៦​ខែ​ឆ្នាំ​នេះ ​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា ​មាន​ចំនួន​ជាង​១​លាន​នាក់​ធ្លាក់​ចុះ​ជាង​៦០​ភាគ​រយ​

ចន្ទ, ២៧ កក្កដា ២០២០

17

ភ្នំពេញ​៖ ​យោង​តាម​របាយ​ការ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២០​នេះ ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុ​ជា មាន​ចំនួន​ ១ ១៨២ ៨២៦​នាក់ ​ថយ​ចុះ​៦៤,៦​ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល ​៦​ខែ​ដូចគ្នា​កា​ល​ពី​​ឆ្នាំ​​២០១៩​ ដែលមាន​រហូតដល់​ទៅ​ ៣ ៣៣៨ ៤៧៤​នាក់​។

​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នេះ​ គឺ​បណ្តាល​មក​ពី​បញ្ហា​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ជា​សកល​ ដែល​បណ្តា​ប្រទេស​នានា​ នៅ​លើ​ពិភពលោក​បិទ​ប្រទេស ​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​ បើ​តាម​របាយការណ៍ ​ដ​ដែល​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២​០​២​០​​នេះ​ ​មាន​ភ្ញៀវ​ទេសចរ​ចំនួន​១០​សញ្ជាតិ​ បាន​ចូល​មក​កម្សាន្ត ​នៅ​ប្រទេស​កម្ពុជា​ មាន​ដូចជា​ជនជាតិ​ចិន​មាន ចំនួន​២៧៥ ៦​៧​៣​នាក់​ ឈរ​លំដាប់ថ្នាក់​លេខ​១ វៀតណាម​មាន​ចំនួន​ ១៧៩ ៦៩៨​នាក់​ ឈរ​លំដាប់ថ្នាក់​លេខ​២​ និង​ជនជាតិ​ថៃ​ មាន​ចំនួន​ ១៦១ ០​៨​៤​​នាក់​ ​ឈរ​លំដាប់ថ្នាក់​លេខ​៣​។ ​រីឯ​ចំណាត់ថ្នាក់​ចុងក្រោយ​គេ​ គឺ​ជនជាតិ​អាល្លឺម៉ង់​មាន​ចំនួន​ ២៧ ០០០​នាក់​។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្នុងចំណោម​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​ ១ ១៨២ ៨២៦​នាក់​ឃើញ​ថា ​ចំនួន​ភ្ញៀវ​ទេសចរ​អ​ន្តរ​ជាតិ​​នៅ​ត្រីមាស​ទី​១​ គឺ​មាន​ចំនួន​ច្រើន​ គឺ​មាន​ចំនួន​១ ១៥៥ ២២៦​នាក់​ ក្នុង​នោះ​នៅ​ខែ​មករា​មាន​ចំនួន​ ៥៤៧ ៩៦៣​នាក់​ ខែ​កុម្ភៈ​មាន​ចំនួន​៣៨៣ ៨៦៣​នាក់​ និង​ខែ​មីនា​មាន​ចំនួន​២២៣ ៤០០​នាក់​។ ប៉ុន្តែ​ចំនួន​ភ្ញៀវ​បាន​ចាប់​ផ្តើម​បាន​ធ្លាក់​ចុះ​មកវិញ​ នៅ​ត្រីមាស​ទី​២​ ដែល​មាន​ចំនួន​ត្រឹមតែ​ ២៧ ៦០០​នាក់​ប៉ុណ្ណោះ ​ក្នុង​នោះ​នៅ​ខែ​មេសា​មាន​ចំនួន​៤ ៨៤១​នាក់​ ខែឧសភា​មាន​ចំនួន​ ១០ ៤៧៥​នាក់​ និង​ខែ​មិថុនា​មាន​ចំនួន​ ១២ ២៨៤​នាក់​។

​ទោះបីជា​ភ្ញៀវ​ទេសចរ​មកពី​ក្រៅ​ប្រទេស​ មានការ​ធ្លាក់​ចុះ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ-​១៩ ​ក៏ដោយ លោក​ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេ​ស​ចរណ៍​រំពឹង​ថា ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នឹង​ហក់​ឡើង​ខ្ពស់​មកវិញ ​នៅ​ខែ​សីហា​ខាងមុខ​ ដោយសារ​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​មាន​ថ្ងៃ​ឈប់សម្រាក​រយៈពេល​យូរ និង​នៅ​ខែ​កញ្ញា​ក៏​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ចំណែក​ឯ​ខែ​បន្តបន្ទាប់​ទៀ​ត​ ​ក៏​សម្បូរ​ថ្ងៃ​ឈប់សម្រាក ហើយ​ស្ថានភាព​កូ​វីដ​-១៩ ក៏​អាច​នឹង​កាន់តែ​ធូរស្រាល​ជាង​នេះ​ផងដែរ​៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...