ក្រសួង​វប្បធម៌ ​អនុញ្ញាត​ឱ្យ​រោង​ភាព​យន្ត​ចំនួន ​១២ ​នៅ​រាជ​ធានី​ភ្នំពេញ​បើក​ដំណើរ​ការ​ឡើង​វិញ​

សុក្រ, ០៧ សីហា ២០២០

19

ភ្នំពេញ​៖​ លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​ ៧​សីហា​នេះ​ថា​ ក្រ​សួង ​បានសម្រេច​ឲ្យ​រោងភាពយន្ត​ចំនួន​១២​ ក្នុងចំណោម​១៤ ​នៅ​រាជ​ធានី​ភ្នំពេញ​ បើក​ដំណើរការ​ឡើងវិញ​ បន្ទាប់ពី​រោង​ភាព​យន្ត​​ទាំងនោះ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​រួចមក​។

លោក​បាន​បន្តថា ​ការ​បើក​ដំណើរការ​ឡើងវិញ​នេះ​ ក្រសួង​ តម្រូវ​ឲ្យ​រោងកុន​ទាំងនោះ​ដាក់​អ្នក​ទស្សនា​បានតែ​ ៥០​ភាគរយ​ប៉ុណ្ណោះ​ នៃ​ចំនួន​កៅអី​សរុប ​និង​ត្រូវ​គោរព​ទៅតាម​វិធាន​របស់​ក្រសួង​សុខាភិបាល​ និង​ក្រសួង​វប្បធម៌​ដូចជា​ តម្រូវ​ឲ្យ​អ្នក​ចូល​ទស្សនា​ពាក់​ម៉ា​ស ​វាស់​កម្ដៅ រក្សា​គម្លាត សំអាត​អនាម័យ​ដៃ បញ្ចាំង​សារ​អប់រំ បាញ់ថ្នាំ​សម្លាប់​មេរោគ​ពេល​ចប់​រឿង​នីមួយៗ​ និង​សំអាត​បន្ទប់​ទឹក​​ឲ្យ​​មាន​អនាម័យ​ស្អាត ​ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​ ពិសេស​ជំងឺ​កូ​វីដ​-១៩​។

លោក​បាន​បន្ថែមថា​ នៅពេល​រោងភាពយន្ត​ទាំងនោះ​បើក​ដំណើរការ​នោះ​ ក្រុមការងារ​ចម្រុះ​របស់​ក្រសួង​ដែល​មាន​មន្ត្រី​ជំនាញ​មក​ពី​​ក្រសួងសុខាភិបាល ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ នឹង​ចុះទៅ​ពិនិត្យមើល​ទីតាំង​រោងកុន​ទាំងនោះ ​ដោយ​មិន​ប្រាប់​ដំណឹង​ជាមុន ​ហើយ​ក្នុ​ង​ករណី​មាន​រោងកុន​ណា​មិនបាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ទេនោះ ​រោងកុន​នោះ ​នឹងត្រូវ​ប្រឈម​នឹង​ការព្រមាន​ ឬ​ឈាន​ដល់​បិទ​ទ្វារ​មិន​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​។ ព្រោះថា​រោងកុន​ទាំងនោះ​ មុននឹង​បើក​ បាន​សន្យា​ថា​នឹង​គោរព​តាម​គោលការណ៍​ស្តង់ដារ​ប្រតិបត្តិ​របស់​ក្រសួងសុខាភិបាល​ និង​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ និង​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព​នានា ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា ​រហូតមក​ដល់ពេលនេះ​ មានតែ​រោងកុន​នៅ​ភ្នំពេញ​ទេ​ ដែល​បានដាក់​ពាក្យ​ស្នើ​សុំ​បើក​ដំណើរការ​ឡើង​វិញ​​។​ ចំណែក​រោងកុន​នៅតាម​បណ្តា​ខេត្ត​ នៅ​មិនទាន់​ដាក់ពាក្យ​ស្នើសុំ​មក​ក្រសួង​នៅឡើយ​ទេ​ ព្រោះថា​តាម​គោលការណ៍​ រោង​កុន​​ទាំង​ឡាយណា​ដែល​ចង់​បើក​ដំណើរ​ការ​ឡើងវិញ​ ត្រូវធ្វើ​ដោយ​ស្ម័គ្រចិត្ត ​និង​អនុវត្ត​ទៅតាម​គោលការណ៍​ស្តង់ដារ​ប្រតិបត្តិ​របស់​ក្រសួង​សុខាភិបាល​ និង​ក្រសួង​វប្បធម៌​។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា ​បច្ចុប្បន្ននេះ​មាន​រោងកុន​នៅ​ទូទាំងប្រទេស​មាន​ចំនួន​២២ ​ដោយមាន​បន្ទប់​បញ្ចាំង​ចំនួន​ ៩៨​បន្ទប់ ​និង​មាន​​កៅអី​ជិត​១៥០០០​។ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ ​មាន​រោងកុន​១៤​ ដោយមាន​បន្ទប់​បញ្ចាំង​ជាង​ ៧០​បន្ទប់​។​ លោក​​បាន​ប​ញ្ជា​ក់​​បន្ថែម​ថា ​រហូតមក​ដល់ពេលនេះ ​ការបិទ​រោងកុន​មាន​រយៈពេល​៥​ខែ​មកហើយ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ ដោយបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទាល់​ដល់​ម្ចាស់​រោងកុន​ និង​ជា​ប្រយោល​ទៅលើ​ផលិតករ​។

ដូចនេះ​ ការបើក​រោងកុន​ និង​រោង​សិល្បៈ​ឡើងវិញ​នេះ ​គឺ​ដើម្បី​ជួយ​សម្រាល​ការលំបាក​ផ្នែក​សេដ្ឋ​កិច្ច​ ក៏ដូចជា​ការលើកទឹកចិត្ត​ដ​ល់​​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សិល្បករ​ សិល្បការិនី​ ព្រមទាំង​ផលិតករ អាជីវករ ម្ចាស់​រោងភាពយន្ត​ និង​រោង​សម្ដែង​សិល្បៈ ​ក្នុង​បុព្វ​ហេតុ​​អភិរក្ស​ និង​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​៕​

ប្រភពអត្ថបទ៖ kampucheathmey
 

ដោយ៖ សំអឿន

ព័ត៌មាន​ទាក់ទង​

Loading...