទ្ធិចាប់ផ្តើមផលិតវ៉ាក់សាំងនេះ ចាប់ពីខែសីហាតទៅ ហើយបើតាមមន្ត្រីជាន់ខ្ពស់រុស្ស៊ី លោក Kirill Dmitriyev ប្រធានមូលនិធិវិនិយោគផ្ទាល់ក្នុងរុស្ស៊ី RDIF និយាយថា ដំណាក់កាលសាកល្បងក្នុងប្រទេសខ្លួន នឹង​បញ្ចប់​ដោយ​ជោគ​ជ័យ​នាថ្ងៃទី ៣ សីហា។

មកទល់នឹងពេលនេះ អត្រាឆ្លងថ្មីនៅប្រទេសមហាអំណាចរុស្ស៊ី នៅតែស្ថិតក្នុងតួលេខយ៉ាងខ្ពស់ ដោយមានប្រមាណជិត ៦​ពាន់​នាក់​ក្នុងមួយចំនួន ខណៈតួលេខសរុបមានដល់ទៅ ៧៨៣ ៣២៨ករណី រីឯករណីស្លាប់ មានជាង ១២ ៥០០នាក់ ហើយអ្នកជា​សះ​ស្បើយ​មាន ៥៦២ ០០០នាក់៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សុភា

ព័ត៌មាន​ទាក់ទង​

Loading...