លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរអប្សរាបានលើកឡើងក្នុងពេលថ្មីៗនេះពីផលប្រយោជន៍នៃព្រៃឈើ លើបម្រើដល់ការការពារបេតិកភណ្ឌប្រាសាទបុរាណនៅតំបន់អង្គរ។ លោក ហង់ ពៅ បានឲ្យដឹងថា អាជ្ញាធរអប្សរាដែលគ្រប់គ្រងរមណីយដ្ឋានតំបន់អង្គរ បានចាប់ផ្តើមការដាំដើមឈើតាំងពីឆ្នាំ២០០៤។ ផលប្រយោជន៍ព្រៃឈើ ជាម្លប់ទាក់ទាញទឹកភ្លៀង ផ្តល់សំណើម កាត់បន្ថយការបំពុលបរិស្ថាន និងការផ្តល់ការប្រើប្រាស់ប្រចាំថ្ងៃ។
លោកថា ប្រាសាទទាំងអស់ត្រូវបានការការពារនិងថែរក្សាដោយសារដើមឈើ។ សកម្មភាពនៃការដាំដើមឈើ គឺអត្ថន័យចូលរួមដើម្បីការអភិរក្ស។
លោកបញ្ជាក់យ៉ាងដូច្នេះថា ថ្មប្រាសាទពេលត្រូវកម្តៅតាមការវាស់វិទ្យាសាស្រ្តបម្រែបម្រូលពេលថ្ងៃ សីតុណ្ហភាពឡើងជិតដល់ ៨០ដឺក្រេ តែពេលយប់អាចធ្លាក់នៅ២០ ដឺក្រ។ កម្តៅអាចប៉ះពាល់ដល់តួប្រាសាទ ថ្មអាចខ្ទាត់ ជាក់ស្តែងដូចចម្លាក់មួយចំនួនដែលខ្ទាំប្រេះបែក គឺដើមឈើអាចបន្ថយសម្ពាធកម្តៅខ្លាំងរបស់ប្រាសាទ។
លោកថា ប្រាសាទរបស់យើងអត់មានចាក់បេតុងទេ ចឹងទេព្រៃឈើក៏អាចធ្វើជារបាំងការពារខ្យល់បក់បោក ទប់ស្កាត់ការសឹករេចរឹល ការហូរច្រោះនិងស្រូបទឹកក្រោមដីដើម្បីផ្តល់សំណើមដល់ប្រាង្គប្រាសាទ។ ព្រៃឈើក៏ផ្តល់ផលប្រយោជន៍ខ្លាំងចំពោះមនុស្សនិងសត្វក្នុងជីវភាពរស់នៅប្រចាំថ្ងៃមានដូចជាគ្រឿងស្ល ឳសថសម្រាប់ព្យាបាលរោគ និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត។ ដូច្នេះបានជាអាជ្ញាធរជាតិអប្សរាខំប្រឹងដាំនិងអភិរក្សព្រៃឈើ ដើម្បីរក្សានូវកេរដំណែលដែលជានិមិត្តរូបនៃប្រទេសជាតិយើងផង។
លោកថា ឆ្នាំ២០២០នេះ អាជ្ញាធរអប្សរាគ្រោងចែកជូនដើមឈើ ១ សែនដើមដល់ពលរដ្ឋដាំដុះនៅតាមផ្ទះ ដើម្បីបង្កើនជម្រកព្រៃឈើ ជួយដល់បរិស្ថាន។
កន្លងមករាល់កិច្ចការស្តារឡើងវិញនូវបឹង ត្រពាំង បារាយណ៍ឬរាល់ការលើកទំនប់ជាដើម អាជ្ញាធរជាតិអប្សរាតែងតែផ្សាភ្ជាប់នូវការដាំដុះឡើងវិញនូវព្រៃឈើ និងរុក្ខជាតិគ្រប់ប្រភេទក្នុងន័យរួមចំណែកអភិរក្សលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិនៃតំបន់ឧទ្យានអង្គរឲ្យភាពស្រស់ស្អាតជាប្រចាំដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកាន់តែច្រើនឡើងថែមទៀត។
អាជ្ញាធរជាតិអប្សរាមិនគិតពីតែស្ថាប័នរដ្ឋនោះទេ តែសម្រាប់ស្ថាប័នឯកជន ឬប្រជាពលរដ្ឋទូទៅ ក៏អាចស្នើសុំកូនឈើទាំងនេះទៅដាំនៅលើដីភូមិ ដីផ្ទះ ឬដីចម្ការផ្ទាល់ខ្លួនបានបំណងនៃការចែកចាយនេះ គឺដើម្បីចូលរួមការពារបរិស្ថាន និងបង្កើនគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា៕
ប្រភពអត្ថបទ៖ kampucheathmey
ដោយ៖ ដីក្រហម