អង្គការ ​WCS ​ប្រទះឃើញ​កូនក្រពើ​ត្រី ​ដែលជាសត្វកម្រ​ទើបនឹង​ញាស់១៥​ក្បាល ​ក្នុងបឹង​ធម្មជាតិ​ខេត្តកោះ​កុង​

ចន្ទ, ១៤ កញ្ញា ២០២០

21

ភ្នំពេញ៖​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ហៅ​កាត់​ថា​ WCS បាន​ប្រកាស​រក​ឃើញ​កូន​ក្រពើ​ត្រី (Siamese croco dile)​ ដែល​ជា​ប្រ​ភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​​លើ​ពិភពលោក កំពុង​ហែល​ក្នុង​បឹង​ធម្មជាតិ​មួយ​ ស្ថិតនៅ​ស្រុកស្រែ​អំបិល ខេត្ត​កោះកុង​។​

រូបភាព​ទាំងនេះ​ថត​បាន​ដោយ​ក្រុម​ការពារ​សំបុក​ក្រពើ​ត្រី ​នៃ​អង្គការ WCS ក្នុង​កំឡុងពេល​ចុះ​ល្បាត សហការ​ជាមួយ​រដ្ឋបាល​ជ​ល​ផល និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ខេត្ត​កោះកុង​។​

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ WCS បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ខាងលើ​បាន​ប្រទះ​ឃើញ​កូន​ក្រពើ​ត្រី​ចំនួន​១៥​ក្បា​ល ​កាលពី​សប្ដាហ៍​មុន​នេះ ដោយ​កូន​ក្រពើ​នីមួយៗ​មាន​ប្រវែង​ប្រហែល​៣០​សង់ទីម៉ែត្រ បាន​ហែល​នៅក្នុង​បឹង​ធម្មជាតិ ​ក្នុង​តំប​ន់​ដី​សើម​ ដែល​ជា​ទីជម្រក​ដ៏​សំខាន់​មួយ​របស់​ក្រពើ​មួយ​នេះ​។​

ក្រពើ​ត្រី​ ត្រូវបាន​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក​។ អ្នកវិទ្យាសាស្ត្រ​ បាន​រកឃើញ​វត្តមាន​របស់​វា​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែ​បច្ចុប្បន្ន វត្តមាន​របស់​ក្រពើ​ប្រភេទ​នេះ​ស្ទើរតែ​ផុត​ពូជ​នៅក្នុង​ប្រ​ទេ​ស​​វៀតណាម​ និង​ថៃ និង​មាននៅ​សេសសល់​តិចតួច​ក្នុង​ប្រទេស​ឡាវ និង​ឥណ្ឌូនេស៊ី​។

តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងមក វត្តមាន​ប្រភេទ​ក្រពើ​នេះ​ ប្រហែលជា ​៥ ០០០​ ក្បាល នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ចាត់ទុកថា​ជា​​ចំនួន​មួយ​ច្រើនជាង​ប្រទេស​ដទៃ​ទៀត​។​

អង្គការ WCS បាន​ចាត់ទុក​ក្រពើ​ត្រី​ កំពុង​ប្រឈម​ទៅ​នឹង​កត្តា​គំរាមកំហែង​ជាច្រើន​ដូចជា ការ​បាត់​បង់​ទីជម្រក ​ការ​ប្រមាញ់​ខុ​ស​ច្បា​ប់​លើ​ក្រពើ​ជំទង់ ការ​ប្រមូល​យក​កូន​តូច ​និង​ពង​រប​ស់​វា​ទៅ​លក់ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ក្នុង​ប្រទេស កម្ពុជា វៀតណាម និង​ថៃ​។​

តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា​ ក្រុមការងារ​បាន​កត់​សម្គាល់​ឃើញ​ថា​ ដោយសារ​ក្នុង​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់ទឹក ​បឹ​ង​​ក្នុង​តំបន់ដីសើម​នេះ​ កាន់តែ​រាក់​ទៅៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ជម្រក​រប​ស់​សត្វ​ក្រពើ​ត្រី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ ហើយ​ពួកវា​ត្រូវបាន​កត់ត្រា។ ​ក្រពើ​ត្រី​ កំពុង​ប្រឈម​ទៅ​នឹង​កត្តា​គំរាមកំហែង​ជាច្រើន​ដូចជា ​ការបាត់បង់​ទីជម្រក​ ការ​ប្រមាញ់​ខុសច្បាប់​លើ​ក្រពើ​ជំទង់ ​​ការ​ប្រមូល​យក​កូន​តូច​ និង​ពង​របស់​វា​ ទៅ​លក់​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ក្នុង​ប្រទេស​កម្ពុជា​វៀតណាម ​និង​ថៃ​។​

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​អង្គការ WCS បាន​កំពុង​អនុវត្ត​កម្មវិធី​អភិរក្ស​មួយ​ចំនួន ​ដើម្បី​ការពារ​ប្រភេទ​ក្រពើ​ត្រី​នេះ ​កុំ​ឲ្យ​ផុត​ពូ​ជ​។ ​ក្នុងនោះ​ មាន​គម្រោង​ដាក់​បញ្ចូល​ក្រុម​អតីត​អ្នក​ប្រមាញ់​ ដើម្បី​ចូលរួម​ស្វែងរក ​ការពារ​សម្បុក​នៅ​ក្នុង​ធម្មជាតិ​ តាមរយៈ​ការ​អនុ​វត្ត​​ច្បាប់​ក្រុម​ល្បាត​ចម្រុះ​​រួម​មាន ​មន្ត្រី​រដ្ឋបាល​ជលផល​ និង​សមាជិក​សហគមន៍​មូលដ្ឋាន​ បាន​ចុះ​ប្រមូល​ឧបករណ៍​នេសាទ​ខុស​ច្បា​ប់​ដែល​អាច​ទាក់​ជាប់​សត្វ​ក្រពើ​ត្រី​ ​ទប់ស្កាត់​ការបំផ្លាញ​ជម្រក​របស់​វា​ ដោយសារ​ការអប់រំ​ និង​ផ្សព្វ​ផ្សាយ​ លើកកម្ពស់​ការ​យ​ល់​ដឹង​​ក្នុង​សហគមន៍​មូលដ្ឋាន​ អំពី​ការ​អភិរក្ស​ប្រភេទ​នេះ ​ជា​ការងារ​សំខាន់​។

បើតាម​អង្គការ WCS គម្រោង​ស្នើសុំ​ឲ្យ​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​សហគមន៍​មូលដ្ឋាន​ដើម្បី​ឈាន​ទៅ​សម្រេច​ផែនការ​សកម្ម​ភា​ព​​អាទិភាព​មួយចំនួន​មានដូចជា ​ការ​បង្កើន​ជីវភាព​សហគមន៍​តាម​រយៈ​ជំនួយ​បច្ចេកទេស​វារីវប្បកម្ម​ និង​ដើម្បី​ធានា​ថា ​ពួកគាត់​មិន​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​ចូលទៅ​ក្នុង​តំបន់ដីសើម​ដែលជា​ទីជម្រក​របស់​ក្រពើ​ត្រី​នោះ​ទេ​។ សកម្មភាព​អភិរក្ស​មួ​យ​ទៀ​ត ​​​គឺ​ការ​យក​កូន​ក្រពើ ​ត្រូវ​ចិញ្ចឹម​ថែទាំ​ឲ្យ​ធំ​មុន​យក​ទៅ​លែង​ក្នុង​ធម្មជាតិ​ និង​ជួយ​ធ្វើ​ឲ្យ​ចំនួន​ក្រពើ​ត្រី​ក្នុង​ធម្មជាតិ​កើត​ឡើង​វិ​ញ​​៕​


ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សំអឿន

ព័ត៌មាន​ទាក់ទង​

Loading...