ករណីឆ្លងរាតត្បាតកូវីដ១៩ជាសកលកើនលើស ១៥លាននាក់ហើយ

ព្រហស្បតិ៍, ២៣ កក្កដា ២០២០

13

យោងតាមការបូកសរុបរបស់ AFP បានបង្ហាញថា ការឆ្លងរាតត្បាតវីរុសកូរ៉ូណាបានកើន​លើស ១៥លាននាក់ហើយគិតត្រឹមថ្ងៃ​​ព្រហ​ស្បតិ៍​នេះ ​ដោយ​ក្នុង​នោះ​មាន​ជាងពាក់កណ្តាលគឺនៅ​សហរដ្ឋ​អាមេរិក ​និង​អាមេរិក​ឡា​ទីន​។ ទិន្ន​ន័យ​បាន​បង្ហាញ​ថា​ជំងឺ​រាត​ត្បាត​នេះ​នៅ​តែបន្តពន្លឿនការឆ្លងរាលដាលហើយ ប្រទេស​ជា​​ច្រើន​កំពុង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បង្កើនវិធានការការពាររបស់ពួកគេ។

ក្នុងរយៈពេលមិនដល់៥ថ្ងៃផង ករណីថ្មីចំនួន១លានករណីត្រូវបានកត់ត្រាទូទាំងពិភពលោក។ ក្នុងមួយសប្តាហ៍មុន ​ក​រណី​ជា​មធ្យម​ជាង​២៣០,​០០០​ករណី​ត្រូវ​បាន​រាយ​ការណ៍ជារៀងរាល់​ថ្ងៃ។ ចំនួន​អ្នក​ឆ្លង​ជំងឺ​ដែល​គេ​ដឹង​​បាន​កើន​ឡើង​ទ្វេ​ដង​ចាប់​តាំង​ពី​ថ្ងៃទី១១ ខែមិថុនាមក។ ករណីសរុបចំនួន ១៥,០០៧,២៩១ ករណីត្រូវបានគេកត់ត្រា ​ខណៈ​មាន​អ្នក​ស្លាប់​ចំនួន​ ៦១​៧,​៦០៣នាក់ និងមនុស្ស ៨,៣៥១,៣៧៣​នាក់បាន​ជា​សះ​​ស្បើយ​ពីជំងឺនេះ។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានបង្ហាញ​ថា ​សហ​រដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ដែល​ទទួលរងផលប៉ះពាល់អាក្រក់បំផុត ដោយមានចំនួន ៣,៩១៥,៧៨០ករណី​ឆ្លង​សរុប​ហើ​យ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ១៤២,៣១២នាក់។

តំបន់អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីនគឺជាតំបន់រងផលប៉ះពាល់ខ្លាំងជាងគេលំដាប់ទី២លើពិភពលោក ដោយមានករណីឆ្លង ​៣,​៩​៥៦,​៩​៩៧​ករណី ​និង​អ្នក​ស្លាប់ ​១៦៧,៣៧៧នាក់៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...