មកដឹងនិងស្វែងយល់ពីប្រវត្តិនៃការដឹកនាំរបស់ក្សត្រជ័យវរ្ម័នទី ៧ ដែលល្បីរន្ទឺនាសម័យអង្គរ

សុក្រ, ២៤ កក្កដា ២០២០

12

សៀមរាប ​៖ នៅ​ក្នុង​សម័យ​អង្គរ​ ព្រះមហាក្សត្រ​ដែល​កសាង ​និង​ធ្វើសឹក​សង្គ្រាម​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ដោយ​មហាក្សត្រ​អង្គ​នេះ​គោរព​ប្រតិបត្តិ​នៅ​សាសនា​ពីរ​ មាន​សាសនា​មហាយាន​ និង​សាសនា​ព្រហ្មញ្ញ​ផង​ដែរ​។

យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ជាច្រើន​បាន​ឲ្យ​ដឹង​ថា កាល​នៅ​កុមា​រ ហើយ​ពិតមែន​ថា​ព្រះអង្គ​កាន់​ព្រះពុទ្ធសាសនា​មហាយាន​ដូ​ច​​​ព្រះបិតា​ព្រះអង្គ ព្រះអង្គ​ក៏​មាន​មហា​ព្រាហ្មណ៍ អ្នកប្រាជ្ញ​មួយ តាម​បង្ហាត់​បង្រៀន​ព្រះអង្គ​រាល់ថ្ងៃ​ដូចជា​ រាជបុត្រ ឬ​រាជបុត្រី​ផ្សេ​ង​ៗ​​ទាំងអស់​តាម​ទម្លាប់​ធម្មតា​នា​ពេល​នោះ​។

ព្រះពុទ្ធសាសនា​មហាយាន ក្រៅពី​មានការ​គោរព​ព្រះពុទ្ធ ​និង​ព្រះ​ពោធិសត្វ​ផ្សេងៗ ក៏​រស់នៅ​ក្នុង​ភាព​សម​ល្អ​ក្នុង​មិត្តភាព​ត្រជាក់​ស្មោះ​ត្រង់​​ជាមួយនឹង​ព្រហ្មញ្ញសាសនា​ដែរ​។​ មិន​គ្រាន់តែ​ប៉ុណ្ណោះ គេ​យក​ទំនៀមទម្លាប់​របស់​ព្រហ្មញ្ញសាសនា​មក​ប្រើប្រាស់​រា​ល់​ថ្ងៃ​ដូចជា​ ការ​គោរព​គម្ពីរ​ «​វិ​ដា​» ​ជាដើម​។​

ជ័យ​វរ្ម័ន​ទី​៧ ​បាន​រៀន​សូត្រ​ចេះដឹង​យ៉ាង​ខ្ពង់ខ្ពស់​ជាទីបំផុត​។ ​ដល់​ការសិក្សា​ចប់​ទៅ​ ព្រះអង្គ​ ចូល​បម្រើ​ក្នុង​កងទ័ព​។ ​នេះ​គឺជា​ហេតុ​យ៉ាង​ធម្មតា​ ពីព្រោះ​ព្រះអង្គ​មាន​វណ្ណៈ​ជា​ក្សត្រ​ប្រែ​មក​ថា អ្នក​ចម្បាំង​។ ​ដល់​អាយុ​ ២៥​ឆ្នាំ​ ព្រះអង្គ​បាន​ទៅជា​ឧត្ដមសេនីយ៍​ទៀត​ផ​ង​​ព្រះរាជបុត្រ​ព្រះអង្គ​ ៤​អង្គ ក៏បាន​ធ្វើជា​មេទ័ព​ផង​ដែរ។ ហើយ​មាន​ជោគជ័យ​ទៅទៀត ដូច​មាន​ចារឹក​អក្សរ​នៅ​បន្ទាយឆ្មារ​ជា​ដើម​។​
​ ​
កាល​ឆ្នាំ​១១៧៧​ ពេលដែល​ខ្មែរ​អត់​ដឹងខ្លួន​សោះ ចាម​ឡើង​មក​តាម​ទន្លេ​មេគង្គ និង​ទន្លេសាប​ វាយ​ប្រហារ​ក្រុង​អង្គរ ឬ​យ​សោ​ធៈ​បុ​រៈ​។ ​ពួកនេះ​ប្លន់​អ្វី​ទាំងអស់ ឥតមាន​សល់ សម្លាប់​ព្រះមហាក្សត្រ​នៅ​ពេល​នោះ ​គឺ​ស្ដេច​ត្រី​ភូ​វណៈ​ទិ​ត្យ​វរ្ម័ន រួច​កាន់កាប់​មហានគ​រ​ខ្មែ​រ​​អស់ ​៥​ឆ្នាំ​។

​ជ័យ​វរ្ម័ន​ទី​៧​ ដែល​ជា​អ្នក​ស្រឡាញ់​ជាតិ​យ៉ាង​ខ្លាំង ស្បថ​ថា​នឹង​សងសឹក​ទៅលើ​ចាម​ឲ្យ​បាន​យ៉ាង​អស្ចារ្យ​។​ ព្រះអង្គ​ប្រយុទ្ធ​តស៊ូ​ឥត​ឈប់​ឈរ ​ធ្វើ​ឲ្យ​ពួក​ចាម​ដកថយ​ចេញពី​ស្រុក​ខ្មែរ​នៅ​ឆ្នាំ​១១៨១​។​

ក្នុង​ឆ្នាំ​ដដែល​នោះ ព្រះអង្គ​ ក៏បាន​ឡើង​គ្រងរាជ្យ​ក្នុងនាម​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ដែល​មានន័យថា​«​មនុស្ស​​មាន​ជ័យជម្នះ​ការពារ​»​។​ ការសង​សឹក​ទៅលើ​ចាម​មាន​ដែរ នៅ​ឆ្នាំ​១២០២ ​ដោយ​ព្រះអង្គ​បាន​វាយកម្ទេច​ស្រុក​ចាម​វិញ ហើយ​ត្រួតត្រា​ស្រុក​នោះ​អស់​ ២០​ឆ្នាំ​។

ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ទ្រង់​ខំ​រៀបចំ​កសាង​ស្រុក​ខ្មែរ​ទាំងមូល​ឡើងវិញ​។​ រាជធានី​យ​សោ​ធៈ​បុ​រៈ​ដែល​ឆេះ​អស់​ត្រូវ​បាន​កសាង​វិញ​មុ​ន​គេ​ ហើយ​បាន​ឈ្មោះថា ក្រុង​ព្រះខ័ន​ជ័យ​ស្រី​។ ​ក្រោយមក​ដោយ​ហេតុ​ថា ​ក្រុង​នេះ​មាន​ភាព​តូច​បន្តិច​ ពិបាក​ការពារ​ ព្រះអង្គ​ក៏​សា​ង​​រាជធានី​ថ្មី​មួយទៀត​ឈ្មោះ «​ជ័​យៈ​អាទិត្យៈ​បូរ៉ា​» ដែល​សព្វថ្ងៃ​គេ​ហៅថា «​អង្គរធំ​»​។​ នៅ​ចំ​កណ្តាល​ក្រុង ​ព្រះអង្គ​ស្ថាបនា​ប្រា​សាទ​​មួយ​សម្រាប់​តម្កល់​ព្រះ​របស់​ព្រះអង្គ​ដែលជា​ព្រះ​ពោធិសត្វ​។ ​ដោយហេតុថា ព្រះអង្គ​កាន់​ព្រះពុទ្ធ​សាសនា​មហាយាន​ដែល​ឥ​ត​មាន​​កាន់​អ្វី​ពី​សាសនា​ដទៃ​ទៀត​នោះ ព្រះអង្គ​ ក៏បាន​ដាក់​ក្នុង​ប្រាសាទ​នេះ​គ្រប់រូប​ព្រះ​ទាំងឡាយ​របស់​ព្រហ្មញ្ញសាសនា​ដូចជា ​រូ​ប​​​ព្រះនរាយណ៍ ឬ​ព្រះ​វិស្ណុ ព្រមទាំង​រូប​លិង្គ និង​យោនី​ដែល​ជា​ព្រះ​សិវៈ​។​

ជ័យ​វរ្ម័ន​ទី​៧ ប្រាកដជា​អ្នក​ដែល​បាន​កសាង​ស្ថាបនា​ច្រើនជាងគេ​ទាំងអស់ គឺ​នៅក្នុង​រាជ​កាល​ព្រះអង្គ​ហើយ ដែល​គេ​ឃើញ​សំ​ណ​ង់​​​គ្រប់បែបគ្រប់យ៉ាង​មិន​គ្រាន់តែ​នៅ​អង្គរ​ទេ គឺ​នៅ​ខេត្ត​នានា​យ៉ាង​ឆ្ងាយ​ទៀត​ផង​។ អ្នកខ្លះ​គេ​ថា គឺជា​ស្នាដៃ​ក្សត្រ​មួយ​យ៉ាង​ធំ ខ្លះ​ទៀ​ត​​ទិទាន​ព្រះអង្គ​ដោយ​មិន​ដឹង​ថា​ហេតុអ្វី ឬ​មកពី​អ្វី​បានជា​ព្រះអង្គ​កសាង​យ៉ាងច្រើន​ដូច្នេះ​។ ​

ការពិត​មិនមែន​មានតែ​ប្រាសាទ​ទេ ដែល​ព្រះអង្គ​បាន​កសាង​នោះ​។ ជ័យ​វរ្ម័ន​ទី​៧ ​បានរៀបចំ​គ្រប់ជំពូក​មាន​ខាង​សាសនា នយោ​បាយ ​សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច​។​ល​។ ព្រះអង្គ​ បាន​កសាង​ផ្លូវថ្នល់​យ៉ាង​ល្អ​រាប់ពាន់​គីឡូម៉ែត្រ កសាង​ស្ពានថ្ម​រាប់​រយ ព្រមទាំង​រោ​ង​​សំណាក់​តាមផ្លូវ​នោះ​យ៉ាង​ច្រើន​សម្រាប់​អ្នកធ្វើដំណើរ​ឆ្ងាយ​អាច​ឈប់​សម្រាក​បាន​។​ ព្រះអង្គ​ចាយ​ថវិកា​ផ្ទាល់ខ្លួន​ចិញ្ចឹម​សិស្ស​រាប់ពាន់នាក់ នៅ​តាម​ខេត្តព្រមទាំង​និស្សិត​រាប់​រយ​ទៀត​នៅ​មហាវិទ្យាល័យ​គ្រប់មុខ​ដូចជា​ ខាង​ច្បាប់ ខាង​អក្សរសាស្ត្រ ខាង​វិជ្ជា​ពេទ្យ​​…​។​ល​។​ ព្រះអង្គ​ បាន​ស្ថាបនា​មន្ទីរពេទ្យ​ដល់​ទៅ​១០២ មាននៅ​គ្រប់​ខេត្តឲ្យ​រាស្ត្រ​ទាំងអស់ ទោះជា​វណ្ណៈ​ណា​ក៏​ដោយ​បាន​ចូ​ល​ទៅ​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​។ ​គឺ​អ្វីៗ​ទាំងអស់​នេះ​ហើយ​ដែលជា​ភស្តុតាង​បញ្ជាក់​ថា​ ព្រះ​អង្គជា​ក្សត្រ​មួយ​យ៉ាង​ធំ និង​យ៉ាង​សា​មញ្ញ​បំផុត​ ក្នុងចំណោម​ក្សត្រ​ទាំ​ង​អស់​ នៅក្នុង​ស្រុក​ខ្មែរ​៕​

ប្រភពអត្ថបទ៖ kampucheathmey
 

ដោយ៖ ពិសី

ព័ត៌មាន​ទាក់ទង​

Loading...