ចាប់​ពី​ខែ​ក្រោយ​ទៅ ​ផ្សារ​ទំនើប ​Aeon ​Mall ​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​ក្រដាស​ប្រាក់​ដុល្លារ​ប្រភេទ ​១​ដុល្លារ ​៥​ដុល្លារ ​និង​១០​ដុល្លារ​

ព្រហស្បតិ៍, ៣០ កក្កដា ២០២០

40

ភ្នំពេញ​៖ ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល (AEON MALL) បាន​ប្រកាស​ជូនដំណឹង​ដល់​អតិថិជន​ពី​ការ​ផ្អាក​ការ​ផ្គត់ផ្គង់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​តូចៗ​ប្រភេទ ១​ដុល្លារ ៥​ដុល្លារ និង​១០​ដុល្លារ ក្នុង​ការ​អាប់​ប្រាក់​ត្រឡប់​ជូន​អតិថិជន ចាប់ពី​ថ្ងៃ​០១ ខែ​សីហា ឆ្នាំ​២០២០ តទៅ​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ផ្សារ​ទំនើប AEON MALL ដែល​ការិយាល័យ​យើង​ទទួលបាន​នៅ​ថ្ងៃ​ទី​៣០​កក្កដា​នេះ​។​

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ បាន​ប្រកាស​ជូនដំណឹង​ដល់​អតិថិជន​ខ្លួន អំពី​ការ​ផ្អាក​ផ្គត់ផ្គង់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ ដូចជា ១​ដុល្លារ ៥​ដុល្លារ និង​ ១០​ដុល្លារ ដោយ​ធ្វើការ​អាប់​ប្រាក់​ត្រឡប់​ជា​ប្រាក់រៀល​វិញ​។ ការ​ផ្អាក​ផ្គ​ត់​ផ្គង់​​នេះ ​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃ​០១ ខែ​សីហា ឆ្នាំ​២០២០​តទៅ រហូត​មានការ​ជូនដំណឹង​ជាថ្មី ហើយ​សម្រាប់​ការ​អាប់​ប្រាក់​ត្រឡប់​ជូន​អតិថិជន ត្រូវបាន​ផ្សារ​អ៊ី​អន ប្រកាស​ថា នឹង​ប្រើប្រាស់​ជា​ប្រាក់​រៀល​វិញ​។ តែ​យ៉ាងណាក៏ដោយ ផ្សារ​ទំនើប AEON MALL បា​ន​​បញ្ជាក់​​ថា ខ្លួន​នៅតែ​បន្ត​ទទួល​ក្រដាសប្រាក់​ដុល្លារ ពី​អតិថិជន​សម្រាប់​ការ​ជាវ​ទំនិញ​គ្រប់​ប្រភេទ រហូតដល់​មានការ​ជូនដំណឹង​ជា​ថ្មី។ ការ​ផ្អាក​ផ្គត់ផ្គង់​លុយ​ដុល្លារ​ប្រភេទ​តូចៗ​នេះ គឺ​សម្រា​ប់តែ​ការ​អាប់​ប្រាក់​ត្រឡប់​ទៅ​អតិថិជន​ប៉ុណ្ណោះ​។​

ទាក់ទង​បញ្ហា​នេះ លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​ នៃ​កម្ពុជា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ផ្សារ​ទំនើប​អ៊ី​អន នៅតែ​ទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ​ដដែល ប៉ុន្តែ​ប្រសិនបើ​ផ្សារ​មិន​មាន​ក្រដាស​ដុល្លារ​ទាំងនេះ​សម្រាប់​អាប់ ក៏​ធនាគារ​ជាតិ​មិន​អាច​បង្ខំ​ឲ្យ​អាប់​នូវ​ក្រដាស​ទាំងនោះ​បាន​ដែរ​។ ផ្សារ​ទំនើប​អ៊ី​អន អាច​អាប់​ជូន​វិញ​នូវ​ក្រដាសប្រាក់​ណា​ដែល​គាត់​មាន​។ ជាមួយគ្នា​នោះ លោកស្រី​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ​គួរ​បន្ត​គាំទ្រ​ការប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​បាន​ទូលំ​ទូ​លាយ​​។​​

សូម​បញ្ជាក់​ថា ធនាគារ​ជាតិ ​នៃ​កម្ពុជា បាន​ផ្តល់​ពេលវេលា​ចំនួន​៣​ខែ ដោយ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មិថុនា​ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​៣១ ខែ​សី​ហា ​ឆ្នាំ​២០២០ ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​នាំ​យក​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ១​ដុល្លារ ២​ដុល្លារ និង​៥​ដុ​ល្លា​រ ​​ទៅ​កាន់​ធនាគារ​ជាតិ នៃ​កម្ពុជា ដើម្បី​ដឹកជញ្ជូន​ទៅ​ក្រៅ​ប្រទេស​ដោយ​ឥត​គិត​កម្រៃ​សេវា។ ដែល​ការសម្រេច​នេះ បាន​ធ្វើ​ឡើង​​តាម​រយៈ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ អំពី​បញ្ហា​ប្រឈម ​នៃ​ចរាចរណ៍​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រ​ភេទ ​១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារនៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២០ បន្ទាប់ពី​សិក្សា​ឃើញ​ថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច និង​ចាស់ ទក់ រហែក ធនាគារ​ជាតិ​ នៃ​កម្ពុជា មានការ​លំបាក​ក្នុងការ​គ្រប់គ្រង​គុណភាព ដោយហេតុថា​ការ​ដឹក​ចេញ​ក្រដាសប្រាក់​ទាំងនេះ ត្រូវ​ចំណាយ​ពលកម្ម និង​ថវិកា​ខ្ពស់ ដែល​ខុស​ពី​ក្រដាស​ប្រាក់​រៀល ដែល​ធនាគារ​ជាតិ​ នៃ​ក​ម្ពុ​ជា​​អាច​កាត់ និង​កម្ទេច​ចោល ហើយ​ជំនួស​ដោយ​ក្រដាសប្រាក់​បោះពុម្ព​ថ្មី​។​

នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ បាន​បញ្ជាក់​ថា ក្នុង​ឃ្លាំង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ធនាគារ​ជាតិ នៃ​កម្ពុជា មានការ​គរ​ជន់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ ដែល​នេះ​ស​បញ្ជាក់​ថា តម្រូវ​កា​រ​នៃ​​ក្រដាស​ប្រាក់​ទាំងនេះ​មាន​កម្រិត​ទាប​ក្នុង​ទីផ្សារ​។

ធនាគារ​ជាតិ​បន្ត​ថា បន្ទាប់ពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា នឹង​ផ្ទេរ​ការ​ចំណាយ ដឹកជញ្ជូន​ចេញទៅ​ក្រៅ​ប្រ​ទេ​ស​​លើ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង៥​ដុល្លារឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ជា​អ្នករ៉ាប់រង​វិញ​។ ចំពោះ​ការ​ទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​១០​ដុល្លារឡើង​ទៅ គឺ​មិនមាន​កម្រៃ​សេវា​នោះ​ទេ ហើយ​ធនាគារជាតិ​ នៃ​ក​ម្ពុ​ជា ​នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​ឈាន​ទៅ​កំណត់​ពេលវេលា​ណា​មួយ​សមស្រប ដើម្បី​ផ្អាក​ការ​ទ​ទួ​ល​​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច​ទាំងស្រុង​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​៕

ប្រភពអត្ថបទ៖​ kampucheathmey

ដោយ៖ កោះកែវ

ព័ត៌មាន​ទាក់ទង​

Loading...