សណ្ឋាគារមួយលើកោះ Phangan បានចេញមុខសុំទោសបន្ទាប់ពីពលរដ្ឋខ្មែរមានការខឹងសម្បាយ៉ាងខ្លាំងចំពោះការប្រើប្រាស់រចនាប័ទ្មវប្បធម៌ខ្មែររួមទាំងប្រាសាទអង្គរវត្តដ៏ល្បីល្បាញផងដែរធ្វើជាការតុបតែងសណ្ឋាគារ។
សណ្ឋាគារ Le Palais បានសរសេរនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃអាទិត្យម្សិលមិញថា “យើងមានការសោកស្តាយយ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកខកចិត្តហើយយើងចង់បញ្ជាក់ពីចក្ខុវិស័យចេញពីចិត្តនិងចេតនារបស់ស្ថាបនិករបស់យើង”។
“សណ្ឋាគារ Le Palais លើកោះ Phangan គឺត្រូវបានបំផុសគំនិតដោយភាពអស្ចារ្យនៃប្រាសាទអង្គរវត្តដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជាគឺជាមាតុភូមិនៃស្ថាបនិករបស់យើងហើយតែងតែជាកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់គាត់។ ថៃគឺជាផ្ទះទី២ ដែលគាត់បានរកឃើញសន្តិភាពផ្លូវចិត្តនៅក្នុងទឹកដីនៃស្នាមញញឹម”។
“យើងបានបើកដំណើរការសណ្ឋាគារនេះដើម្បីជាការកោតសរសើរ អំណរគុណនិងភាពងប់ងុលចំពោះសិល្បៈដ៏អស្ចារ្យ។ សំណង់និងការតុបតែងនៅទីនេះគឺធ្វើឡើងដោយដៃនិងចេញពីបេះដូងរបស់ក្រុមការងារថៃនិងកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ ភាពអស្ចារ្យនឹងនៅតែស្ថិតលើប្រាសាទអង្គរវត្តដ៏មហស្ចារ្យនិងមិនមានអ្វីប្រៀបធៀបបានឡើយ”។
អ្នកលេងបណ្តាញសង្គមកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានរិះគន់សណ្ឋាគារថៃនេះដោយស្តីបន្ទោសថា សណ្ឋាគារលើកោះ Phangan បានបង្ហាញវប្បធម៌និងសញ្ញាណសម្គាល់ទឹកដីខ្មែររួមទាំងតំបន់ប្រាសាទអង្គរវត្តដ៏ល្បីល្បាញផងដែរសម្រាប់គោលបំណងពាណិជ្ជកម្ម។
ឆ្លើយតបទៅនឹងកំហឹងនេះ ការិយាល័យវប្បធម៌ខេត្ត Surat Thani បាននិយាយកាលពីម្សិលមិញថា ខ្លួនបានបើកការស៊ើបអង្កេតមួយទៅលើការចោទប្រកាន់ពីភាពមិនសមរម្យខាងវប្បធម៌របស់សណ្ឋាគារដែលមានទីតាំងស្ថិតនៅលើឆ្នេរ Haad Rin មួយនេះ។
សណ្ឋាគារ Le Palais មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមបានទេប៉ុន្តែកាសែត Bangkok Post បានរាយការណ៍ថា សណ្ឋាគារនេះត្រូវបិទទ្វារដោយសារជំងឺកូវីដ១៩។ សណ្ឋាគារនេះគឺជាកម្មសិទ្ធិរបស់ប្តីប្រពន្ធជនជាតិខ្មែរមួយគូ ប៉ុន្តែប្តីទទួលបានសញ្ជាតិបារាំងនិងជាម្ចាស់ភាគហ៊ុនថៃ។
លោក Vichai Khongmun ប្រធានសមាគមទេសចរណ៍កោះ Phangan បាននិយាយថា សណ្ឋាគារដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០១៤មួយនេះគឺគោរពតាមបទប្បញ្ញត្តិសាងសង់ត្រឹមត្រូវ៕
អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey
ដោយ៖ វណ្ណវណ្ណ